ខេត្តព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា កាលពីវេលាម៉ោង៥និង៥០នាទីថ្ងៃទី២ តុលា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចនគរបាលស្រុកព្រៃនប់ បានសហការជាមួយការិយាល័យជំនាញខេត្តព្រះសីហនុ បង្ក្រាបករណីប្រើប្រាស់អាវុធខុសច្បាប់ និងគំរាមសម្លាប់មួយករណី ដោយធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ជី ម៉ៅ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ នៅចំណុចភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ។
ការចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ខាងលើ សមត្ថកិច្ចបានឲ្យដឹងថា គឺយោងទៅលើបទល្មើសជាក់ស្តែង និងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ប៉ុល ងន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ ។
នៅពេលឃាត់ខ្លួនជនសង្ស័យ សមត្ងកិច្ចបានធ្វើការដកហូតអាវុធខ្លី ម៉ាកកា៥៩ មួយដើម, ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន១កញ្ចប់តូច និងបារីមួយកញ្ចប់ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ