ខេត្តរតនគិរី ៖ ទីបំផុត ក្នុងរយៈពេលជាង១ម៉ោងក្រោយមក ខ្មាន់កាំភ្លើងដែលបានបាញ់សម្លាប់ជន
រងគ្រោះនៅកណ្ដាលក្រុងបានលុង ក្នុងហាងកាហ្វេមួយកន្លែង និងបង្កឲ្យមានការភ្ញាក់ផ្អើលភ័យរន្ធត់និងតក់ស្លុតយ៉ាងខ្លាំងនោះ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ ។ ការពិតការបាញ់សម្លាប់គ្នានេះ គឺទាំងជនដៃ
ដល់និងជនរងគ្រោះជាមន្ត្រីនគរបាលដូចគ្នា ហើយក៏ជាមិត្តភក្តិនឹងគ្នាទៀតផង ។
ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ យិន ចំណាន បានប្រាប់កោះសន្តិភាពថា ជនដៃដល់ត្រូវបានកម្លាំងនគរបាលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ផែន ឌីណា ស្នងការរងនគរបាលខេត្តទទួលផែនព្រហ្មទណ្ឌចាប់ខ្លួនបាន នាវេលាម៉ោងប្រមាណ១០និង៤៥នាទីព្រឹកថ្ងៃទី៣ ខែតុលា នៅចំណុចផែទី៤រមណីយដ្ឋានបឹងយក្សឡោម ក្រុងបានលុង ពោលគឺក្រោយធ្វើសកម្មភាពជាង១ម៉ោង ។ ជាមួយនឹងការចាប់ឃាត់ខ្លួននេះ សមត្ថកិច្ចបានដកហូតរថយន្ដដែលបើកទៅធ្វើសកម្មភាពមួយគ្រឿងម៉ាកនីស្សាន់ ណាវ៉ារ៉ា ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ២N-៥០១១ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ជនដៃដល់ឈ្មោះ នួន មករា អាយុ៣១ឆ្នាំ ជាមន្ដ្រីនគរបាលនៅការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្ត ។ ចំណែកជនរងគ្រោះឈ្មោះ ផន ទុំ អាយុ៣០ឆ្នាំ មានតួនាទីជានាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត ។ លោក ផន ទុំ ត្រូវបានបាញ់សម្លាប់ពេលកំពុងអង្គុយផឹកកាហ្វេនៅក្នុងហាងថៅកែយួនមួយកន្លែងក្បែរភោជនីយដ្ឋានផ្សារម្លិះ៧៧ ក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង កាលពីវេលាម៉ោងប្រមាណ៩និង២០នាទីព្រឹកថ្ងៃទី៣ ខែតុលា ត្រូវមួយគ្រាប់ចំក្បាល ។
ទាំងសាក្សីនិងសមត្ថកិច្ចសុទ្ធតែអះអាងដូចគ្នាថា ជនរងគ្រោះស្លាប់នៅកន្លែងកើតហេតុនោះ ។ ប៉ុន្ដែក្រុមគ្រួសាររបស់ជនរងគ្រោះដែលបានធ្វើដំណើរទៅដល់កន្លែងកើតហេតុមិនអស់ចិត្តឡើយ និងបានដឹកជនរងគ្រោះទៅមន្ទីរពេទ្យនៅប្រទេសវៀតណាមដើម្បីសង្គ្រោះ ។
ប្រភពព័ត៌មានបន្តថា ក្រោយកើតហេតុជាង១ម៉ោង ជនដៃដល់ត្រូវនគរបាលខេត្តចាប់ខ្លួនបាន គឺនៅវេលាម៉ោងប្រមាណ១០និង៤៥នាទីនាព្រឹកថ្ងៃដដែល នៅចំណុចផែកម្សាន្តរមណីយដ្ឋានបឹងយក្សឡោម ក្រុងបានលុង ព្រមទាំងដកហូតបានកាំភ្លើងខ្លីមួយដើមនិងរថយន្តមួយគ្រឿង ។
បន្ទាប់ពីចាប់ខ្លួននិងបណ្តើរឡើងពីផែបឹងយក្សឡោម ឈ្មោះ នួន មករា និយាយថា បើខ្លួនរត់មិនមកទីនេះទេ ព្រោះមានចេតនាបាញ់សម្លាប់ខ្លួនលើផែនេះ តែចិត្តមិនដាច់ខ្លាចម្តាយស្រែកយំ ។ នួន មករា និយាយថា ខ្លួនគ្មានបញ្ហាជាមួយនរណាទេ ក្រៅពី ផន ទុំ ។
ចំពោះមូលហេតុនៃការបាញ់សម្លាប់គ្នាផ្អើលពេញក្រុងបានលុងនេះ សមត្ថកិច្ចបានត្រឹមកំណត់ថា គឺជារឿងគំនុំផ្ទាល់ខ្លួន ។ មានការកត់សម្គាល់ផងដែរ ពីការបង្ហោះសារតាមហ្វេសប៊ុករបស់ឈ្មោះ នួន មករា ដែលបានធ្វើការព្រមានបុគ្គលម្នាក់ដោយមិនបញ្ចេញឈ្មោះ គឺជាកំហឹងមួយមុនពេលឈានដល់ការបាញ់សម្លាប់នេះ ។
ប្រភពនៅកន្លែងកើតហេតុមុខហាងកាហ្វេដែលមានថៅកែជាស្ត្រីវៀតណាមដ៏ស្រស់ស្អាតនោះ មានខ្លះនិយាយថា គេបានឃើញរថយន្តមួយគ្រឿងជិះគ្នា៣ទៅ៤នាក់ មកឈប់មុខហាងកាហ្វេខាងលើ រួចមានម្នាក់ពាក់អាវយឺតពណ៌ត្រេអុី ចុះដើរតម្រង់មកជនរងគ្រោះរួចដកកាំភ្លើងបាញ់ក្បាលចំសៀតផ្កាធ្លាយទៅម្ខាងស្លាប់ក្នុងថ្លុកឈាមភ្លាមៗតែម្តង រួចហើយរត់ឡើងរថយន្តបើកគេចខ្លួនបាត់ទៅ ។
ក្រោយពីចាប់ខ្លួន ខ្មាន់កាំភ្លើងដែលបានបាញ់ប្រហារជនរងគ្រោះនោះ ក៏ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនរួមជាមួយវត្ថុតាងទៅសាលាដំបូងខេត្ត ។ ជនរងគ្រោះគឺលោក ផន ទុំ ធ្លាប់ជាអតីតនាយប៉ុស្តិ៍ឡាបានសៀក ដែលបានផ្ទេរភារកិច្ចមកជានាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានប្រមាណជិត១ឆ្នាំហើយ ឯឈ្មោះ នួន មករា ក៏ផ្ទេរមកពីវរៈការពារព្រំដែនដែរ ៕
ចែករំលែកព័តមាននេះ