សហរដ្ឋអាមេរិក ៖ យោងតាមបណ្ដាសារព័ត៌មានអាមេរិកថា មនុស្សយ៉ាងតិច៥នាក់បានត្រូវស្លាប់ ក្នុងការធ្លាក់យន្តហោះធុនB-17 ជាយន្តហោះទម្លាក់គ្រាប់បែកសម័យសង្គ្រាមលោកលើកទី២ មួយគ្រឿងនៅរដ្ឋខេននេកធីខេត។
យន្តហោះទម្លាក់គ្រាប់បែកសម័យសង្គ្រាមលោកទី២នោះ ជាមួយមនុស្សជិះ១៣នាក់បានធ្លាក់នាថ្ងៃទី២ តុលា លើព្រលានយន្តហោះមួយនៃរដ្ឋខេននេកធីខេត នាភាគឦសានសហរដ្ឋអាមេរិក។ យោងតាមប៉ូលិសនិងបណ្ដាសារព័ត៌មានក្នុងស្រុកថា ក្នុងគ្រោះថ្នាក់នោះមានមនុស្សស្លាប់និងរងរបួសធ្ងន់ច្រើននាក់។
តាមTWITTERរដ្ឋបាលអាកាសចរណ៍សហព័ន្ធ ជាភ្នាក់ងារត្រួតពិនិត្យការហោះហើរតាមអាកាសរបស់អាមេរិកថា យន្តហោះនោះមានអ្នកបើកជាជនស៊ីវិលពុំមែនពួកយោធាឡើយ។
ចំណែកអ្នកនាំពាក្យម្នាក់របស់ប៉ូលិសរដ្ឋខេននេកធីខេតគូសបញ្ជាក់ថា យន្កហោះនោះដឹកមនុស្ស១៣នាក់ក្នុងនោះមានអ្នកដំណើរ១០នាក់ និងសមាជិកក្រុមយានិក៣នាក់។ មនុស្សម្នាក់នៅលើដីក៏ជួបគ្រោះថ្នាក់នោះដែរ។ រីឯអ្នកនាំពាក្យម្នាក់របស់មន្ទីរពេទ្យទីក្រុងHARTFORD ស្ថិតនៅចម្ងាយ២៥គីឡូម៉ែត្រពីព្រលានយន្តហោះគូសបញ្ជាក់ថា មន្ទីរពេទ្យរបស់គេទទួលអ្នករបួស៦នាក់ បន្ទាប់ពីគ្រោះថ្នាក់ក្នុងនោះ៣នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ កាសែតតំបន់THE HARTFORD COURANT ដែលដកស្រង់ប្រភពនានារៀបរាប់ថាគ្រោះថ្នាក់នេះបណ្ដាលឲ្យមនុស្សយ៉ាងតិច៥នាក់ស្លាប់ហើយមនុស្ស៣នាក់រងរបួសធ្ងន់។
សម្រាប់ពេលនេះគេមិនទាន់ដឹងពីមូលហេតុនៃគ្រោះថ្នាក់នោះនៅឡើយ ហើយព្រលានយន្តហោះត្រូវបិទ។ ចំណែកបណ្ដារូបភាពរបស់ទូរទស្សន៍មូលដ្ឋាននានា បង្ហាញពពកផ្សែងខ្មៅហុយឡើងលើនៅព្រលានយន្តហោះ៕ (កែសម្រួលដោយ ៖ បុប្ផា) (ប្រភពវីដេអូ ៖ Inside Edition)
ចែករំលែកព័តមាននេះ