ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ហ៊ុន ម៉ា​ណែ​ត ៖ ការ​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រដ្ឋាភិបាល​ជា​អំពើ​ខុសច្បាប់

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ថ្លែង​បញ្ជាក់​ជា​ថ្មី​ទៀត​លោក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​មេបញ្ជាការ​កងទ័ពជើងគោក​នៃ​កង​ខេមរភូមិន្ទ​បាន​ប្រកាស​ថា ការ​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រដ្ឋាភិបាល​ជា​អំពើ​ខុសច្បាប់​មិន​ថា ប្រទេស​ប្រជាធិបតេយ្យ ឬ​ប្រទេស​ណា​នោះ​ទេ ។…

ខេត្តកំពង់ស្ពឺ ៖ ថ្លែង​បញ្ជាក់​ជា​ថ្មី​ទៀត​លោក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​មេបញ្ជាការ​កងទ័ពជើងគោក​នៃ​កង​ខេមរភូមិន្ទ​បាន​ប្រកាស​ថា ការ​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រដ្ឋាភិបាល​ជា​អំពើ​ខុសច្បាប់​មិន​ថា ប្រទេស​ប្រជាធិបតេយ្យ ឬ​ប្រទេស​ណា​នោះ​ទេ ។ ការ​ថ្លែង​បែប​នេះ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​០១ ខែតុលា​នេះ ក្នុង​ឱកាស​ដែល​លោក​ចូលរួម​ក្នុង​ពិធី​សម្ពោធ​មជ្ឈមណ្ឌល​ហ្វិ​ក​ហ្វឺ​ន​ភ្នំ​ស្រង់ របស់​បញ្ជាការដ្ឋាន​អង្គរក្ស និង​ខួប​អនុស្សាវរីយ៍​លើក​ទី​១០​ឆ្នាំ​នៃ​ថ្ងៃ​បង្កើត​បញ្ជាការដ្ឋាន​អង្គរក្ស ។

លោក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ថា អ្នក​ដែល​មាន​គោលបំណង​បំផ្លិចបំផ្លាញ​សុខ​សន្តិភាព គឺ​តែងតែ​ញុះញង់​ដោយ​អំពាវនាវ ឲ្យ​កងកម្លាំងប្រដាប់អាវុធ​ឲ្យ​ចូលរួម ដើម្បី​ផ្ដួលរំលំ​រដ្ឋាភិបាល ។ ប៉ុន្តែ​នៅ​គ្រប់​ប្រទេស​នៅ​លើ​ពិភពលោក ការ​ធ្វើ​រដ្ឋប្រហារ​ផ្ដួលរំលំ​រដ្ឋាភិបាល​កម្លាំងប្រដាប់អាវុធ គឺជា​អំពើ​ខុសច្បាប់​មិន​ថា ប្រទេស​ប្រជាធិបតេយ្យ ឬ​ប្រទេស​ណា​នោះ​ទេ ។ លោក​បញ្ជាក់​បន្ថែម​ថា គ្មាន​អ្វី​ដែល​នាំ​ឲ្យ​មាន​សេចក្តីសុខ​ដល់​ប្រទេស​ជាតិ​យើង​តាម​រយៈ​ការ​វាយប្រហារ​គ្នា​នោះ​ទេ ហើយ​យើង​មិន​ចាំបាច់​មើល​ដល់​៤០​ឆ្នាំ​មុន​ទេ ប៉ុន្តែ​មើល​តែ​ប្រទេស​មួយ​ចំនួន​នៅ​មជ្ឈិមបូព៌ា​សព្វថ្ងៃ តើ​មាន​ប្រទេស​ណាមួយ​ដែល​មាន​សេចក្តីសុខ? ។

លោក ហ៊ុន ម៉ា​ណែ​ត បាន​រម្លឹក​ថា ចំពោះ​យុវជន​ជំនាន់​ក្រោយ អ្នក​ដែល​មិន​បាន​ឆ្លងកាត់ សង្គ្រាម​ត្រូវ​ចាំ​ថា គោលដៅ​ធំ​បំផុត​របស់​យើង​ត្រូវ​ថែរក្សា​ឲ្យ​បាន​នូវ​សុខ​សន្តិភាព ដើម្បី​ប្រជាពលរដ្ឋ និង​កូនចៅ​យើង​គ្រប់​ជំនាន់​តទៅ​ទៀត ។ សូមកុំ​ឲ្យ​សុខ​សន្តិភាព​បាត់បង់ ហើយ​កុំ​ចង់​សាក​នៅ​ពេល​ដែល​វា​បាត់បង់ ។ ប៉ុន្តែ​លោក​ថា ខណៈ​នេះ​នៅ​តែ​មាន​អ្នកនយោបាយ​ខ្លះ​នៅ​តែ​ចង់​បំផ្លាញ​សុខ​សន្តិភាព​ដោយ​ញុះញង់​បំផុសបំផុល​កងកម្លាំងប្រដាប់អាវុធ​ផ្តួលរំលំ​រដ្ឋាភិបាល​ធ្វើ​ឲ្យ​ប្រទេស​ខ្ទេចខ្ទាំ ប្រជាជន​លំបាក​វេទនា ដើម្បី​មហិច្ឆតា​នយោបាយ​របស់​ខ្លួន ។

ដូច្នេះ​កងកម្លាំងប្រដាប់អាវុធ​ត្រូវ​តែ​ច្បាស់លាស់​ដាច់ខាត​មិន​អាច​ជា ឧបករណ៍​បំផ្លាញ​សុខ​សន្តិភាព​មិន​អាច​ជា​ឧបករណ៍​បម្រើ​មហិច្ឆតា​នយោបាយ​របស់​គណបក្ស ឬ​អ្នកនយោបាយ​ណា​ដែល​មិន​គោរព​ព្រះមហាក្សត្រ​ដែល​មិន​គោរព​រដ្ឋធម្មនុញ្ញ​លទ្ធិប្រជាធិបតេយ្យ​ដែល​បោះ​ឆ្នោត​មិន​ឈ្នះ​ហើយ​ទៅ​បបួល​គេ​ធ្វើ​រដ្ឋប្រហារ ។ ដូច្នេះ​កុំ​ឲ្យ​មាន​ប្រវត្តិសាស្ត្រ​ដូច​អតីតកាល ។

មេបញ្ជាការ​កងទ័ពជើងគោក​រូប​នោះ​បាន​លើក​ឡើង​ថា ការ​និយាយ​ស្ដី​របស់​មេដឹកនាំ​ម្នាក់​ដោយ​គ្មាន​ការ​ទទួលខុសត្រូវ ហើយ​ចង់​មក​ដឹកនាំ​ប្រទេស​ដោយ​បបួល​គេ​ធ្វើ​រដ្ឋប្រហារ​បំផ្លាញ​ជាតិ​ដើរ​វាយប្រហារ​ការ​ឆ្កឹះឆ្កៀល​ញុះញង់​គ្រប់​បែប​យ៉ាង​ក្នុង​គោលបំណង​បំផ្លាញ​សុខ​សន្តិភាព​ស្ថេ​រ​ភាព​នៅ​ក្នុង​ប្រទេស ។ ដូច្នេះ​អ្វី​ដែល​សំខាន់ សូម​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​ពិនិត្យ​មើល​ឱ្យ​ច្បាស់​ប្រកាន់​ជំហរ​ឲ្យ​នឹងនរ​ច្បាស់លាស់ ដើម្បី​ការពារ​ថ្នាក់ដឹកនាំ ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ​ដោះស្រាយ​ការងារ​ធំ​ៗ​យក​សន្តិសុខ សន្តិភាព​ជូន​ជាតិ និង​ប្រជាជន ។ លោក​ក៏​បាន​សង្កត់ធ្ងន់​ថា ការ​ឆ្លងកាត់ និង​ការ​លះបង់​របស់​អ្នក​ថ្នាក់ដឹកនាំ​ប្រឈម​គ្រោះថ្នាក់​ច្រើន​ណាស់​ដើម្បី​ឲ្យ​បាន​អ្វី​ៗ​មក​ដល់​សព្វ​ថ្ងៃនេះ ។

ដូច្នេះ​យើង​ត្រូវ​ដាច់ខាត​បន្ត​ស្នាដៃ​បន្ត​កសាង​សមិទ្ធផល​ជូន​ជាតិ​មាតុភូមិ​បន្ត​ទៀត​ព្រោះថា កងទ័ព​ភ្ជាប់​និស្ស័យ​ជាមួយនឹង​ប្រជាជន​កងទ័ព​ជា​របស់​ប្រជាជន​ជា​កូនចៅ​ប្រជាជន​បម្រើប្រជាជន ។ នេះ គឺជា​អ្វី​ដែល​សំខាន់​ដែល​ត្រូវធ្វើ​ភាព​ស្មោះត្រង់​ដាច់ខាត ។ លោក​បាន​បញ្ជាក់​ជា​ចុង​ក្រោយ​ថា គោលដៅ​សំខាន់​២​នៃ​គោលនយោបាយ​ការពារ ជាតិ​របស់​យើង គឺ​ការ​ធ្វើ​ឲ្យ​មាន​សន្តិភាព ឋិតថេរ​យូរអង្វែង និង​ការ​កសាង​ឱកាស​សម្រាប់​កម្ពុជា ។

លោក​បន្ត​ថា សន្តិភាព​ស្ថិរភាព​នយោបាយ និង​ការ​រីក​លូតលាស់​ផ្នែក​សេដ្ឋកិច្ច ដែល​កម្ពុជា កំពុង​មាននៅ​ក្នុង​ពេល​បច្ចុប្បន្ន​កំពុង​ផ្តល់​ឱកាស​ដ៏​ប្រពៃ​សម្រាប់​ការ​កសាង និង​អភិវឌ្ឍ​សមត្ថភាព​កង​យោធពលខេមរៈភូមិន្ទ ។ លោក​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា កិច្ចការ​ស្នូល​អាទិភាព​ចាំបាច់ និង​មាន​សារៈសំខាន់​បំផុត​ដែល​កង​យោធពលខេមរភូមិន្ទ​ត្រូវ​តែ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​អនុវត្ត​ប្រកបដោយ​ភាព​ម៉ឺងម៉ាត់​ដាច់ខាត និង​ទទួលខុសត្រូវ ដើម្បី​ធានា​បាន​ទាំងស្រុង​នូវ​សុខ​សន្តិភាព​ស្ថិរភាព​សន្តិសុខ ស្ថិតស្ថេរ យុវវ័យ​កសាង​ឱកាស​សម្រាប់​អភិវឌ្ឍន៍​ជាតិ និង​បន្ត​លើកកម្ពស់​កិច្ច​សហប្រជាជាតិ​ឱ្យ​បាន​កាន់តែ​ទូលំទូលាយ​ថែម​ទៀត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ