ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាយឈើសសរវិហារសុំរុះរើ…ព្រោះមិនទុកឱ្យទាល់បាក់​ច្រាំង​ចូល​ទន្លេ​នោះទេ

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ខណៈ​ទឹកទន្លេ​មេគង្គ​ស្រក​ចុះ ក៏​បណ្តាល​ឲ្យ​សសរ​ព្រះ​វិហារ​វត្ត​ធម្មយុ​ត្ត​ចុង​កោះ​ដែល​មាន​អាយុកាល​ជិត​២០០​ឆ្នាំ ស្ថិត​នៅ​ភូមិ​ទី​៩ ឃុំ​កោះសូទិន ស្រុក​កោះសូទិន បាក់​សសរ​បេតុង​២​ដើម​ចូល​ទៅ​ក្នុង​ទឹកទន្លេ​មេគង្គ ធ្វើ​ឲ្យ​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ និង​អាជ្ញា​ធរ​មូលដ្ឋាន​សោកស្តាយ​យ៉ាង​ខ្លាំង…

ខេត្តកំពង់ចាម ៖ ខណៈ​ទឹកទន្លេ​មេគង្គ​ស្រក​ចុះ ក៏​បណ្តាល​ឲ្យ​សសរ​ព្រះ​វិហារ​វត្ត​ធម្មយុ​ត្ត​ចុង​កោះ​ដែល​មាន​អាយុកាល​ជិត​២០០​ឆ្នាំ ស្ថិត​នៅ​ភូមិ​ទី​៩ ឃុំ​កោះសូទិន ស្រុក​កោះសូទិន បាក់​សសរ​បេតុង​២​ដើម​ចូល​ទៅ​ក្នុង​ទឹកទន្លេ​មេគង្គ ធ្វើ​ឲ្យ​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ និង​អាជ្ញា​ធរ​មូលដ្ឋាន​សោកស្តាយ​យ៉ាង​ខ្លាំង និង​ព្រួយ បារម្ភ​ខ្លាច​បាក់​ព្រះ​វិហារ​ទាំងមូល​ចូល​ទឹកទន្លេ ។

ចៅអធិការ​វត្ត​នាម ជឹ​ម ចន្ទ​ថុ​នា មាន​ថេរដីកា​ឲ្យ​ដឹង​ថា នា​រដូវប្រាំង​កន្លង​ទៅ​ច្រាំង​ទន្លេនៅ​ក្រោយ​ព្រះ​វិហារ ចម្ងាយ​ជាង​១០​ម៉ែត្រដោយសារ​មានការ​ព្រួយបារម្ភ​ខ្លាច​បាក់​ចូល​ទៅ​ក្នុង​ទឹកទន្លេ​មេគង្គ ក៏​បាន​ស្នើ​សុំ​ទៅ​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត ដើម្បី​សុំ​ការ​អន្តរាគមន៍​រុះរើ​ចៀសវាង​កុំ​ឲ្យ​បាក់បែក​ខូចខាត ។ លុះ​នៅ​ពេល​ទឹកទន្លេ​ឡើង​ក្នុង​រដូវវស្សា​ឆ្នាំ​២០១៩​នេះ កាលពី​១​ខែ​មុន ចេតិយ​មួយ​នៅ​ជិត​ព្រះ​វិហារ​ដែល​កសាង​ក្នុង​អំឡុង​ឆ្នាំ​១៨៨៥​គឺ​ចេតិយ​លោកយាយ ម៉​ម ធូ បាន​បាក់​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹកទន្លេ​បាត់​ទៅ​ហើយ។

ចៅអធិការ​វត្ត​ចុង​កោះមាន​ថេរ​ដីកា​ទៀត​ថា លុះ​មក​ដល់​ព្រឹក​ថ្ងែ​ទី​៣០ ខែកញ្ញា ខណៈ​ទឹកទន្លេ​ស្រក​នោះ​ស្រាប់តែ​បាក់​ច្រាំង​ទន្លេ​នាំ​យក​សសរ​បេតុង​ព្រះ​វិហារ​ចំនួន​២​ដើម​ធ្លាក់​ក្នុង​ទឹក ។ ព្រះ​អង្គ​ក៏​ដូច​ជា​ពុទ្ធ បរិ ស័ទ​ចំណុះ​ជើងវត្ត មានការ​សោកស្តាយ​ជា​ខ្លាំង​ដែល​ព្រះ​វិហារ​មាន​អាយុកាល​ជិត​២០០​ឆ្នាំ​ហើយ ត្រូវ​បាន​ខាង​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត​ចាត់ទុកជា​សម្បត្តិ​វប្បធម៌​ជាតិ​បាន​បាក់ ។ ដោយសារ​សំណើសុំ​រុះរើ​ហាក់ដូចជា​មាន​ភាពយឺត​យា​៉​វ​នោះ ក៏​មានការរុះ​ដំបូល​ក្បឿង​បាន​មួយ​ចំនួន តែ​ខាង​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត​មក​ឃាត់​មិន​ឲ្យ​រុះ​បន្ត​ទៀត រហូត​ដល់​ទឹក​ឡើង​មក​ធ្វើ​ឲ្យ​បាក់​សសរ​អស់​២​ដើម​ទើប​ឲ្យ​រុះ ប៉ុន្តែ​មិន​មាន​អ្នក​ណា​ហ៊ាន​ឡើង​រុះ​ក្បឿង​ទៀត​ទេ ព្រោះ​ខ្លាច​បាក់​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត ។

ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត បាននាំ​គ្នា​រុះ​មេរុ​នៅ​ជាប់​នឹង​ព្រះ​វិហារ បាន​របស់របរមួយ​ចំនួន​ក្នុង​នោះ​មាន​ទ្វារ​និង​បង្អួច​ឈើ ហើយរហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១ ខែតុលា ក៏​បន្តការ​រុះ​ទៀត យក​ទៅ​ដាក់​នៅ​ទីតាំង​វត្ត​សាងសង់​ថ្មី​ចម្ងាយ​ពី​កន្លែង​ចាស់​ប្រហែល​២​គីឡូម៉ែត្រ ហើយ​ប្រ​សិន​ណា​ប្រើ​បាន​នឹង​ប្រើ​បន្ត ។
ជាមួយនឹង​ការ​ព្រួយបារម្ភ​ពី​ការ​បាក់​ច្រាំង​ខូច​ព្រះ​វិហារ​នេះ ក៏​មានការ​អំពាវនាវ​ដល់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហុ​៊​ន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន សូម​ជួយ​សង្គ្រោះ​វត្ត​ចុង​កោះ​នេះ​ផង ដោយ​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​បាក់​ច្រាំង​បន្ត​ទៀត ព្រោះថា​វត្ត​នេះ​បើ​គិត​មក​ដល់​សព្វថ្ងៃ​មាន​អាយុកាល​ជិត
២០០​ឆ្នាំ​ហើយ ។

លោកស្រី ស៊ុន ច​ន្ថា មេឃុំ​កោះសូទិន មានប្រសាសន៍​ថា ក្នុង​នាម​អាជ្ញាធរ​មូលដ្ឋាន​ពិតជា​មានការ​សោក ស្តាយ​ចំពោះ​ព្រះ​វិហារ​មាន​អាយុកាល​ជិត​២​សតវត្សរ៍ ដោយសារ​ច្រាំង​បាក់យក​សសរ​អស់​២​ដើម​ចូល​ទៅ​ក្នុង​ទន្លេមេគង្គ ។ ពេល​ទទួល​បាន​ដំណឹង​នេះ នៅ​ព្រឹក​ថ្ងែ​ទី​១ ខែតុលា លោកស្រី​បាន​ធ្វើ​ដំណើរ​តាម​ទូក​ទៅ​មើល ហើយ​ប្រសិនបើ​ពេល​ទឹក​ស្រក​ខាង​មុខ​មិន​បាក់បន្ត​ទៀត​នោះ លោកស្រី​នឹង​ឲ្យ​គណៈកម្មការ​វត្ត​រុះ​យក​សសរឈើ​ចំនួន​១០​ដើម​ដែល​សុទ្ធ​សឹង​ជា​ឈើ​ល្អ​ៗ​ហើយ​ខ្លឹម​ជា​ប្រភេទ​កកោះ ដើម្បី​ទុក​ធ្វើ​អ្វី​ៗ​បន្ត​ទៀត​តាមតែ​អាច​ប្រើ​បាន ៕​

អត្ថបទសរសេរ ដោយ