ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុំ​ធ្លាប់​មាន​! ឃាតករ​ចូល​សារភាព ក្រោយ​​កា.ប់​ទាហាន​ការពារ​ព្រំដែន​យ៉ាង​​សាហា.វ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ទាហាន​ការពារ​ព្រំដែន​ម្នាក់ ត្រូវ​បាន​ឃាតករ​កាប់​ជា​ច្រើន​កាំបិត បណ្តាល​ស្លាប់​នៅ​នឹង​កន្លែង ហើយ​ឃាតករ​ក៏​បាន​ចូល​ខ្លួន​ឱ្យ​ប៉ូលិស​ចាប់ ពាក់ព័ន្ធ​នឹង​រឿង​គំនុំ​ផឹកស៊ី រួច​មើលងាយ ហើយ​គំរាម​យក​កាំភ្លើង​បាញ់…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ទាហាន​ការពារ​ព្រំដែន​ម្នាក់ ត្រូវ​បាន​ឃាតករ​កាប់​ជា​ច្រើន​កាំបិត បណ្តាល​ស្លាប់​នៅ​នឹង​កន្លែង ហើយ​ឃាតករ​ក៏​បាន​ចូល​ខ្លួន​ឱ្យ​ប៉ូលិស​ចាប់ ពាក់ព័ន្ធ​នឹង​រឿង​គំនុំ​ផឹកស៊ី រួច​មើលងាយ ហើយ​គំរាម​យក​កាំភ្លើង​បាញ់ កាល​ពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវ ស្ថិត​ក្នុងភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ​។

សេចក្តីរាយការណ៍​បន្ត​ថា ឃាតករ​ខាងលើ​មានឈ្មោះ ភាព សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​រស់​នៅ​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ កែវ ពេជ្រ​រស្មី ភេទ​ប្រុស (​មាន​ឋានៈ​ស័ក្តិ​ព្រិ​ន្ទ​បាល​ឯក​) តួនាទី​ជា​មេបញ្ជាការ​រង (​ខ​២) កង​ល្បាត​ទី​២ កង​យោធារ​ការពារ​ព្រំដែន​គោក​លេខ​៥០៣ ដែល​មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​ជាមួយ​គ្នា​។

បើ​តាម​លោក សេស វិបុល អធិការ​នគរបាល​ស្រុក​អូរ​ជ្រៅ បាន​ប្រាប់​ថា នៅ​ពេល​ទទួល​ព័ត៌មាន​បានដឹង​ថា មាន​ជនសង្ស័យ​ម្នាក់​កាប់​ទាហាន​ម្នាក់ បណ្តាល​ស្លាប់​នៅ​នឹង​កន្លែង​កម្លាំង​ជំនាញ​ក៏​បាន​ចុះ​ទៅ​ភ្លាម​ៗ ឃាត់ខ្លួន​ឃាតករ​ជា​ជន​ដៃដល់ ក្រោយ​ពេល​ធ្វើ​សកម្មភាព​នៅ​ប៉ុស្តិ៍​នគរបាល ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ​។

លោក​បញ្ជាក់​ថា នៅ​ពេល​ដែល​ជន​រង​គ្រោះ​ត្រូវ​ឃាតករ​កាប់សំលាប់​នោះ គឺ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូឌុប​របស់​កូន​ទៅ​ខ្ចី​ឆ្នាំង​សាក​ទូរស័ព្ទ​គេ​នៅ​ក្បែរ​នោះ ខណៈ​ជិះ​ម៉ូតូ​តាម​ផ្លូវ​កាត់មុខ​ផ្ទះ​ជន​សង្ស័យ​ដែល​កំពុង​កាប់​ព្រៃ​នៅ​តាម​ចិញ្ចើម​ផ្លូវ ក៏​ឃើញ​ជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ​មក​ដល់ ស្រាប់​តែ​យក​កាំបិត​មក​កាប់​ជន​រង​គ្រោះជា​ច្រើន​កាំបិត បណ្តាល​ស្លាប់​ក្នុង​ថ្លុកឈាម​តែ​ម្តង​។

លោក​អធិការ​បញ្ជាក់​ទៀត​ថា ក្រោយ​ពេល​ឃាតករ​កាប់​ជន​រង​គ្រោះ​ស្លាប់​ហើយ ក៏​បាន​ដើរ​ចូល​ទៅ​ក្នុងផ្ទះ​លុតជង្គង់​សំពះ​ម្តាយ​របស់​ខ្លួន​ថា «​ខុស​ហើយ​» ពេល​នោះ​ម្តាយ​ឱ្យ​អ្នក​ជិតខាង​យក​ម៉ូតូ​ជូន​ទៅ​ប៉ុស្តិ៍​នគរបាល​ឃុំ​អូរ​បី​ជាន់ ឱ្យ​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​គ្រោង​ទុកជា​មុន​។

ក្រោយ​ពេល​ឃាត់ខ្លួន ឃាតករ​បាន​សារភាព​ថា មូលហេតុ​ដែល​កាប់​ជន​រង​គ្រោះជា​ទាហាន​នោះ គឺ​មក​ពី​រឿង​គំនុំ​ផឹកស៊ី​យូរហើយ នៅផ្ទះ​ជន​រង​គ្រោះ ដោយ​បាន​ជេរ​ប្រមាថមើលងាយ និង​គំរាម​យក​កាំភ្លើង​រក​បាញ់​ចោល ព្រោះ​ទំនាស់​ពាក្យ​សំដី​។ ហើយ​គំនុំ​នោះ​ក៏​ទុក​នៅ​ក្នុង​ចិត្ត លុះ​ពេល​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​តាម​ផ្លូវ​កាត់មុខ​ផ្ទះ ខណៈ​ខ្លួន​កំពុង​កាប់​ព្រៃ​ក្បែរផ្លូវ​ផង​នោះ ក៏​បានឃើញ ក៏​ខឹង​ខ្លាំង ទប់ចិត្ត​មិន​បាន​ស្ទុះ​ទៅ​កាប់​រហូត​ស្លាប់​ក្នុង​ថ្លុកឈាម​តែ​ម្តង ហើយ​ទៅ​ប៉ុស្តិ៍​សារភាព​កំហុស និង​ទទួលទោស​តាម​ច្បាប់​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ