ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់​តូច​ៗ​តែ​ជួយ​អ្នក​ក្នុង​ការ​បង្កើត​ទំនាក់ទំនង

4 ឆ្នាំ មុន

ទាំង​ក្នុង​ពិភព​ការងារ និង​អាជីវកម្ម ការ​បង្កើត​ទំនាក់ទំនង​ជាមួយ​មនុស្ស គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់ ។ ប៉ុន្តែ​ការ​បង្កើត​ទំនាក់ទំនង​មិនមែន​មាន​សារៈសំខាន់​តែ​ពេល​អ្នក​កំពុង​ស្វែងរក​ឱកាស​ការងារ ឬ​ឱកាស​វិនិយោគ​ទេ ។ ផ្ទុយ​មក​វិញ​វា​ជា​ទំនាក់ទំនង​រវាង​មនុស្ស​ដែល​អាច​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ។…

ទាំង​ក្នុង​ពិភព​ការងារ និង​អាជីវកម្ម ការ​បង្កើត​ទំនាក់ទំនង​ជាមួយ​មនុស្ស គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់ ។ ប៉ុន្តែ​ការ​បង្កើត​ទំនាក់ទំនង​មិនមែន​មាន​សារៈសំខាន់​តែ​ពេល​អ្នក​កំពុង​ស្វែងរក​ឱកាស​ការងារ ឬ​ឱកាស​វិនិយោគ​ទេ ។ ផ្ទុយ​មក​វិញ​វា​ជា​ទំនាក់ទំនង​រវាង​មនុស្ស​ដែល​អាច​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ។

ទោះជា​អ្នក​មិន​ចាំបាច់​រក្សា​ទំនាក់ទំនង​ជាមួយ​គ្នា​គ្រប់ពេលវេលា​ពិតមែន​ក្តី មនុស្ស​ដែល​មាន​ជំនាញ​ក្នុង​ផ្នែក​នេះ​តែងតែ​ព្យាយាម​ទាក់ទង​ទៅ​មនុស្ស​ដែល​ខ្លួន​ស្គាល់​យ៉ាងតិច​ណាស់ ក៏​បី​ខែ​ម្តង​ដែរ ដើម្បី​សួរសុខទុក្ខ​ជាដើម ។ សម្រាប់​អ្នក​ដែល​ចូលរួម​កម្មវិធី ដើម្បី​ស្គាល់​មនុស្ស អ្នក​ត្រូវ​ដឹង​ពី​គន្លឹះ​មួយ​ចំនួន​ដែល​អាច​ជួយ​ឲ្យ​អ្នក​បង្កើត​ទំនាក់ទំនង​ដោយ​មាន​ប្រសិទ្ធិ​ភាព ។

១. ការ​ណែនាំ​ខ្លួន​៖
អ្វី​ដែល​អ្នក​ត្រូវ​ត្រៀមខ្លួន​មុនគេ គឺ​ការ​ណែនាំ​ខ្លួន ។ ប៉ុន្តែ​មិន​មាន​មនុស្ស​ជោគជ័យ​ណា​ដែល​មាន​ពេលវេលា​ឈរ ឬ​អង្គុយ​ស្តាប់​អ្នក​និយាយ​ពី​ខ្លួនឯង​យូរ​ទេ ។ អ្នក​ដែល​ពូកែ​បង្កើត​ទំនាក់ទំនង​មាន​សមត្ថភាព​ក្នុង​ការ​ណែនាំ​ខ្លួន​ក្នុង​រយៈពេល​តែ ៣០​វិនាទី​ប៉ុណ្ណោះ ។ អ្វី​ដែល​អ្នក​គួរតែ​លើក​ឡើង​រួម​មានឈ្មោះ​របស់​អ្នក ការងារ​របស់​អ្នក និង​អ្វី​ដែល​អ្នក​កំពុង​ស្វែងរក ។

២. ត្រៀម​ប្រធានបទ​ទុក​៖
ប្រាកដ​ណាស់ ពេល​ដែល​អ្នក​ទើបតែ​ជួប​គ្នា​ដំបូង អ្នក​ប្រហែលជា​មាន​ភាព​អៀន ឬ​មិនដឹង​ថា​គួរ​និយាយ​ពី​អ្វី​ជាដើម ។ ដោយហេតុ​ដូចនេះ អ្នក​គួរតែ​ត្រៀម​ប្រធានបទ​ទុក​មុន ដូច​ជា​សំណួរ​ដែល​អាច​ជំរុញ​ដល់​ការ​សន្ទនា ។ ជា​ទូទៅ​មនុស្ស​តែងតែ​ចូល​ចិត្ត​និយាយ​ពី​ខ្លួនឯង ដូច្នេះ​អ្នក​គួរតែ​សួរ​សំណួរ​ឲ្យ​បាន​ច្រើន​ដូច​ជា «​មូលហេតុ​អ្វី​បានជា​អ្នកចូលរួម​កម្មវិធី​នេះ?​» និង «​តើ​អ្នក​ចូល​ចិត្ត​អ្វី​ជាងគេ​ក្នុង​ការងារ ឬ​អាជីវកម្ម​របស់​អ្នក?​»

៣. ត្រៀម​ការ​ដោះសារ​ក្នុង​ការ​ដើរ​ចេញ​៖
អ្នក​ដទៃ​មិន​មាន​ពេល​ច្រើន ហើយ​អ្នក​ក៏​មិន​មាន​ពេល​ច្រើន​ក្នុង​ការ​បន្ត​សន្ទនា​ជាមួយ​មនុស្ស​ម្នាក់​យូរ​ពេក​ដែរ ។ ដូច្នេះ​អ្នក​គួរតែ​មាន​ពាក្យដោះសារ​ក្នុង​ការ​ដើរ​ចេញ​ឲ្យ​បាន​សមរម្យ ។ ប៉ុន្តែ​អ្វី​ដែល​អ្នក​ត្រូវ​ចង​ចាំ​គឺ​អ្នក​មិន​ត្រូវ​ភ្លេច​សុំ​នាមប័ណ្ណ​របស់​ភាគី​ម្ខាង​ទៀត និង​កត់​ទុក​នូវ​ចំណុច​ពិសេស​ៗ​របស់​ពួក​គេ​ឡើយ ។

៤. រក្សា​ទំនាក់ទំនង​៖
ដូចដែល​បាន​លើក​ឡើង​ខាងលើ គន្លឹះ​ក្នុង​ការ​បង្កើត​ទំនាក់ទំនង​ជាមួយ​មនុស្ស​គឺ​ការ​រក្សា​ទំនាក់ទំនង ហើយ​ជំហាន​នេះ​អាច​ធ្វើ​ឡើង​បាន​ដោយ​ងាយស្រួល​ក្នុង​សម័យ​អ៊ី​ន​ធើ​ណែ​ត​នេះ ។ អ្នក​អាច​ស្នើ​ធ្វើ​ជា​មិត្ត​លើ Facebook និង​រក្សា​ការ​ទំនាក់ទំនង​លើ​ប្រព័ន្ធ​នេះ ។ វិធី​មួយទៀត​គឺ​ការ​ប្រើ LinkedIn ដែល​មាន​ភាព​ផ្លូវការ​ជាង Facebook ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ