ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះធម្មជាតិថ្ងៃភ្ជុំបិណ្ឌ…វាយប្រហារ៣ខេត្ត​

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តព្រៃវែង ៖ ភ្លៀង​មួយ​មេ​ធំ និង​នាំ​នូវ​ខ្យល់​កន្ត្រាក់​មក​ជាមួយ​ផង​នោះ បាន​បោកបក់​យ៉ាង​ខ្លាំង​ធ្វើ​ឱ្យ​លំនៅ​ឋាន​ជិត​៥០​ខ្នង នៅក្នុងស្រុក​ចំនួន​២​នៃ​ខេត្តព្រៃវែង ខ្លះ​ដួល​រលំ​ខ្លះ​ប៉ើង​ដំបូល​និង​ជញ្ជាំង ព្រមទាំង​បាន​ធ្វើ​ឱ្យ​បុរស​ម្នាក់ ស្លាប់​បាត់បង់​ជីវិត​ដោយសារ​តែ​ផ្ទះ​រលំ​សង្កត់​លើ និង​៦​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់​និង​ស្រាល…

ខេត្តព្រៃវែង ៖ ភ្លៀង​មួយ​មេ​ធំ និង​នាំ​នូវ​ខ្យល់​កន្ត្រាក់​មក​ជាមួយ​ផង​នោះ បាន​បោកបក់​យ៉ាង​ខ្លាំង​ធ្វើ​ឱ្យ​លំនៅ​ឋាន​ជិត​៥០​ខ្នង នៅក្នុងស្រុក​ចំនួន​២​នៃ​ខេត្តព្រៃវែង ខ្លះ​ដួល​រលំ​ខ្លះ​ប៉ើង​ដំបូល​និង​ជញ្ជាំង ព្រមទាំង​បាន​ធ្វើ​ឱ្យ​បុរស​ម្នាក់ ស្លាប់​បាត់បង់​ជីវិត​ដោយសារ​តែ​ផ្ទះ​រលំ​សង្កត់​លើ និង​៦​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់​និង​ស្រាល ។

ហេតុ​ការ​ណ៍នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​២៨​កញ្ញា ដោយ​មាន​ភ្លៀង​មួយ​មេ​យ៉ាង​ធំ​នាំ​មក​លាយឡំ​ជាមួយ​និង​ខ្យល់​កន្ត្រាក់​យ៉ាង​ខ្លាំង គ្របដណ្តប់​ទៅ​លើ​ស្រុក​ចំនួន​២​នៃ​ខេត្តព្រៃវែង គឺ​ស្រុក​កំពង់ត្របែក និង​ស្រុក​ពាម​ជរ ក្នុង​នោះ​ស្រុក​កំពង់ត្របែក​ផ្ទះ​ចំនួន​៣​ខ្នង​ដួល​រលំ​ខូចខាត​ទាំងស្រុង ស្រី្ត​ម្នាក់​រង​របួស​បាក់​ភ្លៅ​ខាងស្តាំ ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ទាំង​យប់ ។

ចំណែក​នៅ​ឯ​ស្រុក​ពាម​ជរ ខ្យល់​កន្ត្រាក់​បាន​បោកបក់​ទៅ​លើ​ឃុំ​ចំនួន​៤ និង​បាន​បណ្តាល​ឱ្យ​ផ្ទះសម្បែង​ជាង​៤០​ខ្នង​បានរ​លំបាក់ ប៉ើង​ដំបូល​និង​របើក​ជញ្ជាំង ជាមួយ​គ្នា​នោះ​បាន​បណ្តាល​ឱ្យ​បុរស​ម្នាក់​ឈ្មោះ ងួ​ន ជុន អាយុ​៤៧​ឆ្នាំ នៅ​ភូមិ​រកា​ដុះ ឃុំ​ក្រាំង​ត្រ​យ៉ង ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​ដោយ​ត្រូវ​ផ្ទះ​រលំ​សង្កត់ពីលើ និង​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​ចំនួន​៥​នាក់​ផ្សេង​ទៀត បាន​រង​របួសធ្ងន់​និង​ស្រាល​ផង​ដែរ ។

ក្រោយ​ពី​កើត​មាន​ហេតុការណ៍​ខ្យល់​កន្ត្រាក់ វាយប្រហារ​ទៅ​លើ​ផ្ទះសម្បែង​បែប​នេះ នៅ​ព្រឹក​ថ្ងៃ​បន្ទាប់ ខាង​អាជ្ញាធរ​ស្រុក​ទាំង​២ រួម​ទាំង​កម្លាំង​សមត្ថកិច្ច​ផង​ដែរ បាន​ចុះ​ទៅ​ជួយ​រុះរើ​រៀបចំផ្ទះ​សម្បែង​ឱ្យ​ជន​រង​គ្រោះ និង​បាន​កាប់​ទាញ​ដើមឈើ​ធំ​ៗ​ដែល​ដួល​រលំ​សង្កត់​លើ​ផ្ទះ​អ្នកស្រុក និង​រលំ​កាត់​លើ​ផ្លូវ​ដើម្បី​សម្រួល​កុំឱ្យ​មានការ​កកស្ទះ​ចរាចរណ៍ ។ ចំណែក​ជន​រង​គ្រោះ​ទាំងអស់ ក៏​ត្រូវ​បាន​នាំ​យក​ទៅ​ព្យាបាល នៅ​តាម​មន្ទីរពេទ្យ​បង្អែក​ស្រុក​ផង​ដែរ ។

សាលាឃុំ​ផ្ទះ​ក្រោលគោ​និង​ផលដំណាំ​មួយ​ចំនួន​រង​ការ​ខូចខាត​របួស​៥​នាក់​ដោយ​ខ្យល់​កន្ត្រាក់
ខេត្តកណ្តាល ៖ យោង​តាម​របាយការណ៍​របស់​រដ្ឋបាល​ស្រុក​លើក​ដែក បាន​បញ្ជាក់​ឱ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​ទី​២៨ កញ្ញា មាន​ភ្លៀង​ធ្លាក់​១​មេ​យ៉ាង​ខ្លាំង លាយឡំ​ទៅ​ដោយ​ខ្យល់​កន្ត្រាក់​បោកបក់​ជា​ខ្លាំង​បណ្តា​ល្យ​ប៉ះ​ពាល់​ដល់​សាលាឃុំ និង​ផ្ទះ​ចំនួន​៦​ខ្នង សាលាឃុំ​១​ខ្នង និង​ក្រោលគោ​១​រោង​រង​ការ​ខូចខាត​បន្តបន្ទាប់​ដោយ​​ខ្លះ​របើក​ដំបូល ខ្លះ​រលំ​ទាំងស្រុង​រាប​ដល់​ដី ។

ជាមួយ​នេះ​ស្លាក​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា​ដួល​រលំ​២​កន្លែង​(​ដាច់​ជើង​១​និង​វៀច​១) ។ របាយការណ៍​បាន​បញ្ជាក់​បន្ថែម​ថា គ្រោះ​ធម្មជាតិ​នេះ​បាន​កើតឡើង​នៅ​ភូមិ​ពាម​រាំង ឃុំ​ពាម​រាំង ស្រុក​លើក​ដែក ក្រៅពី​ផ្ទះសម្បែង​មនុស្ស​ចំនួន​៥​នាក់​ក៏​រង​របួសធ្ងន់​ស្រាល​ផង ដែរ ។ ក្រៅពី​នោះ​នៅ​មាន​ផលដំណាំ​របស់​ប្រជា​ពលរដ្ឋ​ជា​ច្រើន​ទៀត ដូច​ជា ចេក ស្វាយ ល្ហុង ។​ល​។ រង​ការ​ខូចខាត​ផង​ដែរ ។

លោក ចាប ច័ន្ទ​វិទ្យា អភិ​បាលស្រុក​លើក​ដែក បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​ករណី​គ្រោះ​ធម្ម​ជាតិ​នេះ​ភ្លាម លោក​ក៏​បាន​ចាត់​ឱ្យ​អាជ្ញាធរ​និង​កម្លាំង​សមត្ថកិច្ច​មូល​ឋាន​ចុះ​ទៅ​ជួយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​​យប់ និង​ឱ្យ​មន្ត្រី​ចុះ​ពិនិត្យ​និង​ធ្វើ​របាយការណ៍​លម្អិត​ដើម្បី​ត្រៀម​នាំ​យក​អំណោយ​ទៅ​ចែក​ជូន​ដល់​ពល​រដ្ឋ​រង​គ្រោះ​ទាំងនោះ​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។

ខ្យល់​កន្ត្រាក់​រំលំ​ផ្ទះ​ស្លាប់​២​របួស​៧ ខណៈ​ជួបជុំ​បងប្អូន​ថ្ងៃ​ឆ្លង​ភ្ជុំបិណ្ឌ
ខេត្តស្វាយរៀង ៖ យ៉ាង​ហោច​ណាស់​លំនៅ​ឋាន​២​ខ្នង​បាន​រលំ​បង្ក​ឱ្យ​មនុស្ស​២​នាក់​ស្លាប់ និង​៧​នាក់​ផ្សេង​ទៀត បាន​រង​របួសធ្ងន់​និង​ស្រាល​ដោយសារ​គ្រោះថ្នាក់​ធម្មជាតិ ខណៈ​មាន​ភ្លៀង​មួយ​មេ​ធំ​លាយឡំ​និង​ខ្យល់​កន្ត្រាក់​បណ្តាល​ឲ្យ​រលំ​ផ្ទះ​សង្កត់​មនុស្ស​ស្លាប់​និង​របួស​តែ​ម្តង ។ ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​នៅ​ភូមិ​ក្តី​ស្លា ឃុំ​ស្វាយ​យា ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង​ក្នុង​ថ្ងៃ​ឆ្លងបុណ្យ​ភ្ជុំ កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៨ កញ្ញា ។

បើ​តាម​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ផ្ទះ​រង​គ្រោះ​ចំនួន​២​ខ្នង ដែល​រង​ការ​ខូចខាត​មាន ផ្ទះ​ទី​១-​មាន​ទំហំ​៨​ម​X៩​ម​ធ្វើ​អំពី​ឈើ​ប្រក់​ក្បឿង ជញ្ជាំង​ស័ង្ខ​សី រនាប​ក្តារ មាន​ម្ចាស់ផ្ទះ​ឈ្មោះ យួន រ៉​ង់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​កសិករ​(​ផ្ទះ​ខូចខាត​ស្ទើរ​ទាំងស្រុង​) បណ្តាល​ឱ្យ​សង្កត់​មនុស្ស​២​នាក់​ស្លាប់ និង​៧​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់​ស្រាល គឺ​ម្ចាស់ផ្ទះ​ឈ្មោះ យួន រ៉​ង ស្លាប់​រីឯ​ប្រពន្ធ​របួសធ្ងន់​) ។

សមត្ថកិច្ច​បាន​បន្ត​ថា ជន​រង​គ្រោះ​ទី​១-​ឈ្មោះ ហែម សាក់ ភេទ​ស្រី អាយុ​៤១​ឆ្នាំ ស្លាប់​នៅ​កន្លែង​កើតហេតុ ។ ២-​ឈ្មោះ ហែម ធី ភេទ​ស្រី អាយុ​៣០​ឆ្នាំ ជា​ប្រពន្ធ​ម្ចាស់ផ្ទះ​ឈ្មោះ យួន​រ៉​ង រង​របួសធ្ងន់ ។ ៣-​ឈ្មោះ ហែម ឃ្លោក ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ របួសស្រាល ។ ៤-​ឈ្មោះ ហែម ពែ​ក ភេទ​ស្រី អាយុ​៣១​ឆ្នាំ រង​របួសស្រាល ។ ៥-​ឈ្មោះ វ៉ា សា​រឿ​ន ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ រង​របួសស្រាល ។ ៦-​ឈ្មោះ ហែម ចាន់​ធឿ​ន ភេទ​ស្រី អាយុ​៣៩​ឆ្នាំ​រង​របួសស្រាល​។ ៧-​ឈ្មោះ​អ៊ុ​សេង ភេទ​ស្រី អាយុ​៦៣​ឆ្នាំ រង​របួសស្រាល ។ ៨-​ឈ្មោះ ចាន់ សាលី​ម ភេទ​ស្រី អាយុ​១៧​ឆ្នាំ រង​របួសស្រាល ។

បច្ចុប្បន្ន​ជន​រង​គ្រោះ​ទាំង​៨​នាក់​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សង្គ្រោះ​និង​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត ស្វាយ រៀង ។ ចំណែក​សព​ជន​រង​គ្រោះ​ក្រុម​គ្រួសារ​និង​អាជ្ញាធរ​បាន​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ សូម​បញ្ជាក់​ក្រុម​គ្រួ​សារបាន​មក​ជួបជុំ​ឪពុក​ម្តាយ​ពេល​ថ្ងៃ​ឆ្លង​ភ្ជុំ​ក៏​ជួប​គ្រោះ​តែ​ម្តង ។

ប្រភព​ដដែល​បានឱ្យ​ដឹង​ទៀត​ថា ដោយឡែក​ផ្ទះ​ទី​២​ធ្វើ​អំពី​ឈើ​ប្រក់​ហ្វ៊ី​ប្រូ ជញ្ជាំង​ស័ង្កសី រនាបឫស្សី ទំហំ​៥​ម​X៦​ម ម្ចាស់​ឈ្មោះ​ឆាំ ចិន្តា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជា​កសិករ រលំ​ខូចខាត​ស្ទើរ​ទាំងស្រុង រីឯ​មនុស្ស​មិន​មាន​គ្រោះថ្នាក់​ទេ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ