មនុស្សជាច្រើនមានក្តីសុបិនចង់បើកអាជីវកម្មមួយដោយខ្លួនឯង ប៉ុន្តែការខ្លាចបរាជ័យគឺជាឧបសគ្គធំមួយដែលទប់ស្កាត់ពួកគេមិនឲ្យធ្វើឲ្យក្តីសុបិនក្លាយជាការពិត ។ ប្រាកដណាស់ វាជាការព្រួយបារម្ភដែលសមហេតុសមផល ប៉ុន្តែមានវិធីមួយដែលមនុស្សមានក្តីសុបិនខាងលើអាចជ្រើសបាន នោះគឺការទិញសិទ្ធិបើកអាជីវកម្ម Franchise។
ហើយខាងក្រោមនេះគឺជាមូលហេតុមួយចំនួនដែលអាជីវកម្មប្រភេទនេះអាចជួយនាំភាពជោគជ័យច្រើនដល់អ្នក៖
១. មានការទទួលស្គាល់ពីអតិថិជនស្រាប់៖ ការមានឈ្មោះល្អ និងការទទួលបានការគាំទ្រច្រើនពីអតិថិជនគឺជាកត្តាសំខាន់សម្រាប់គ្រប់អាជីវកម្មទាំងអស់ ។ ប៉ុន្តែប្រសិនបើសហគ្រិនជ្រើសរើសបើកដំណើរការអាជីវកម្ម Franchise នោះពួកគេសម្រេចបានផ្នែកនេះស្រាប់ទៅហើយព្រោះមានអតិថិជនជាច្រើនស្គាល់ពីអ្នករួចជាស្រេច ។ ក្នុងទីផ្សារដែលតូចចង្អៀត ការមានឈ្មោះដែលខុសប្លែក និងត្រូវបានអតិថិជនស្គាល់ច្រើនអាចជួយឲ្យអ្នកឲ្យទាក់ទាញអតិថិជនបានយ៉ាងងាយស្រួល ។
២. ធនធាន៖ អ្នកដែលលក់សិទ្ធិបើកអាជីវកម្មទាំងនេះតែងតែមានធនធានគ្រប់គ្រាន់ស្រាប់ដើម្បីឲ្យអ្នកប្រើប្រាស់ ។ ពួកគេតែងតែផ្តល់ជាវគ្គសិក្សា ឬការហ្វឹកហាត់ផ្សេងៗដើម្បីរៀនសូត្រពីការគ្រប់គ្រង និងជំនាញដែលត្រូវការក្នុងការប្រកបអាជីៈកម្មជាដើម ។ លើសពីនេះទៅទៀត អ្នកក៏អាចទាញអត្ថប្រយោជន៍ពីការផ្សព្វផ្សាយផ្សេងៗរបស់ក្រុមហ៊ុនធំផងដែរ ។
៣. មានបណ្តាញមនុស្សដែលអាចជួយអ្នក៖ ពេលដែលអ្នកចាប់ផ្តើមអាជីវកម្មដំបូង អ្នកអាចនឹងមានអារម្មណ៍ថាអ្នកនៅម្នាក់ឯង ប៉ុន្តែពេលដែលអ្នកបើកអាជីវកម្មបែប Franchise អ្នកមានបណ្តាញមនុស្សដែលចាំជួយអ្នកស្រាប់ ឬមនុស្សដែលកំពុងតែស្ថិតក្នុងស្ថានការដូចអ្នកដែរ ។ អ្នកអាចស្គាល់មនុស្សទាំងនោះ ព្រមទាំងសិក្សាពីបទពិសោធន៍ពួកគេ ឬសាកសួរពេលមានចម្ងល់ជាដើម ។
៤. ការធ្វើនវានុវត្តន៍៖ ក្នុងនាមជាម្ចាស់អាជីវកម្មមួយរូប អ្នកត្រូវជួបនឹងសម្ពាធក្នុងការនឹកឃើញគំនិតថ្មីៗដើម្បីទាក់ទាញអតិថិជន ។ ប៉ុន្តែប្រសិនបើអ្នកបើកអាជីវកម្ម Franchise នោះអ្នកមិនចាំបាច់ព្រួយបារម្ភពីចំណុចនេះទេ ព្រោះក្រុមហ៊ុនធំៗមានក្រុមការងារ ឬអ្នកជំនាញដែលទទួលខុសត្រូវលើការបង្កើតផលិតផល និងសេវាកម្មថ្មីៗរួចជាស្រេច ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ