ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាការិនី អួន ច័ន្ទ​ភ​ត្រា នឹង​ធ្វើ​ឱ្យ​ពិភព​លោក​ស្គាល់​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា​កាន់តែ​ខ្លាំង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កន្លង​មក បើ​ទោះជា កម្ពុជា​មាន​កីឡា​ទ្រី​យ៉ា​​​ត្លុង​ជា​យូរ​មក​ហើយ​ក៏​ដោយ ក៏​វិញ្ញាសា​មួយ​នេះ​ហាក់​មិនសូវ​មានការ​ចាប់អារម្មណ៍​ប៉ុន្មាន​ទេ ។ អ៊ីចឹ​ង​ហើយ ទើប​វត្តមាន​កីឡា​ការិនី​ជម្រើសជាតិ​ទ្រី​យ៉ា​ត្លុង អួន…

រាជធានី​ភ្នំពេញ ៖ កន្លង​មក បើ​ទោះជា កម្ពុជា​មាន​កីឡា​ទ្រី​យ៉ា​​​ត្លុង​ជា​យូរ​មក​ហើយ​ក៏​ដោយ ក៏​វិញ្ញាសា​មួយ​នេះ​ហាក់​មិនសូវ​មានការ​ចាប់អារម្មណ៍​ប៉ុន្មាន​ទេ ។ អ៊ីចឹ​ង​ហើយ ទើប​វត្តមាន​កីឡា​ការិនី​ជម្រើសជាតិ​ទ្រី​យ៉ា​ត្លុង អួន ច័ន្ទ​ភ​ត្រា ដែល​កំពុង​ហ្វឹកហាត់​បង្កើន​សមត្ថភាព ហើយ​ត្រៀម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម នៅ​ប្រទេស​ហ្វ៊ី​លី​ពី​ន​ឆ្នាំ​នេះ ត្រូវ​បាន​គេ​ចាប់អារម្មណ៍​ថា នឹង​កាន់តែ​ជួយ​ឲ្យ​កម្ពុជា​មានមុខ​បង្អួត​កីឡា​មួយ​នេះ​នៅ​លើ​ឆាក​អន្តរជាតិ មិន​ចាញ់​ប្រទេស​មួយ​ចំនួន​ឡើយ ។ កីឡាការិនី​រូប​នេះ​មានការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព ខណៈ​ដែល​នាង​ក៏​ធ្លាប់​ជា​ម្ចាស់ មេដាយ​ប្រាក់​ក្នុង​ការ​ប្រកួត​ជើងឯក​ពិភពលោក World Police and Fire Games កាលពី​ពេល​កន្លង​ទៅ​ដែរ ។

កីឡាការិនី​រូប​នេះ រំពឹង​យ៉ាង​ខ្លាំង​ថា នាង នឹង​ធ្វើ​បាន​ល្អ​សម្រាប់​ការ​បង្ហាញខ្លួន​លើក​ដំបូ​ង​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម ខណៈ​អ្នកស្រី សូ រ៉ា​ន់​ដេ​ត គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ទ្រី​យ៉ា​ត្លុង ក៏​រំពឹង​ថា កូនសិស្ស​របស់​គាត់​នឹង​ធ្វើ​បាន​ល្អ​ក្នុង​ការ​ប្រកួត​ដូច​គ្នា ព្រោះតែ​នាង​កាន់តែ​រីក​ចម្រើន​។

កីឡាការិនី អួន ច័ន្ទ​ភ​ត្រា ដែល​តំណាង​ឲ្យកម្ពុជា​ក្នុង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​នៅ​ហ្វ៊ី​លី​ពី​ន​ឆ្នាំ​នេះ​ប្រកាស​ថា នាង​នឹង​ធ្វើ​បាន​ល្អ​សម្រាប់​ការ​បង្ហាញខ្លួន​លើក​ដំបូង​នៅ​ស៊ី​ហ្គេ​ម ។ ជាមួយនឹង​ការ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់ ព្រម​ជាមួយនឹង​បទ​ពិសោធន៍​ចូលរួម​ការ​ប្រកួត​លំដាប់​ពិភព លោក​លើក​ដំបូង​ក្នុង​ព្រឹត្តិការណ៍ World Police and Fire Games នៅ​ប្រទេស​ចិន​នោះ កាន់តែ​ធ្វើ​ឲ្យ​នាង​កក់ក្ដៅ​ពី​លទ្ធផល ។

គួរ​រំឭក​ថា សម្រាប់​ការ​ប្រកួត World Police and Fire Games ដែល អួន ច័ន្ទ​ភ​ត្រា ទទួល​បាន​មេដាយ​ប្រាក់​លើ​វិញ្ញាសា​ហែល​ទឹក​១,៥​គីឡូម៉ែត្រ ជិះ​កង់​៤០​គីឡូម៉ែត្រ និង​រត់​១០​គីឡូម៉ែត្រ កីឡាការិនី​វ័យ​២០​ឆ្នាំ​រូប​នេះ​បាន​ឆ្លងកាត់​ការ​ប្រកួត​ជាមួយ​កីឡាការិនី​មាន​សមត្ថភាព​ខ្លាំង​ៗជា​ច្រើន​ប្រទេស ។ កត្តា​នេះ​គឺជា​ច​លករ​ដែល ធ្វើ​ឲ្យ​នាង​មាន​ជំនឿ​ចិត្ត​កាន់តែ​ខ្ពស់​សម្រាប់​ការ ប្រកួត​ស៊ី​ហ្គេ​ម ។

បច្ចុប្បន្ន នាង​រួម​ជាមួយ​មិត្ត​រួម​ក្រុម​ដទៃ​ទៀត​កំពុង​ហ្វឹកហាត់​យ៉ាង​សកម្ម​ជាមួយ​កាល វិភាគ​ដ៏​មមាញឹក ក្រោម​ការ​បង្វឹក និង​ត្រួតពិនិត្យ យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់​គ្រូបង្វឹក គឺ​អ្នក ស្រី សូ រ៉ា​ន់​ដេ​ត នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក តេ​ជោ ។ នាង​និយាយ​ថា នាង​មិន​ទាន់​អាច ដឹង​ពី​កម្រិត​សមត្ថភាព​របស់​កីឡាករ​គេ​យ៉ាង ណា​នោះ​ទេ តែ​នាង​ប្តេជ្ញា​ថា​នឹង​តាំងចិត្ត​មិន ភ័យ មិន​តក់ស្លុត និង​ប្រឹងប្រែង​ប្រកួត​ដើម្បី ដណ្តើម​បាន​មេដាយ​ជូន​ជាតិ​នៅ​ស៊ី​ហ្គេ​ម​នោះ​។ រាល់ថ្ងៃ​គ្រូបង្វឹក​បាន​ដាក់​កម្មវិធី​ហ្វឹកហាត់​ខ្លាំង​ៗ ឲ្យ​នាង​កាន់តែ​ខ្លាំង ខណៈ​ដែល​នាង​ក៏​មើលឃើញ​ថា​ខ្លួន​រីក​ចម្រើន​ជាង​មុន​ដែរ ។ នាង​ត្រូវ​តំណាង​កម្ពុជា​ប្រកួត​លើ​វិញ្ញាសា​ឌូ​អា ត្លុង ដោយ​មាន​រត់​១០​គីឡូម៉ែត្រ ជិះ​កង់​៤០​គីឡូម៉ែត្រ និង រត់​៥​គីឡូម៉ែត្រ ក្នុង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម នៅ​ហ្វ៊ី​លី​ពី​ន ។

ចំណែក​កីឡាការិនី ហ៊ោ ធីតា ដែល​ជា បេក្ខភាព​១​រូប​ក្នុង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​នៅ ហ្វ៊ី​លី​ពី​ន​ដែរ ក៏​បាន​បង្ហាញ​ការ​ជឿជាក់​លើ សមត្ថភាព​របស់​នាង​ថា​នឹង​ធ្វើ​បាន​ល្អ​ដូច​គ្នា​នឹង ភ​ត្រា ។ ធីតា ដែល​ត្រូវ​លេង​លើ​វិញ្ញាសា​ទ្រី​យ៉ា​ត្លុង​បណ្តាក់ បាន​សន្យា​ថា នឹង​ធ្វើ​ឲ្យ​បាន​ល្អ​នៅ​ក្នុង​ការ​ប្រកួត បើ​ទោះជា​មិន​បានដឹង​ថា​កីឡាករ​គេ​មាន​សមត្ថភាព​យ៉ាងណា​នោះ​ក្តី ដោយសារ​វា​ជា​វិញ្ញាសា​ថ្មី​សម្រាប់​ការ​ប្រកួត នេះ ជា​ហេតុ​ធ្វើ​ឲ្យ​មិនដឹង​ថា​កីឡាករ​ដែល​ត្រូវ ចូលរួម​មាន​កំណត់​ត្រា​បែប​ណា ។

នាង​និយាយ​ថា ការ​ហ្វឹកហាត់​របស់​ភ​ត្រានិង​រូប​នាង ពី​មុន​និង​ឥឡូវ​គឺ​ខុស​គ្នា​ច្រើន ដោយសារ​ឥឡូវ​ពួក​នាង​សម្រុក​ខ្លាំង ជា​ពិសេស​ពេល​ជិត ដល់​ថ្ងៃ​ប្រកួត​ដែល​ពួក​នាង​មិន​អាច​បន្ធូរ​ដៃ​។ រីឯ​ឡា​ការិនី ភ​ត្រា ក៏​បង្ហាញ​ពី​ក្តី​កង្វល់​ពាក់ ព័ន្ធ​នឹង​សមត្ថភាព​កីឡាករ​មក​ពី​ប្រទេស​ផ្សេង​ៗ ដែរ ដោយ​នាង​បាន​ចាត់​ទុក​កីឡាករ​ម្ចាស់ ផ្ទះ សិង្ហ​បុរី ថៃ វៀតណាម ជា​ឧបសគ្គ​ដ៏​ធំ សម្រាប់​ការ​ចូលរួម​លើក​ដំបូង​របស់​នាង​។

ក្នុង​ចំណោម​៣​វិញ្ញាសា​គឺ ហែល​ទឹក ជិះ​កង់ និង​រត់ កីឡាការិនី​ភ​ត្រា​ដែល​មានស្រុក​កំណើត នៅ​ភ្នំពេញ​រូប​នេះ ចាត់​ទុក​ការ​ជិះ​កង់ ជា​វិ​ញ្ញាសា​លំបាក​ហ្វឹកហាត់ និង​មាន​គ្រោះថ្នាក់​ជាងគេ ព្រោះ​នៅ​តាម​ផ្លូវ​ដែល​ពួក​នាង​ហ្វឹកហាត់ មាន ចរាចរណ៍​ដ៏​មមាញឹក ។

សម្រាប់​អ្នកស្រី សូ រ៉ា​ន់​ដេ​ត គ្រូបង្វឹក​ក្រុម ជម្រើសជាតិ​ទ្រី​យ៉ា​ត្លុង បាន​ដាក់​ក្តី​រំពឹង​ខ្ពស់​លើ​វិញ្ញាសា​ឌូ​អា​ត្លុង ក្នុង​ការ​ប្រកួត​ដណ្តើម​មេដាយ ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​នៅ​ហ្វ៊ី​លី​ពី​ន​ឆ្នាំ​នេះ​។ ក្នុង​នាម​ជា​គ្រូបង្វឹក អ្នកស្រី​នឹង​សិក្សា​ពី​កំណត់​ត្រា​របស់​កីឡាករ​តាម​ប្រទេស​នីមួយ​ៗ​យក​មក
ប្រៀបធៀប​ជាមួយ​កំណត់​ត្រា​របស់​កីឡាករ កម្ពុជា ដើម្បី​សិក្សា​ពី​ចំណុចខ្សោយ​និង​អភិវឌ្ឍន៍​បន្ថែម ។

អ្នកស្រី​និយាយ​ថា ក្រោយ​ពី​សិក្សា​ពី​កំណត់​ត្រា​(Record)​ប្រទេស​ដទៃ កម្ពុជា​នៅ​មាន​ចំណុច ខ្សោយ​ខ្លះ តែ​អ្នកស្រី​នឹង​ប្រើ​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​បង្វឹក​សិស្ស ។ គ្រូបង្វឹក​រូប​នេះ​បន្ថែម​ថា សហព័ន្ធ​នឹង​រក​ឱកាស​បញ្ជូន​កីឡាការិនី​ឆ្នើម​ៗ ឲ្យ​ចេញ​ប្រកួត​ក្រៅ​ស្រុក​ឲ្យ​បាន​ច្រើន ដោយ ក្នុង​ករណី​បើ​ស្វែងរក​ជំនួយ​ឧបត្ថម្ភ​ដើម្បី​បញ្ជូនកីឡាករ​ទៅ​ហ្វឹកហាត់​នៅ​ក្រៅប្រទេស​មិន​បាន សហព័ន្ធ​នឹង​ទៅ​បោះជំរំ​ហ្វឹកហាត់​នៅ​ខេត្ត​កែប ដែល​ជាទី​តាំង​សក្តានុពល​ក្នុង​ការ​អភិវឌ្ឍ​កីឡា​ទ្រី​យ៉ា​ត្លុង ។

អ្នកស្រី​និយាយ​ទៀត​ថា ការ​ប្រកួត​កីឡា ស៊ី​ហ្គេ​ម​នៅ​ប្រទេស​ហ្វ៊ី​លី​ពី​ន​ចុងឆ្នាំ​នេះ សហព័ន្ធ កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា នឹង​បញ្ជូន​កីឡាករ​កីឡា ការិនី​ចំនួន​៨​រូប​ឲ្យ​ចូលរួម ដោយ​ពួក​គេ​លេង​លើ ៣​វិញ្ញាសា​គឺ ទ្រី​យ៉ា​ត្លុង ឌូ​អា​ត្លុង និង​មិច​ទ្រី យ៉ា​ត្លុង​រី​លេ (Mix Relay)​។ កីឡាករ​ទាំង ៨​រូប​រួម​មាន កីឡាការិនី អួន ច័ន្ទ ភ​ត្រា , ថន សុ​ម៉ា​វ​ត្តី​, ហ៊ោ ធីតា​, ផល រតនា​, កីឡាករ នាង​ពេជ្រ ពិសិដ្ឋ​, កាំ​ង ធឿ​ន​, ណាំង ណៃ និង ជា សម្ផស្ស ៕ (​កែ សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ