អ្នកស្រុក​ជល​គិរី​ប្រណាំងទូក​ជូន​ដំណើរ​​ដូនតា


ខេត្តកំពង់ឆ្នាំង ៖ ថ្ងៃ​បញ្ចប់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ និង​ជា​ថ្ងៃ​ជូន​ដំណើរ​ដូនតា​ត្រឡប់​ទៅ​វិញ រដ្ឋបាល​ឃុំ​កោះ​ថ្កូវ ស្រុក​ជល​គី​រី បាន​រៀបចំ​ពិធី​ប្រណាំងទូក​មហាជន​ចំនួន​២៦​ទូក ដើម្បី​ឲ្យ​មហាជន​ចូលរួម​ទស្សនា​សប្បាយ​រីករាយ ។

គណៈកម្មការ​រៀបចំ​ពិធី​ប្រណាំងទូក​ឲ្យ​ដឹង​ថា ទូក​ដែល​បាន​ចូលរួម​ប្រណាំង​ទាំង​ចំនួន​២៦​ទូក​នោះ​ពី​ស្រុក​កំពង់ត្រឡាច ស្រុក​ជល​គិរី ស្រុក​រលាប្អៀរ និង​ទូក​ពី​ស្រុក​បា​ធា​យ ខេត្តកំពង់ចាម ក៏​បាន​មក​ចូលរួម​ប្រណាំង​ដែរ ។

អធិបតី​លោក​ស៊ុន សុវណ្ណ​រិ​ទ្ឋ អភិបាលរង​ខេត្តកំពង់ឆ្នាំង ចាត់​ទុក​ការ​រៀបចំ​ប្រណាំងទូក​មហា​ជន​នេះ​ជា​ពិធី​បង្ក​ភាព​សប្បាយ​រីករាយ​ជូន​មហាជន​ផង និង​ដើម្បី​ជូន​ដំណើរ​ដល់​ដូនតា បុព្វការី​ជន​ផង និង​ដើម្បី​ហាត់​សម​ត្រៀមលក្ខណៈ​ទៅ​ចូលរួម​ប្រណាំង​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក អក​អំបុក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ នៅ​រាជធានី​ភ្នំពេញ​ក្នុង​ពេល​ខាង​មុខ​នេះ​ផង ។

លោក​អភិបាលរង​ខេត្ត​ថ្លែង​ថា​«​យើង​បាន​សប្បាយ​រីករាយ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គឺ​ដោយសារ​ប្រទេស​ជាតិ​របស់​យើង​មាន​សុខ​សន្តិភាព​ពេញលេញ ។ បើ​យើង​ក្រឡេក​មើលទៅ​ក្រោយ​បន្តិច នៅ​កន្លែង​ដែល​យើង​កំពុង​រៀបចំ​ពិធី​នៅ​ពេល​នេះ គឺជា​កន្លែង​សមរភូមិ​ក្តៅ ប្រឈម​មុខ​ដាក់​គ្នា​រវាង​ទ័ព​ខ្មែរក្រហម និង​កងទ័ព​របស់​រាជរដ្ឋាភិបាល ។ ប៉ុន្តែ​ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រើ​នយោបាយ​ឈ្នះ​-​ឈ្នះ ទើប​ប្រទេស​ជាតិ​យើង​បាន​បញ្ចប់សង្គ្រាម​ផ្ទៃក្នុង និង​មាន​សន្តិភាព​រហូត​ដល់​សព្វថ្ងៃ ។

បច្ចុប្បន្ន ប្រទេស​ជាតិ​មិន​ត្រឹមតែ​មាន​សុខ​សន្តិភាព​ទេ គឺ​ថែម​ទាំង​មានការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​​ទាំង​សាលារៀន ផ្លូវថ្នល់ មន្ទីរពេទ្យ វត្ត​អារាម មិនតែប៉ុណ្ណោះ ដោយសារ​ការ​ទុកចិត្ត​ពី​ក្រុម​ហ៊ុន​បរទេស ទើប​គេ​ដាក់​ទន់​មក​រកស៊ី​នៅ​ប្រទេសកម្ពុជា ធ្វើ​អោយ​ប្រទេស​ដែល​ទើប​រួច​ផុត​ពី​ភ្លើងសង្គ្រាម​មួយ​នេះ មាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​ត្រូវ​បាន​បរទេស​ទទួលស្គាល់ »​។

អ្នកចូលរួម​ទស្សនា​ជា​ច្រើន​បាន​សម្ដែង​ក្ដី​សប្បាយ​រីករាយ ហើយ​ចាត់ទុកជា​ការ​ញ៉ាំង​បរិយាកាស​សប្បាយ​រីករាយ​មួយ​ចំពោះ​មហាជន បន្ថែម​ពីលើ​បុណ្យ​ភ្ជុំបិណ្ឌ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ