ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រកួត​ជ្រើសរើស​ជើងឯក​កីឡា​កា​រ៉ា​តេ ឆ្នាំ២០១៩ ប្រកាស​បើក​ជា​ផ្លូវការ

4 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​ព្រឹក​ថ្ងៃ​ទី​3 ខែតុលា ឆ្នាំ​2019 ឯកឧត្តម លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម…

នៅ​ព្រឹក​ថ្ងៃ​ទី​3 ខែតុលា ឆ្នាំ​2019 ឯកឧត្តម លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហរិ​ញ្ញ​វត្ថុ និង​ជា​ប្រធាន​សហ​ព័​ន្ឋ​កីឡា​កា​រ៉ា​តេ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​បើក​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​កីឡា​កា​រ៉ា​តេ​ឆ្នាំ​2019​។

ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់ និង​កោតសរសើរ ចំពោះ​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជា ដើម្បី​រៀបចំ​ការ​ប្រកួត​នេះ​ឡើង ក្នុង​គោលបំណង​សម្រិតសម្រាំង​យក​កីឡាករ កីឡាការិនី ដែល​មាន​សក្តានុពល សម្រាប់​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​មកា​រ៉ា​តេ លើក​ទី 9 ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​ហ្វី​លី​ពី​ន នា​ឆ្នាំ​2020 និង​ជា​ពិសេស គឺ​ការ​ត្រៀមលក្ខណៈ​ឲ្យ​បាន​ល្អ​ប្រសើរ សម្រាប់​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី 32 ដែល​ព្រះរាជាណាចក្រ​កម្ពុជា​របស់​យើង នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នា​ឆ្នាំ 2023។

ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ផ្ដាំផ្ញើ​ដល់​គណៈកម្មការ​រៀបចំ​ការ​ប្រកួត ចៅក្រម អាជ្ញាកណ្ដាល សូម​ប្រកាន់​យក​នូវ​ការ​ទទួលខុសត្រូវ​ខ្ពស់ ចំពោះ​តួនាទី​របស់​ខ្លួន សំដៅ​ធ្វើ​យ៉ាងណា​ឲ្យ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​នេះ ប្រព្រឹត្ត​ទៅ​ដោយ​រលូន យុត្តិធម៌ និង​ជ្រើសរើស​បាន​នូវ​កីឡាករ កីឡា​ការិនី ដែល​មាន​សក្តានុពល​ពិតប្រាកដ ។

ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​ផ្តាំផ្ញើ​ដល់​ក្មួយ​ៗ​កីឡាករ កីឡាការិនី ទាំងអស់ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ទឹក​ចិត្តជា​កីឡា គោរព​ឱ្យ​បាន​ម៉ឺងម៉ាត់ នូវ​បទបញ្ជា លក្ខន្តិកៈ នៃ​ការ​ប្រកួត នឹង​ត្រូវ​ឆ្លៀតឱកាស​នេះ ទាញ​យក​បទ​ពិសោធន៍​ដើម្បី​បន្ត​អភិវឌ្ឍន៍​ខ្លួន​ឲ្យ​កាន់តែ​មាន​សមត្ថភាព​ខ្ពស់​ឡើង និង​ត្រូវ​ធ្វើការ​កែ​លម្អ​នូវ​ចំណុច​ខ្វះខាត​មួយ​ចំនួន ជា​ពិសេស​លើ​មូលដ្ឋាន​បច្ចេកទេស​។

នៅ​ក្នុង​ឱកាស​នោះ ក្នុង​នាម​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជា ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ឧបត្ថម្ភ​ជា​ថវិកា​ដល់​អាជ្ញាកណ្តាល និង​ចៅក្រម​ចំនួន 06​រូប កីឡាករ​ចំនួន 86​រូប កីឡាការិនី​ចំនួន 35​រូប និង​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ចំនួន 50​រូប ដោយ​ម្នាក់​ៗ​ទទួល​បាន​ថវិកា​ចំនួន 10​ម៉ឺន​រៀល​។ ដោយឡែក​សម្រាប់​សមាគម​ក្លឹ​ប​កា​រ៉ា​តេ​ដែល​បាន​ចូលរួម​ចំនួន 21​ក្លឹ​ប ដោយ​ក្នុង​មួយ​ក្លឹ​បទ​ទួល​បាន​ថវិកា 50​ម៉ឺន​រៀល​។

សូម​បញ្ជាក់​ជូន​ថា នៅ​ក្នុង​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​កីឡា​កា​រ៉ា​តេ​ឆ្នាំ​2019​នេះ មាន​សមាគម ក្លឹ​ប​កា​រ៉ា​តេ​ចូលរួម​ចំនួន 21 និង​មាន​កីឡាករ​ចំនួន 86​រូប កីឡាការិនី​ចំនួន 35​រូប ដោយ​ត្រូវ​ធ្វើការ​ប្រកួត​ចាប់ពី​ថ្ងៃ​ទី​3 ដល់​ថ្ងៃ​ទី​6 ខែតុលា ឆ្នាំ​2019​។ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ