ខ្លាំងបាត់! បង្កគ្រោះថ្នាក់ហើយវាយគេថែមទៀត ផ្អើលមុខស្ថានទូត​


រាជធានី​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​បើកបរ​ដោយ​បុរស​ជា​ជនជាតិ​ចិន បាន​បើក​បត់​ចូល​ស្ថាន​ទូតចិន​ ក៏​ជ្រុល​ទៅ​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ដែល​ជិះ​ដោយ​បុរស​ម្នាក់ បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​រង​របួស បន្ទាប់​មក​បុរស​ជា​ជនជាតិ​ចិន​នោះ​បាន​វាយ​ទៅ​លើ​បុរស​ដែល​ជា​អ្នកបើកបរ​ម៉ូតូ​ថែម​ទៀត ។

ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០១៩ ទល់មុខ​ស្ថានទូត​ចិន តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

ភាគី​ខាង​រថយន្ត​មួយ​គ្រឿង​ជិះ​គ្នា​៤​នាក់ ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ខ្មៅ ពាក់​ពាក់​ស្លាក​លេខ CD ១៧ ០២២ បើកបរ​ដោយ​បុរស​ជា​ជនជាតិ​ចិន​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ និង​នារី​ជនជាតិ​ចិន​ចំនួន​៣​នាក់​ជា​អ្នក​រួម​ដំណើរ មិន​ស្គាល់​អត្តសញ្ញាណ ។ ចំណែក​ភាគី​ខាងលើ ម៉ូតូ​មួយ​គ្រឿង​ម៉ាក ប៊ែ​ន​លី ពណ៌​ស ពាក់​ស្លាក​លេខ កណ្ដាល ១AA-០០៤៧ បើកបរ​ដោយ​បុរស​ជនជាតិ​ខ្មែរ​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ជនជាតិ​ខ្មែរ​ម្នាក់​បើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ប៊ែ​ន​លី ពណ៌​ស ធ្វើ​ដំណើរ​ផ្លូវ​ព្រះ​មុនី​វង្ស ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៍​ស្រាប់តែ​មាន​នារី​ជនជាតិ​ចិន​ចំនួន​៣​នាក់ និង​បុរស​ម្នាក់​ជនជាតិ​ចិន​ជិះ​ក្នុង​រថយន្ត​មួយ​គ្រឿង ធ្វើ​ដំណើរ​តាម​ផ្លូវ​មុនី​វង្ស ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ពី​ត្បូង​ទៅ​ជើង រួច​បត់​ឆ្វេង​ចូល​ទៅ​ក្នុង​ស្ថានទូត​ចិន ក៍​ជ្រុល​ទៅ​បុក​ម៉ូតូ​រប​ស់បុរសជន​ជាតិខ្មែរ បណ្ដាល​ឱ្យ​ដួល​រង​របួស​រលាត់​លាតដៃ​ជើង និង​បែកក្បាល​ផ្នែក​ខាងក្រោយ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា មិនតែប៉ុណ្ណោះ​ទេ បុរស​ជនជាតិ​ចិន​ដែល​ជា​អ្នកបើកបរ​បាន​ចុះ​ពីលើ​រថយន្ត ហើយ​វាយ​ទៅ​លើ​បុរស​រង​គ្រោះ​បន្ថែម​ទៀត បន្ទាប់​មក​បុរស​ជនជាតិ​ចិន​ក៏​បាន​ដើរ​ចូល​ទៅ​ក្នុង​ស្ថានទូត​ចិន​បាត់ ។

ក្រោយ​ពេល​កើតហេតុ ខាង​បុរស​រង​គ្រោះ​មិន​សុខចិត្ត​ក៏​បាន​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចុះ​មក​ជួយ​អន្តរាគមន៍ ដោយ​មាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​និង​ជំនាញ​ចរាចរណ៍​ខណ្ឌចំការមន បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ ដើម្បី​ធ្វើការ​វាស់វែង និង​យក​ទាំង​រថយន្ត​និង​ម៉ូតូ​មក​ដាក់​កៀន រួច​ហើយ​អោយ​ភាគី​ទាំង​សងខាង​ធ្វើការ​សម្របសម្រួល​គ្នា ដោយ​ខាង​ភាគី​បុរស​រង​គ្រោះ​ទាមទារ​សំណង​ចំនួន​២៥០០​ដុល្លារ តែ​ខាង​រថយន្ត​បង្ក​អោយ​តំណាង​ហៅ​ភាគី​ខាង​ម៉ូតូ​រង​គ្រោះ​ចូល​ទៅ​កន្លែង​ដោះស្រាយ​គ្នា​ដោយ​ស្ងាត់​ៗ ដើម្បី​បញ្ចប់រឿង ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ