ខេត្តកំពត ៖ ប្រភពពីកម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌនៃស្នងការខេត្តកំពតបានឲ្យដឹងថា ជនសង្ស័យជាមុខសញ្ញាពាក់ព័ន្ធគ្រឿងញៀនម្នាក់ដែលទើបនឹងចេញពីពន្ធនាគារទើបតែបានជិតមួយឆ្នាំត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តស្រាវជ្រាវចាប់ឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពឆក់កាបូបជនបរទេសហើយវាយជនរងគ្រោះជាស្ត្រីជនបរទេសរូបនោះឲ្យរងរបួសថែមទៀតផងកាល ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ នៅចំណុចចំការស្វាយស្ថិតក្នុងភូមិតាដឹប សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ។
ប្រភពពីសមត្ថកិច្ចដដែលបានឲ្យដឹងទៀតថា ជនសង្ស័យមានឈ្មោះ អុក រ៉ាដា ហៅ គក់ ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិត្រពាំងឈើទាល ឃុំច្រេស ស្រុកជុំគីរី ខេត្តកំពត បានធ្វើសកម្មភាពឆក់កាបូបស្ត្រីជនបរទេសរួចហើយជនសង្ស័យរូបនេះបានជិះម៉ូតូរត់គេចខ្លួនមកសម្ងំលាក់ខ្លួននៅក្បែរលំនៅឋានរបស់ខ្លួនដែលស្នាក់នៅ ស្ថិតក្នុងភូមិត្រពាំងឈើទាល ឃុំច្រេស ស្រុកជុំគីរី ខេត្តកំពត ។
បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះកម្លាំងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុព្រមទាំងស្តាប់ការរាយការពីជនរងគ្រោះនូវភិនភាគជនសង្ស័យទើបសមត្ថកិច្ចកំណត់មុខសញ្ញាជនល្មើសរួចទើបឈានទៅតាមប្រមាញ់ឃាត់ខ្លួនជនសង្ស័យនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១០និង៣០នាទីព្រឹក ។ ពេលកម្លាំងសមត្ថកិច្ចទៅដល់ចំណុចដែលជនសង្ស័យលាក់ខ្លួននៅពេលជនសង្ស័យឃើញកម្លាំងសមត្ថកិច្ចក៏បានជិះម៉ូតូរត់គេចខ្លួនពេលនោះកម្លាំងសមត្ថកិច្ចក៏បានជិះម៉ូតូដេញចាប់រហូតឃាត់ខ្លួនរហូតបាន ។
ប្រភពបានបន្តថា នៅពេលឃាត់ខ្លួនជនសង្ស័យបានរួមនឹងវត្ថុតាងដែលជនសង្ស័យឆក់បានពីជនបរទេសនោះត្រូវបានសមត្ថកិច្ចរឹបអូសបានមកវិញដែលមានដូចខាងក្រោម កាបូបយួរដៃគ្មានម៉ាកពណ៌ខ្មៅមួយ, កាបូបយួរដៃម៉ាក CHARLES&KITE, កាបូបយួរដៃពណ៌ពងមាន់មួយ, កាបូបស្ពាយម៉ាក DG ពណ៌ត្នោតលាយក្រឡាឈាមជ្រូក, កាបូបស្ពាយមានម៉ាក LV ពណ៌ខៀវលាយក្រហម, កាបូបស្ពាយដៃពណ៌ពងមាន់មួយ, កាបូបស្ពាយមានពណ៌ខៀវលាយក្រហម, ទូរស័ព្ទម៉ាក iPhone 6 ១គ្រឿង, កាបូបស្ពាយមានម៉ាក DG ពណ៌ខ្មៅលាយក្រហមបៃតង, ប្រាក់ដុល្លារ(លុយសែន)2130$ និងសំបុត្រទិញម៉ូតូមួយសន្លឹក, កាបូបដៃចម្រុះពណ៌ក្រឡាការ៉ូ, អត្តសញ្ញាណបណ្ណ័ជនបរទេស សៀវភៅពិនិត្យសុខភាព និងកាតផ្សេងទៀតមួយចំនួន ។
មូលហេតុបង្ក្រាបបាន ដោយសារជនរងគ្រោះដឹងថា ជនល្មើសបាក់ធ្មេញហើយចាំលេខម៉ូតូជនល្មើស ព្រមទាំងជនរងគ្រោះរៀបរាប់ពីភិនភាគជាមុខសញ្ញាចាស់ដែលសមត្ថកិច្ចគ្រប់គ្រងទើបឈានទៅឃាត់ខ្លួនបាន ។ ជនរងគ្រោះត្រូវបានជនសង្ស័យយកដំបងឈើ វាយត្រូវកែងដៃឆ្វេង និងភ្លៅឆ្វេងរងរបួសហើមជាំ រួចឆក់យកកាបូបស្ពាយជិះម៉ូតូគេចបាត់តែម្តង ។ បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចកំពុងធ្វើការសាកសួរដើម្បីស្រាវជ្រាវរកបក្ខពួករបស់គេដែលកំពុងធ្វើសកម្មភាពក្នុងខេត្តកំពត និងកន្លែងផ្សេងទៀតដើម្បីបង្ក្រាបឲ្យអស់កុំឲ្យពួកនេះធ្វើសកម្មភាពបន្តទៅទៀត ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ