បានកត់សម្គាល់តាមសេចក្តីរាយការណ៍មួយឲ្យដឹងថា ព្រឹកថ្ងៃទី២៥ ខែកញ្ញា គេបានមើលឃើញកម្មករបួនប្រាំនាក់ មានសម្ភារនិងឧបករណ៍គ្រប់គ្រាន់ មានឆ្អឹងដែក និងសន្លឹកស័ង្កសីយកទៅធ្វើរបងហ៊ុមព័ទ្ធបាំងទីតាំងការិយាល័យកណ្តាលនគរបាលប្រឆាំងបទល្មើសរាជធានីភ្នំពេញបិទជិត ប្រៀបដូចចាប់បង្ខំឲ្យមន្ត្រីបម្រើការងារទាំង៣ការិយាល័យនោះ រើតោករើហឹុងចាកចេញឱ្យបានឆាប់ កុំឱ្យនៅច្រេងច្រុំដល់ណាទៀត ដើម្បីម្ចាស់ថ្លើមថ្លៃយកដីសម្រាប់សាងសង់អ្វីមួយ ។
នាព្រឹកថ្ងៃទី២៥ កញ្ញានោះ បានសង្កេតឃើញទៀតថាខណៈម្ចាស់ដីបាននិងកំពុងឲ្យកម្មករហ៊ុមព័ទ្ធដោយរបងស័ង្កសី មន្ត្រីនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនម្នាក់បានជួលរថ យន្តមួយគ្រឿងរើសម្ភារតុ ទូ សាឡុងដឹកចេញទាំងទឹកមុខស្រងូតស្រងាត់ ហាក់ដូចស្តាយស្រណោះឆ្នាំង បាយដែលធ្លាប់រស់នៅច្រើនឆ្នាំមកនោះ ត្រូវគេដេញចេញដូចចិនដេញខ្មែរ ។
ចំណែកមន្ត្រីនគរបាលជាច្រើននាក់ទៀត ដែលមិនទាន់រើអីវ៉ាន់ចេញ បានឈរមើលមិត្តរួមការងារកំពុងរើតោករើហឹុង ទាំងបែក ញើសរហេមរហាមរអូរទាំគ្រប់គ្នាថា គេបាំងរបងបង្ខំឲ្យយើងចេញហើយ តែដូចជាមិនទាន់មានឮពាក្យថា ដោះស្រាយគោលនយោបាយឲ្យមន្ត្រីនគរបាលជាតិ ដែលរស់នៅបម្រើការងារលើទីតាំងនេះយូរឆ្នាំនោះខ្លះសោះ ហាក់ដូចឈ្មួញម្ចាស់ថ្មីមានអំណាចធំណាស់ ។
នគរបាលដែលមិនឲ្យបញ្ចេញឈ្មោះបន្តថា កាលគេដេញពីទីតាំងចាស់ដំបូងនៅជិតផ្សារដេប៉ូ ស្ថិតក្នុងសង្កាត់វាលវង់ខណ្ឌ៧មករា ឲ្យមកនៅទីតាំងសព្វថ្ងៃនេះ មន្ត្រីថ្នាក់តូចទាបបំផុតក៏បានទទួលប្រាក់ឧបត្ថម្ភម្នាក់៥០ដុល្លារដែរ ចំណែកពេលនេះស្ងាត់សូនឈឹង ។
ក្នុងទឹកមុខក្រហមមន្ត្រីនគរបាលម្នាក់ៗ ហាក់ដូចស្ទាក់ស្ទើរមិនចង់រើសម្ភារទៅកន្លែងដែលតម្រូវឲ្យនៅនោះភ្លាមៗតាមការដេញទេ ដូចជានៅអែរអង់រង់ចាំប្រាក់សតិអារម្មណ៍ក្រែងបានខ្លះ ព្រោះបើតាមឮល្បីតៗគ្នាមិនច្បាស់លាស់ថា ដីប្រមាណជិត១ហិកតាដែលលក់ឱ្យឈ្មួញឬក្រុមហ៊ុនណានោះតម្លៃជាង១១លានដុល្លារយ៉ាងត្រជាក់ពងនិងស្ងាត់បំផុត ។
ស្នងការនគរបាលរាជធានីភ្នំពេញថ្មី ចុងក្រោយធ្លាប់បានថ្លែងទៅកាន់មន្ត្រីបម្រើការងារនៅការិយាល័យទាំង៣អង្គភាព មានការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងការិយាល័យប្រឆាំងគ្រឿងញៀនថា ដើម្បីប្រមូលផ្តុំកម្លាំងឲ្យជុំគ្នាងាយស្រួលក្នុងភាពគ្រប់គ្រង និងចុះធ្វើការងារគឺតម្រូវសាងសង់អគារថ្មីនៅក្នុងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញតែម្តង ។
សូមបញ្ជាក់ថា កោះសន្តិភាពបានចុះផ្សាយមួយឈុតម្តងរួចហើយ ក្នុងរឿងលក់ឬហៅថាដោះដូរដែល
ជាពាក្យសម្រាល នូវទីតាំងអង្គភាពនគរបាលទាំង៣មុខសញ្ញានេះ ដែលស្ថិតនៅអគារលេខ០៤ ផ្លូវលេខ២៣០ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ម្តុំកន្លែងកោសដូង និងក្បែរភូមិគ្រឹះលោកជំទាវឧកញ៉ា ស៊ុយ សុផាន ស្ថិតនៅចំកណ្តាលបេះដូងរាជធានីភ្នំពេញ ដែលមន្ត្រីបម្រើការងារជានគរបាលរាជធានីភ្នំពេញ បានវេចបង្វិចចេញបណ្តើរៗហើយ ដោយសារទីតាំងនោះត្រូវបានធ្លាក់ទៅលើដៃអ្នកមានប្រាក់មានអំណាចម្នាក់ដែលគ្មានមេប៉ូលិសណាម្នាក់ហ៊ានបញ្ចេញឈ្មោះអ្នកទិញទេ ។
ក្រុមអ្នកសង្កេតការណ៍បានមើលឃើញទៀតថា ការិយាល័យកណ្តាលប្រឆាំងបទល្មើស មានការិយាល័យ៣ជាសេនាធិការ ៖ ១-ការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន, ២-ការិ យាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និង៣-ការិយាល័យប្រឆាំងគ្រឿងញៀន ។
ការិយាល័យទាំង៣នេះចំណុះឱ្យ«ការិយាល័យកណ្តាល ប្រឆាំងបទល្មើស» មានមន្ត្រីនគរបាលបម្រើការងារនៅទីនោះរាប់រយនាក់ ពេលនេះត្រូវបានថ្នាក់លើតម្រូវឲ្យរើតោករើហ៊ឹងទៅនៅកន្លែងថ្មី ក្នុងបរិវេណស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលស្ថិតនៅជាយក្រុងឯណោះ ។ មន្ត្រីនគរបាលបម្រើការងារនៅអង្គភាពទាំង៣ខាងលើ កាលចុងខែកញ្ញាខ្លះបានរើឯកសារ ខ្លះវាយយកទ្វារដែលទិញបំពាក់កន្លងទៅ ខ្លះលើកតុទូដឹកយកបណ្តើរៗ ។
គិតត្រឹមថ្ងៃទី១២ ខែកញ្ញា ឃើញខាងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច រើចេញសឹង
អស់៨០ភាគ%ហើយ តែចំពោះការិយាល័យ២ទៀតនៅមិនទាន់រើទេ ដោយមានការអះអាងថា គ្មាន
កន្លែងទុកដាក់ឲ្យបានសមរម្យ ។
ទាក់ទិននឹងការរុះរើទីតាំងអង្គភាពការិយាល័យកណ្តាលនគរបាលប្រឆាំបទល្មើសរាជធានីភ្នំពេញនេះ ពុំមានមន្ត្រីណាមួយបង្ហើបឲ្យដឹងថា ជាការលក់ដីនោះឲ្យទៅអ្នកមានប្រាក់ ឬក៏ជាការដោះដូរទៅកន្លែងថ្មីទំនើប មានបរិយាកាសល្អយ៉ាងណានោះទេ ព្រោះម្នាក់ៗមិនហ៊ាននិយាយទេ ព្រោះត្រូវគោរពឋានានុក្រម តូចតាមតូច ធំតាមធំ មិនហ៊ាននិយាយផ្តេសផ្តាសទេ ខ្លាចធ្លាក់បុណ្យព្រោះមាត់ ។
មន្ត្រីនគរបាលជើងចាស់ម្នាក់បម្រើការងារនៅអង្គភាពនោះរាប់ឆ្នាំ និងជិតដល់ថ្ងៃចូលនិវត្តបានបង្ហើបឲ្យដឹងថា ទីតាំងនគរបាលមួយនេះអភ័ព្វណាស់ ក្នុងទសវត្សឆ្នាំ៨០-៩០ គឺស្ថិតនៅផ្លូវនេរុ កាច់ជ្រុងផ្សាដេប៉ូ សង្កាត់វាលវង់ខណ្ឌ៧ មករា ។ ខណៈពេលដីនៅទីនោះមានហាងឆេងទីតាំងនគរបាលសេដ្ឋកិច្ចបានធ្លាក់ទៅលើដៃអ្នកមានប្រាក់ ដោយមានពាក្យថា ជាការដោះដូរទីតាំងថ្មី ទំនើប និងធំទូលាយងាយស្រួលធ្វើការ ។
ក្រោយពេលមន្ត្រីនគរបាលទាំងអស់ត្រូវផ្លាស់ប្តូរទៅកាន់កន្លែងថ្មី ស្ថិតនៅជិតភូមិគ្រឹះជំទាវឧកញ៉ា ស៊ុយ សុផាន បានច្រើនឆ្នាំគ្រាន់បើដែរ ឥឡូវត្រូវរុះរើដេញទៀត ។ អ្នកសង្កេតការបានឮមន្ត្រីនគរបាលនិយាយថា ទីតាំងនេះត្រូវបានធ្លាក់ដល់ដៃអ្នកមានប្រាក់យូរឆ្នាំហើយ និងត្រូវគេលក់តគ្នា៤តំណរទៀតផង ទើបតែពេលនេះម្ចាស់ប្រាក់បានតម្រូវដេញឲ្យនគរបាលចេញ ដើម្បីគេយកដីសម្រាប់វិនិយោគ ។
ស្របពេលលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលទើបមកកាន់តំណែង បានពុះពារសាងសង់អគារបន្ថែមនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថ្មីសន្លាងមួយមានកម្ពស់ច្រើនជាន់ មានការិយាល័យទំនើបសម្រាប់ធ្វើការ ។
ពិសេសទៀតនោះ លោក ស្នងការ តម្រូវឲ្យអង្គភាពនិងការិយាល័យទាំងអស់ឲ្យមានកន្លែងធ្វើការជុំគ្នា ពោលគឺស្ថិតនៅក្នុងបរិវេណស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរួមគ្នាដូចម្រាមដៃជាភាពងាយស្រួលក្នុងការគ្រប់គ្រងកម្លាំង ។ ដូច្នោះហើយបានជាតម្រូវយកអង្គភាពការិយាល័យកណ្តាលនគរបាលប្រឆាំងបទល្មើសមកនៅទីនេះដែរ ។ ចំណែករឿងលក់ដីលក់ទីតាំងបានប្រាក់ប៉ុន្មានលានដុល្លារនោះលោកស្នង
ការថ្មីទំនងគ្រាន់តែជួយ «បក់ផ្សែង» កុំឱ្យឆេះ កុំឱ្យហុយតែប៉ុណ្ណោះ ។
រហូតមកដល់ថ្ងៃម្សិលមិញនេះមិនអាចស្វែងរកការបំភ្លឺពីប្រភពណាមួយបាននៅឡើយទេរឿង «លក់សម្បត្តិរដ្ឋ» ដ៏ខ្លឹមមួយនេះ សូម្បីមេៗអង្គភាពទាំង៣រហូតដល់ស្នងការរងក៏ឆ្លើយថា មិនដឹងដែរ ។ ប្រសិនមានភាពក្លាហានបំភ្លឺពីប្រភពណាមួយយើងនឹងចុះផ្សាយជូននៅពេលក្រោយ ប៉ុន្តែទំនងគ្មានអ្នកក្លាហានណា បំភ្លឺទេមើលទៅ ៕
ចែករំលែកព័តមាននេះ