ខេត្តសៀមរាប ៖ អធិការនគរបាលស្រុកស្រីស្នំ លោកវរសេនីយ៍ឯក អ៊ុន ស្រស់ បានឲ្យដឹងថា កូនប្រុសបង្កើតម្នាក់បានកាប់ឪពុករបស់ខ្លួននឹងកាំបិតខ្វែវ បណ្តាលឲ្យដាច់កស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម ខណៈកំពុងសម្រាកនៅក្រោមផ្ទះ ។ ហេតុការណ៍គួរឲ្យតក់ស្លុតនេះ កើតឡើងកាលពីវេលាម៉ោងប្រមាណ
៣និង៣០នាទីរសៀលថ្ងៃទី២៥ កញ្ញា កន្លងទៅ នៅភូមិភ្នំដី ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ។
លោកអធិការ អ៊ុន ស្រស់ បានឲ្យដឹងទៀតថា ករណីឃាតកម្មនេះកម្លាំងនគរបាលស្រុកស្រី ស្នំ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ សាន គង់អាយុ៣៧ឆ្នាំ ជាកូនប្រុស រស់នៅក្នុងភូមិ ឃុំខាងលើ ។ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល៣និង៣០នាទីរសៀល ជនឈ្មោះសាន គង់ ដែលត្រូវជាកូនបង្កើតបានយកកាំបិតខ្វែវដងឈើកាប់ឪពុកឈ្មោះ រៀល វឿងអាយុ៦៦ឆ្នាំ ជាកសិករ បណ្តាលឲ្យដាច់កស្លាប់នៅនឹងកន្លែងតែម្តង ។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងនគរបាលខេត្ត ទទួលផែនកណ្តាលព្រហ្មទណ្ឌ បានឲ្យដឹងថា តាមការបំភ្លឺរបស់អ្នកជិត ខាង និងប្រពន្ធរបស់ជនរងគ្រោះ បានឲ្យដឹងថា ជនសង្ស័យមុននឹងធ្វើសកម្មភាពប្រហែល៣ថ្ងៃមុន គេបានដើរកាប់ដើមចេកអស់ជាច្រើនដើម។
ដោយខ្លាចមានបញ្ហា ជនរងគ្រោះបានទៅស្នាក់នៅផ្ទះអ្នកជិតខាង តែដល់ថ្ងៃកើតហេតុ ពេលពួកគាត់កំពុងអង្គុយលេងនៅលើគ្រែក្រោមផ្ទះ ស្រាប់តែកូនប្រុសរូបនេះកាន់កំបិតខ្វែវដើរសំដៅមករកឪពុក រួចកាប់បណ្តាលឲ្យស្លាប់នៅនឹងកន្លែងតែម្តង ។
លោកស្នងការរងបន្តថា តាមការបំភ្លឺរបស់ប្រពន្ធជនរងគ្រោះនិងជាម្តាយបានឲ្យដឹងថា កូនប្រុសរូបនេះជាជនវិកលចរិត ប៉ុន្តែគ្មានឯកសារបញ្ជាក់ជាក់លាក់នោះទេ ។ ជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ៕
ចែករំលែកព័តមាននេះ