ដឹង​អត់! ខេត្តកំពង់ឆ្នាំង​មាន​ភ្នំ​ប៉ុន្មាន ? ភ្នំ​ណាខ្លះ​មាន​ប្រវត្តិ​ពាក់ព័ន្ធ​រឿងព្រេង


ខេត្តកំពង់ឆ្នាំង ៖ សម្រាប់​ខេត្តកំពង់ឆ្នាំង មានស្រុក​-​ក្រុង​ចំនួន​៨ ។ ក្រៅពី​ស្រុក​កំពង់ត្រឡាច ស្រុក​បរិបូណ៌ និង​ក្រុង​កំពង់ឆ្នាំង​សុទ្ធតែ​ជា​ស្រុក​ដែល​ពេញ​ទៅ​ដោយ​ភ្នំ មាន​ភ្នំ​ជា​ច្រើន​រាប់​មិន​អស់ ប៉ុន្តែ​ភ្នំ​ខ្លះ​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់ ភ្នំ​ខ្លះ​ស្គាល់​ត្រឹមតែ​ស្រពិចស្រពិល ហើយ​ភ្នំ​ខ្លះ​ទៀត​បាន​ជាប់​ជា​ប្រវត្តិ​រឿងព្រេង និង​ខ្លះ​ជាប់​ជា​ប្រវត្តិសាស្ត្រ ។ ចំណែក​ខ្លះ​ទៀត​គ្រាន់តែ​ជា​ភ្នំ​ធម្មតា ត្រូវ​បាន​គេ​កំពុង​កាប់​គាស់​កាយ​យក​ថ្ម​ជាដើម ។ ដើម្បី​ជា​ការ​កែ​កម្សាន្ត និង​ជា​ការ​យល់​ដឹង​ខ្លះ​ៗ​ពី​ប្រវត្តិ​ភ្នំ​មួយ​ចំនួន​របស់​ខេត្តកំពង់ឆ្នាំង ។

ថ្ងៃនេះ​កោះសន្តិភាព​សូម​លើក​ឈ្មោះ​ភ្នំ​មួយ​ចំនួន​ដែល​ភ្នាក់ងារ​យើង​បាន​ស្រាវជ្រាវ ហើយក៍​សូម​អភ័យទោស​ផង​ដែរ ចំពោះ​ការ​រៀបរាប់​មិន​អស់​ឈ្មោះ​ភ្នំ​ព្រោះតែ​ខេត្តកំពង់ឆ្នាំង​មាន​ភ្នំ​ច្រើន​ពេក មាន​ភ្នំ​ច្រើន​ជាង​ខេត្ត​ដ៏​ទៃ​ទៀត ស្គាល់​មិន​អស់​ទេ ។

ភ្នំ​ក្នុងស្រុក​កំពង់លែង ៖ ភ្នំ​ដែល​លេចធ្លោ​ជាងគេ​គឺ​ភ្នំ​ក​ង្រី ភ្នំ​នេះ​ស្ទើរ​គ្រប់​គ្នា​បាន​ស្គាល់​យ៉ាង​ច្បាស់​​ថា​ជា​ភ្នំ​បាន​ជាប់​ជា​ប្រវត្តិ​រឿងព្រេង​និទាន ក្នុង​រឿង​ពុទ្ធិ​សែន​នាង​ក​ង្រី ។ ភ្នំ​នេះ​លាតសន្ធឹង​ធំ​និង​វែង ស្ថិត​ក្នុងភូមិ​ឃុំ​ចំនួន​ពីរ គឺ​ភូមិ​ត្របែក ឃុំ​ត្រងិល និង​ភូមិ​សំរោង ឃុំ​ពោធិ៍ ។

មានរឿង​ព្រេង​និទាន​សង្ខេប​ខ្លី​ថា កាល​ចៅ​ពុទ្ធិ​សែន កូន​របស់​នាង​១២ ត្រូវ​បាន​យក្ខិនី ឈ្មោះ​ស​ន្ឋិ​មា ប្រើ​ឱ្យ​យកសារ​ទៅ​ឱ្យ​នាង​ក​ង្រី ជា​កូន​យក្ស​ស​ន្ឋិ​មា ដែល​ក្នុង​សារ​នោះ មាន​ខ្លឹមសារ​ថា «ទៅ​ដល់​យប់​ឱ្យ​សម្លាប់​ទាំង​យប់ ដល់​ថ្ងៃ​ឱ្យ​សម្លាប់​ទាំង​ថ្ងៃ​) គឺ​គោលបំណង​ឱ្យ​នាង​ក​ង្រី​សម្លាប់​ចៅ​ពុទ្ធិ​សែន ។

ប៉ុន្តែ​នៅ​តាម​ផ្លូវ គ្រា​ដែល​អស់កម្លាំង​ពេក ចៅ​ពុទ្ធិ​សែន​បាន​សម្រាក​លង់លក់ ពេល​នោះ​មាន​តា​ឥស្សី បាន​យល់​ពី​ខ្លឹមសារ​ក្នុង​សារ​ដែល​ប៉ង​សម្លាប់​ចៅ​ពុទ្ធិ​សែន ក៏​និមិត្ត​កែ​ខ្លឹមសារ​ក្នុង​សារ​នោះ​ថា «​ទៅ​ដល់​យប់​ឱ្យ​រៀប​ការ​ទាំង​យប់ ដល់​ថ្ងៃ​ឱ្យ​រៀប​ការ​ទាំង​ថ្ងៃ​» ។

លុះ​ពេល​ចៅ​ពុទ្ធិ​សែន ទៅ​ដល់​នគរ​យក្ស​ជួប​នាង​ក​ង្រី នាង​បានដឹង​ខ្លឹមសារ​ម្តាយ​ឱ្យ​ចៅ​ពុ​ទ្ឋិ​សែន មក​រៀប​ការ​ជាមួយ​ខ្លួន ក៏​រៀបចំ​មង្គលការ​ចៅ​ពុទ្ធិ​សែន និង​នាង​ក​ង្រី ។ ចៅ​ពុទ្ធិ​សែន​ក្រោយ​ពេល​ដឹង​ពី​អាថ៌​កំបាំង កន្លែង​លាក់​ទុក​គ្រាប់ភ្នែក​ម្តាយ​នាង​១២ និង​វត្ថុ​ទិព្វ​ផ្សេង​ៗ​អស់ហើយ ក៏​លួច​រត់​យក​របស់​ទាំងនោះ​វិល​ត្រឡប់​ចូល​នគរ​វិញ ដើម្បី​មក​ជួយ​សង្គ្រោះ​ម្តាយ នាង​១២ ប៉ុន្តែ​នៅ​តាម​ផ្លូវ នាង​ក​ង្រី​បានដឹង​ក៏​ប្រឹង​រត់​តាម​ប្តី ។

ពេល​នោះ​ចៅ​ពុទ្ធិ​សែន​មិន​អាច​មក​ជួប​នាង​បាន ព្រោះតែ​ភារកិច្ច​យ៉ាង​ធំ​គឺ​យក​គ្រាប់ភ្នែក​ម្តាយ នាង​១២ ទៅ​ដាក់​ឱ្យ​ម្តាយ​វិញ ក៏​បោះ​វត្ថុ​ទិព្វ ឱ្យ​ដី​ប្រេះ​ក្រហែង ក្លាយជា​ទន្លេ បឹងបួរ​រាំងផ្លូវ​ដល់​សព្វថ្ងៃ ។ ចំណែក​នាង​ក​ង្រី ដោយសារ​ស្រឡាញ់​ចៅ​ពុទ្ធិ​សែន ខ្លាំង​ពេក បាន​រត់​មក​ដេក​ដួល​ស្លាប់ ក្លាយជា​ភ្នំ​ក​ង្រី​ដល់​សព្វថ្ងៃ​។ នៅ​មានឈ្មោះ​ភូមិ​ឃុំ​ខ្លះ​ជាប់​ពាក់ព័ន្ធ​នឹង​ប្រវត្តិក​ង្រី​នេះ​ដែរ ដូច​ជា​ឃុំ «​កំពង់​ហៅ​» ស្រុក «​កំពង់លែង​»​ជាដើម ។

ភ្នំ​ច្រក​បាក់​ដាវ ភ្នំ​នេះ​ត​ភ្ជាប់​ជាមួយ​ភ្នំ​ក​ង្រី​ដែរ ហើយ​ភ្នំ​នេះ​ក៏​ជាប់​ពាក់ព័ន្ធ​រឿង​ប្រវត្តិសាស្ត្រ​ផង​ដែរ គឺ​កាល​ជំនាន់​ស្តេច តេ​ជោ​មាស តេ​ជោ​យ៉​ត ច្បាំង​ជាមួយ​ស្តេច​សម្រែ​។ ដោយ​កាល​ណោះ បន្ទាប់​ពី​ច្បាំង​ចប់​ជាមួយ​ក្រុម​បច្ចាមិត្ត​ហើយ​ក៏​កើតសង្គ្រាម​ផ្ទៃក្នុង ។ ដោយ​កាល​ណោះ ស្តេច​សម្រែ ក្រោយ​ពី​រៀន​មន្តអាគម​នៅ​ភ្នំ​ទូក​មាស​បាន​សម្រេច ដោយ​កាប់​មិន​មុត ដុត​មិន​ឆេះ​ហើយ ក៏​ចង់​ធ្វើ​តំបន់​អាគម តាំងខ្លួន​ជា​មេ​នៅ​ស្រុក​កំពង់លែង​។

ចំណែក​តេ​ជោ​មាស នៅ​ខេត្តកំពង់ធំ បាន​លើកទ័ព​មក​ច្បាំង​ជាមួយ​ស្តេច​សម្រែ​បណ្តាល​ឱ្យ​បាក់​ថែវ​ដាវ (​មាន​ច្រក​បាក់​ថែវ នៅ​ពី​ខាងកើត​ច្រក​បាក់​ដាវ​) ហើយ​ស្តេច​សម្រែ តាម​កាប់​ដល់​ចំណុច​នោះ បណ្តាល​ឱ្យ​បាក់​ដាវ ក៏​បាន​រង​របួស​នៅ​ទីនោះ ទើប​ជាប់​ឈ្មោះ​ជា «​ច្រក​បាក់​ដាវ​»​រហូត​មក ។ នៅ​ជិត​នោះ​ក៏​មាន​ភ្នំ​មួយ​ទៀត គឺ​ភ្នំ​ច្រក​ស្តេច ។

ភ្នំ​ទូក​មាស គឺជា​ភ្នំ​យ៉ាង​ធំ​លាតសន្ធឹង ស្ទើរ​មួយ​ស្រុក​កំពង់លែង​តែ​ម្តង ។ ភ្នំ​មួយ​នេះ​ប្រជាពលរដ្ឋ​រស់នៅ​មួយ​ជុំ​ភ្នំ ដោយ​មាន​ផ្លូវ​ព័ទ្ធ​ជុំវិញ​ដែល​មាន​ចម្ងាយ​ជាង​៤០​គីឡូម៉ែត្រ​។ មិន​មាន​ប្រវត្តិ​ពី​ឈ្មោះ​ភ្នំ​នេះ​ទេ តែ​បានដឹង​ថា ភ្នំ​នេះ​ស្ថិត​ក្នុង​ឃុំ​ពោធិ៍ ឃុំ​ច្រ​ណូ​ក និង​ឃុំ​ត្រងិល ។

ភ្នំ​ពណ្ណរាយ គឺជា​ភ្នំ​មួយ​ជាប់​ជា​ប្រវត្តិសាស្ត្រ ដោយសារ​ភ្នំ​នេះ ត្រូវ​បាន​ស្តេច​ជំនាន់​ដើម កសាង​ប្រាសាទ​នៅ​លើ​កំពូលភ្នំ ក្នុង​ចន្លោះ​សតវត្ស​ទី​៨​និង​ទី​៩​មុន​អង្គរ ជាប់​រហូត​ដល់​សព្វថ្ងៃ ។ ភ្នំ​នេះ​ស្ថិត​ក្នុងភូមិ​ឯលិច ឃុំ​ច្រ​ណូ​ក ។

ថ្វី​ដ្បិតថា ភ្នំ​នេះ​មាន​ប្រសាទ​បុរាណ នៅ​លើ​កំពូលភ្នំ​ក៏​ពិតមែន ប៉ុន្តែ​ភ្នំ​មួយ​នេះ មិន​មាន​ភ្ញៀវ​ទេស​ចរ​ទៅ​កម្សាន្ត​ប៉ុន្មាន​ឡើយ ក្នុង​មួយ​ឆ្នាំ​ទើប​ប្រជាពលរដ្ឋ​បាន​ឡើង​ធ្វើបុណ្យ​លើ​ភ្នំ​នេះ​ម្តង ។ តាម​ពិត​ភ្នំ​មួយ​នេះ មានឈ្មោះ​ដើម គឺ​ភ្នំ​ធ្វើបុណ្យ ប៉ុន្តែ​ដោយសារ​ភ្នំ​នេះ បាន​កសាង​ប្រាសាទ​ពណ្ណ​រាយ​​នៅ​លើ​កំពូល ទើប​ក្លាយជា​ភ្នំ​ពណ្ណរាយ​វិញ ។

ភ្នំ​មួយទៀត​ដែល​នៅ​ដាច់​ស្រយាល​ពី​គេឯង និង​ជាប់មាត់​ទន្លេ​ផង​នោះ គឺ​ភ្នំ​ទេពី ស្ថិត​ក្នុងភូមិ​កំពង់​​បឹង ឃុំ​កំពង់​ហៅ ។ មិន​មាន​ឯកសារ​ពាក់ព័ន្ធ​ភ្នំ​នេះ​ទេ តែ​ខ្លះ​បាន​និយាយ​ថា ភ្នំ​នេះ ពាក់ព័ន្ធ​រឿង​ប្រវត្តិសាស្ត្រ​ដែរ កាល​ស្តេច​ជំនាន់​ដើម​ដោយ​បញ្ជាក់​ថា ឈ្មោះ​ភ្នំ​នេះ​គឺ​ភ្នំ​លាក់​គម្ពីរ​ក្រោយ​មក​ក៏​កម្លា​យ​ជា​ភ្នំ​ទេពី​វិញ ។

ដោយឡែក​ភ្នំ​កង្កែប គឺជា​ភ្នំ​មួយ​ស្ថិត​ក្នុងភូមិ​កង្កែប ឃុំ​ច្រ​ណូ​ក ។ ភ្នំ​នេះ​មិន​មាន​ប្រ​វត្ត​អ្វី​នោះ​ទេ ប៉ុន្តែ​បើ​យើង​មើល​ពី​ខាង​កើតមក មាន​ថ្ម​មួយ​ដុំ​យ៉ាង​ធំ​ដុះ​នៅ​លើ​កំពូល​ខ្ពស់ រាង​ដូច​កង្កែប អង្គុយ​អើត​ក្បាល គ្រាន់តែ​ផត​ថ្ពាល់​បន្តិច ។ ពាក់ព័ន្ធ​ដល់​ផត​ថ្ពាល់​កង្កែប​នេះ​ដែរ ត្រូវ​បាន​អ្នកស្រុក​តំណាល​ត​គ្នា​ថា កាលពី​សម័យ​សៀម​ឈ្លានពាន​ប្រទេស​កម្ពុជា សៀម​បាន​គាស់​យក​ប៉ា​រ៉​ត នៅ​ចំណុច​ថ្ពាល់​កង្កែប​នោះ ទើបបាន​កង្កែប​ផត​ថ្ពាល់​បែប​នេះ ។

ភ្នំ​ក្នុងស្រុក​រលាប្អៀរ ៖ ភ្នំ​ដែល​គេ​គ្រប់​គ្នា​ស្គាល់​យ៉ាង​ច្បាស់​នោះ​គឺ ភ្នំ​ក្រាំង​ដី​មាស ភ្នំ​នេះ​ស្ថិត​នៅ​ឃុំ​ស្រែ​ថ្មី លាតសន្ធឹង​ជាប់​ផ្លូច​ជាតិ​លេខ​៥ ។ ហេតុនេះ​ហើយ​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៥ ចម្ងាយ​ប្រមាណ តែ​២​គីឡូម៉ែត្រ​ពី​ទី​រូ​ម​ខេត្ត គឺ​ពិតជា​បានឃើញ​ទេសភាព​ត្រ​កុំ​ត្រកាល​នៃ​ភ្នំ​នេះ​ជាក់​ជា​ពុំខាន ។ ភ្នំ​នេះ​មិន​មាន​ជាប់​ប្រវត្តិ​រឿងព្រេង ឬ​ប្រវត្តិសាស្ត្រ​អ្វី​នោះ​ទេ ប៉ុន្តែ​ភ្នំ​នេះ​ត្រូវ​ប្រជា​ពលរដ្ឋ​កាប់​គាស់​យក​ដី​មក​ផលិត​ជា​ក្អម ឆ្នាំង និង​ធ្វើ​ជា​វត្ថុ​អនុស្សាវរីយ៍​ជាដើម​។

ពាក់ព័ន្ធ​នឹង​ឈ្មោះ​ភ្នំ​ក្រាំង​ដី​មាស​នេះ​ដែរ គឺ​បើ​តាម​ចាស់​តំណាល​ត​គ្នា​ថា នៅ​ពេល​ដែល​ប្រជា​ពលរដ្ឋ​យក​ដី​មក​ដុត​ធ្វើ​ក្អម ឆ្នាំង និង​ឃើញ​មាន​ពន្លឺ​ចាំង​ផ្លេក​ៗ ដូច​មាស​ជាប់​និង​ក្អមឆ្នាំង ហេតុ​នេះ​ហើយ​ទើប​មានឈ្មោះ​ភ្នំ​ក្រាំង​ដី​មាស​រហូត​មក ។

ម្យ៉ាងវិញទៀត ប្រជាពលរដ្ឋ​បាន​សង្ស័យ​ថា ភ្នំ​នេះ មាន​រ៉ែ​មាស​ទៀត​ផង ។ បើ​តាម​ចៅអធិការ​វត្ត​ធម្ម​វ័ន​ចាស់ ដែល​មាន​ទីតាំង​លើ​ចង្កេះភ្នំ​មួយ​នេះ​បាន​បង្ហាញ​ថ្ម​ធំ​ៗ ដែល​មាន​ដាន​ស្នាម​ពណ៌​មាស ដោយ​លោក​មាន​ថេរ​ដីកា​ថា គឺជា​ខ្យែ​រ៉ែ​មាស តែ​នៅ​ខ្ចី ពុំ​មានការ​សិក្សា​ស្រាវជ្រាវ​ណាមួយ​ពី​រ៉ែ​មាស​នៅ​ភ្នំ​នេះ​ទេ ។

ភ្នំ​សន្ទូច ភ្នំ​ត្រោក និង​ភ្នំ​អាចម៍​ត្រី ភ្នំ​ទាំង​៣ មានរឿង​និទាន​ជាប់​គ្នា ភ្នំ​នេះ​ស្ថិត​ក្នុង​ឃុំ​ស្រែ​ថ្មី​។ ភ្នំ​សន្ទូច គឺជា​ភ្នំ​មួយ​ដែល​នៅ​ចម្ងាយ​តែ​ជាង​១​គីឡូម៉ែត្រ​ពី​ខាងលិច​ទីរួមខេត្ត​កំពង់ឆ្នាំង ហើយ​ក៏​ជា​ភ្នំ​មួយ​ត្រូវ​បាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ដាក់​ជា​រមណី​ដ្ឋា​ន​ទេសចរណ៍​ផង​ដែរ ។

បច្ចុប្បន្ន​ពេល​មា​បុណ្យ​ទាន​ផ្សេង​ៗ មាន​ភ្ញៀវ​ទេសចរ​ទៅ​លេង​កម្សាន្ត​នៅ​ភ្នំ​មួយ​នេះ​ជា​ច្រើន ព្រោះ​លើ​ភ្នំ​នេះ​មាន​រៀបចំ​ទីកន្លែង​កម្សាន្ត​ច្រើន​កន្លែង និង​នៅ​ជើងភ្នំ​មាន​វត្ត​មួយ​ឈ្មោះ វត្ត​ភ្នំ​សន្ទូច​ផង​ដែរ​។ ភ្នំ​សន្ទូច គឺជា​ភ្នំ​មួយ​ដែល​ជាប់​ពាក់ព័ន្ធ​ដល់​ប្រវត្តិ​រឿងព្រេង រវាង​ភ្នំ​ទាំង​៣​ខាងលើ​នេះ ។

ដោយ​មានរឿង​ដំណាល​ថា កាល​ដើម​ឡើយ ផ្ទៃដី​ស្រុក​ខ្មែរ​សំបូរ​ដោយ​ទឹកធំ​ល្វឹងល្វើយ មិនសូវ​មាន​ដី​ប៉ុន្មាន​ទេ ។ កាល​ណោះ​មាន​បុរស​ម្នាក់​ឈ្មោះ​តា​ព្រេង បាន​អង្គុយ​ស្ទូចត្រី​ពី​ចំណុច​ភ្នំ​សន្ទូច ធ្លាក់​ទៅ​ទន្លេសាប ។ តំណ​រត​មក​នៅ​ទីកន្លែង​ដែល​តា​ព្រេង​អង្គុយ​ស្ទូចត្រី​ក៏​ក្លាយជា​ភ្នំ​មួយ​គឺ​ភ្នំ​សន្ទូច​។

ពេល​ស្ទូចត្រី​បាន​តា​ព្រេង​បាន​យក​ត្រី​ដាក់​ក្នុង​ត្រក ក្រោយមក​ក៏​ក្លាយជា​ភ្នំ​មួយ ឈ្មោះ​ភ្នំ​ត្រក តែ​ក្រោយមក​ក៏​ក្លាយជា​ឈ្មោះ​ភ្នំ​ត្រោក​វិញ ។ ចំណែក​លើ​ភ្នំ​សន្ទូច​ក៏​មាន​ថ្ម​មួយ​ផ្ទាំង​ក្រហូង​បែក​ជា​ពីរ​ដូច​ស្នាម​គូទ​មនុស្ស គឺជា​កន្លែង​តា​ព្រេង​ដួល​អុកគូទ ។

នៅ​មិន​ឆ្ងាយ​ពី​ទីនោះ​មានកូន​ភ្នំ​មួយទៀត ដែល​តូច​ជាងគេ​គឺ​ភ្នំ​អាចម៍​ត្រី គឺ​ពេល​តា​ព្រេង​បាន​ត្រី​យក​ទៅ​វះ​នៅ​ទីនោះ​កើតជា​ភ្នំ​មួយ​ឈ្មោះ​ភ្នំ​អាចម៍​ត្រី ។ ឈ្មោះ​ភ្នំ​ខាងលើ ក៏​បាន​ជាប់​ក្លាយជា​ឈ្មោះ​ភូមិ​ដល់​សព្វថ្ងៃ ដូច​ជា​ភូមិ​សន្ទូច ភូមិ​ត្រោក លើកលែងតែ​ភ្នំ​អាចម៍​ត្រី មិន​មាន​ជាប់​ឈ្មោះ​ភូមិ​នឹង​គេ​ទេ ។

ភ្នំ​តា​បាំង គឺជា​ភ្នំ​មួយ​ស្ថិត​ក្នុង ឃុំ​ក្រាំង​លាវ ស្រុក​រលាប្អៀរ ។ ភ្នំ​មួយ​នេះ​បាន​ជាប់​ពាក់ព័ន្ធ​ដល់​ប្រវត្តិសាស្ត្រ រវាង​ចម្បាំង​ខ្មែរ និង​ទ័ព​សៀម​ចូល​ឈ្លានពាន​ផង​ដែរ ។

លោក កែ រិ​ន មេឃុំ​ក្រាំង​លាវ បាន​រៀបរាប់​ពី​ប្រវត្តិ​ឈ្មោះ​ភ្នំ​នេះ​ថា មូលហេតុ​ដែល​មានឈ្មោះ​ភ្នំ​តា​បាំង ក៏​ដោយសារ​កាល​សៀម​ចូល​ឈ្លានពាន​ប្រទេស​កម្ពុជា ជំនាន់​ស្តេច​អង្គឌួង ភ្នំ​នេះ​ត្រូវ​បាន​គេ​ព័ទ្ធសីមា​ការពារ មិន​អាច​មើលឃើញ​កងទ័ព​របស់​ខ្មែរ​ឡើយ គឺ​បាំងបិទ​គ្រប់​ជ្រុង​នៃ​ភ្នំ ។ មិនតែប៉ុណ្ណោះ​ភ្នំ​នេះ​សព្វថ្ងៃ​មើល​ពី​ទិស​ខាង​ណា ក៏​ដូច​ខាង​ណា​ដែរ គឺ​ដូច​ៗ​គ្នា ។

ភ្នំ​នេះ​ជា​កន្លែង​ប្រមូលផ្តុំ​កងទ័ព​ខ្មែរ ទាំង​ទ័ព​ដំរី ទ័ព​សេះ និង​ទ័ពថ្មើរជើង​។ ដោយសារ​បារមី​សីមា ដែល​គេ​ព័ទ្ធ​នេះ​ហើយ​ទើប​ទ័ព​បច្ចាមិត្ត​មិន​អាច​មើលឃើញ​កងទ័ព​ខ្មែរ​បាន តំណ​រត​មក​ភ្នំ​នេះ​បាន​ក្លែង​ជា​ឈ្មោះ​ភ្នំ​តា​បាំង ដល់​សព្វថ្ងៃ ។

លើស​ពី​នេះ​ទៀត​សូ​ម្បី​សម័យ​ក្រោម​អាណានិគម​បារាំង ក៏​យន្តហោះ​មិន​ហ៊ាន​ហោះ​រំលង​ភ្នំ​នេះ​ដែរ ។ នៅ​មិន​ឆ្ងាយ​ពី​ភ្នំ​នោះ ក៏​មាន​ភ្នំ​ច្រើន​ទៀត ដូច​ជា​ភ្នំ​ដំរី​រមៀល ។ ភ្នំ​នេះ​ជា​កន្លែង​ប្រមូលផ្តុំ​កងទ័ព​ដំរី​បោះទីតាំង ដែល​ជា​សាខារ​បស់ទ័ព​នៅ​ភ្នំ​តា​បាំង ។ (​រង់ចាំ​ភាគ​បន្ត​នៅ​លើក​ក្រោយ​) (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ