ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រងើកភ្លើង​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​ពេល​លោក​សម រ​ង្ស៊ី​ ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ទុ​យ​នេ​ស៊ី​កាលពី​ឆ្នាំ​២០១១ លោក​មាន​គោលបំណង រួច​ជា​ស្រេច​ដើម្បី​សិក្សា​អំពី​របៀប​ធ្វើ​បដិវត្តន៍​ពណ៌​មួយ​ដើម្បី​យក​មកអនុវត្តន៍ នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​បំណង​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ​ហ៊ុន សែន ។ បន្ទាប់​ពី​ទស្សនកិច្ច​នោះ…

នៅ​ពេល​លោក​សម រ​ង្ស៊ី​ ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ទុ​យ​នេ​ស៊ី​កាលពី​ឆ្នាំ​២០១១ លោក​មាន​គោលបំណង រួច​ជា​ស្រេច​ដើម្បី​សិក្សា​អំពី​របៀប​ធ្វើ​បដិវត្តន៍​ពណ៌​មួយ​ដើម្បី​យក​មកអនុវត្តន៍ នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​បំណង​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ​ហ៊ុន សែន ។ បន្ទាប់​ពី​ទស្សនកិច្ច​នោះ ៨​ឆ្នាំ រងើកភ្លើង​នៃ​ការ​ធ្វើ​បដិវត្ត​ពណ៌​ត្រូវ​បាន លោក សម រ​ង្ស៊ី បង្កាត់​កាន់ តែ​ខ្លាំង​នៅ​ក្នុង​ពេល​ថ្មី​ៗ​នេះ ។

លោក​បាន​ប្រកាស​ពី​ការ​វិល​ត្រឡប់​មកវិញ​នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ជាមួយនឹង​ផែនការ​កេណ្ឌ​មនុស្ស​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន ។ ធ្ងន់ធ្ងរ​ជាង​នេះ លោក​បាន​ប្រកាស​អំពាវនាវ​ឱ្យ​យោធា​ងាក​មកគាំទ្រ​រូប​លោក​នៅ​ក្នុង​ការ​ប្រឆាំង​នឹង​រដ្ឋាភិបាល ។

ជាមួយនឹង​ការ​អំពាវនាវ​ឱ្យ​មានការ​ចូលរួម​ពី​យោធា លោក សម រ​ង្ស៊ី បាន​ឆ្លង​ផុតពី​បន្ទាត់​ក្រហម ហួស​ផុត​ពី​ការ​តវ៉ា​អហិង្សា ។ លោក សម រ​ង្ស៊ី​បាន​សម្លឹង​ឃើញ​ថា​ការ​បះបោរ​ជា​ជម្រើស​តែ​មួយ​គត់​ប្រឆាំង​នឹង​រដ្ឋាភិបាល​បច្ចុប្បន្ន ។ ប៉ុន្តែ​តើ​លោក​អាច​នឹង​ទទួល​ជោគជ័យ​កម្រិត​ណា​ពី​ជម្រើស​នយោបាយ​ដ៏​គ្រោះថ្នាក់​នេះ​ហើយ​ថា​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​នឹង​ស្ម​គ្រ​ស្លាប់​ជាមួយ​លោក​នៅ​ក្នុង​ការ​ធ្វើ​បដិវត្តន៍​នេះ ?

លើក​នេះ លោក​សម រ​ង្ស៊ី​ ហាក់ដូចជា​មាន​ផែនការ​ខ្លាំង​និង​ល្អិតល្អន់​ជាង​មុន​អំពី​ការ​វិល​ត្រឡប់របស់​លោក​មក​កាន់​ប្រទេស​កម្ពុជា​វិញ ។ ដូច្នេះ រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​រៀបចំ​ផែនការ យ៉ាង​ល្អិតល្អន់​ខ្លាំង ដើម្បី​ចាត់វិធានការ​មាន​ប្រ​សិ​ទ្ឋ​ភាព​ដើម្បី​ទប់​ទប់​កុំឱ្យ​មានការ​បះបោរ​ណាមួយ​អាច​កើត​មាន​ឡើង ដោយសារ​ការ​វិល​ត្រឡប់​និង​ការ​ចាប់​ខ្លូ​នលោក​សម រ​ង្ស៊ី ។

សេណា​រី​យ៉ូ​បី​ដែល​អាច​កើត​មាន​ចំពោះ​ការ​ប្រកាស​របស់​លោក​សម រ​ង្ស៊ី នៅ​ក្នុង​ការ​វិល​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ​និង​ការ​ធ្វើ​បដិវត្តន៍​តាម​គំរូ​ប្រទេស​ទុ​យ​ណេ​ស៊ី ។ សេណា​រី​យ៉ូ​ទី​មួយ លោក សម រ​ង្ស៊ី​នឹង​មិន​វិល​ត្រឡប់​មក​ដូចដែល​គាត់​បាន​ប្រកាស​នោះ​ទេ ។ នេះជា​សេណា​រី​យ៉ូ​ដែល​អាច​នឹង​កើត​មាន​ជាងគេ ពីព្រោះ​តែ​កន្លង​មក​លោក​សម រ​ង្ស៊ី បាន​ប្រកាស​ជា​ច្រើន​ដង​ពី​ការ​វិល​ត្រឡប់​របស់​គាត់ ប៉ុន្តែ​ក្រោយមក​លោក​មិន​បាន​វិល​ត្រឡប់​ឡើយ​ដោយ​លើក​អំពី​ហេតុផល​ផ្សេង​ៗ ។ អ្នកវិភាគ​ជា​ច្រើន​ក៏​នៅ​តែ​គិត​ថា លោក សម រ​ង្ស៊ី​ប្រហែលជា​នឹង​មិន​វិល​ត្រឡប់​មក​វិញ​នោះ​ទេ ។ ហើយ​បដិវត្តន៍​ពណ៌​មួយ​នៅ​ក្នុង ប្រទេស​កម្ពុជា​ក៏​នឹង​មិន​អាច​កើត​មាន​ឡើង​ដែរ ។

បើ​ទោះបីជា​លោក សម រ​ង្ស៊ី វិល​ត្រឡប់​មក​វិញ​ដើម្បី​ដឹកនាំ​ការ​បះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល ក៏​លោក​ប្រហែលជា​នឹង​មិន​អាច​ទទួល​ជោគជ័យ​នៅ​ក្នុង​ការ​ប្រមូល​មនុស្ស​សម្រាប់​បដិវត្តន៍​មួយ​នេះ​ឡើយ ។ ប្រជាជន​កម្ពុជា​ជា​ច្រើន​ប្រហែលជា​នឹង​មិន​ទាន់​ត្រៀមខ្លួន​ស្រេច​ដើម្បី​ស្លាប់​ដើម្បី​បុព្វហេតុ​មួយ​ដែល​មិន​ប្រាកដប្រជា​នោះ​បាន​ឡើយ ។ ជំហរ​របស់​លោក​ដែល​ផ្លាស់​ប្តូរ​មិន​ទៀងទាត់​ប្រហែលជា​ពិបាក​នឹង​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​ជឿជាក់​ទៅ​លើ​រូប​លោក ។

ម្យ៉ាងទៀត លោក​ក៏​ប្រហែលជា​ពិបាក​ទាក់ទាញ​ប្រជាជន​អោយ​ចូលរួម​គ្រោះថ្នាក់​ជាមួយ​ផង​ដែរ ដោយ​សារ​តែ​មនុស្ស​ជា​ច្រើន​យល់​ថា​មិនឃើញ​មាន​ភាព​ចាំបាច់​ដែល​ត្រូវធ្វើ​បដិវត្តន៍​នោះ​ឡើយ ខណៈ​ដែល​ប្រទេស​ជាតិ​កំពុង​តែមាន​សេដ្ឋកិច្ច​រីក​ចម្រើន ហើយ​ប្រជាជន​កាន់តែ​មាន​ជីវភាព​ល្អ​ប្រសើរ​ជាង​មុន ។ ប្រជាជន​ភាគច្រើន​បំផុត​នឹង​មិន​ប្រថុយស្លាប់​សម្រាប់​បុព្វហេតុ​មួយ ដែល​មិន​ច្បាស់លាស់​និង​ផ្តល់លទ្ធផល​អវិជ្ជមាន​ច្រើន​ជាង​វិជ្ជមាន ។

ស្ថានភាព​នៅ​ប្រទេស​កម្ពុជា​ពេល​នេះ​មិន​ដូច​ស្ថានភាព​នៅ​ប្រទេស​ទុ​យ​ណេ​ស៊ី​កាលពី​ឆ្នាំ​២០១១​ដែល​ត្រូវ​ញាំញី​ដោយ​បញ្ហា​ជា​ច្រើន​ពិសេស​ស្ថានភាព​ក្រីក្រ អំពើ​ពុក​រលួយ និង​អយុត្តិធម៌​នៅ​ក្នុង​សង្គម​នៅ​ក្នុង​ប្រទេស​នោះ ។ ដូច្នេះ​ការ​រំពឹង​ថា​ប្រជាជន​កម្ពុជា​នឹង​អាច​ក្រោក​ឡើង​បះបោរ​ដូច​នៅ​ប្រទេស​ទុ​យ ណេ​ស៊ី​គឺជា​ការ​ទស្សន៍​ទាយ​ស្ថានការណ៍​មួយ​ដែល​មិន​ត្រឹមត្រូវ​ឡើយ ។

នេះ​ជា​សេណា​រី​យ៉ូ​មួយ​ដែល​ល្អ​ជាងគេ​សម្រាប់​ស្ថិរភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ការ​មិន​វិល​ត្រឡប់​របស់​គាត់​គឺ​មាន​ន័យ​ថា​នឹង​មិន​មានការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ក្រុម​អ្នកគាំទ្រ​លោក សម រ​ង្ស៊ី និង​កងកម្លាំង​របស់​រាជរដ្ឋាភិបាល​ដែល​បាន​ប្រកាស​រួច ហើយ​អំពី​ការ​ចាត់វិធានការ​គ្រប់យ៉ាង​ដើម្បី​ការពារ​រាជរដ្ឋាភិបាល ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ​ចុះ​ការ​អំពាវនាវ​របស់​សម រ​ង្ស៊ី អាច​ជា​ការ​ដាស់តឿន​មួយ សម្រាប់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ដែល​ត្រូវ​ធានា​អោយ​បាន​ថា​កម្ពុជា​ត្រូវ​ស្ថិត​នៅ​លើ​ផ្លូវ​ដ៏​ត្រឹមត្រូវ​មួយ​ដោយ​អាច​ឱ្យ​ប្រជាជន​កម្ពុជា​ទាំងអស់​រស់នៅ​មាន​ជីវភាព​ធូរធា​និង​សប្បាយចិត្ត ។ រាជរ​ដ្ឋា​ភិបាល​ត្រូវ​ចាត់វិធានការ​ដើម្បី​ធានា​ថា ប្រជាជន​គ្រប់​រូប​បាន​ទទួលផល​គ្រប់​គ្នា​ពី​កំណើនសេដ្ឋកិច្ច ទទួល​បាន​យុត្តិធម៌​សង្គម និង​សិទ្ធិ​សេរីភាព​ក្នុង​នាម​ជា​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ​មួយ ។

នៅ​ពេល​ដែល​ប្រជាជន​ទទួល​អារម្មណ៍​ថា​ពួក​គេ​រស់នៅ​មាន​ជីវភាព​សមរម្យ បាន​សេចក្តីសុខ និង
សប្បាយ​រីករាយ​នោះ ពួក​គេ​នឹង​មិន​ងាយ​ត្រូវ​បាន​អូស​ទាញ​ឱ្យ​ចូលរួម​ក្នុង​ការ​បះបោរ​ណាមួយ​ឡើយ ។
ឥឡូវ​យើង​ចូល​ទៅ​កាន់​សេណា​រី​យ៉ូ​ទី​ពីរ​វិញ​ម្តង ។ សេណា​រី​យ៉ូ​ទី​ពីរ​លោក សម រ​ង្ស៊ី នឹង​វិល​ត្រឡប់​ចូល​ប្រទេស​វិញ​ហើយ​ដឹកនាំ​ការ​តវ៉ា​ដូចដែល​គាត់​អះអាង​ដើម្បី​ឈាន​ដល់​ការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល ។ នេះ​គឺជា​សេណា​រី​យ៉ូ​ដ៏​គ្រោះថ្នាក់​បំផុត​សម្រាប់​ប្រទេស​កម្ពុជា ។

វា​ជា​សេណា​រី​យ៉ូ​មួយ​ដែល​អាច​ឈាន​ដល់​ការ​ប៉ះទង្គិច​គ្នា​និង​អំពើ​ហិង្សា​ដែល​អាច​នាំ​ឱ្យ​មានការ​បង្ហូរឈាម មនុស្ស​របួស​និង​ស្លាប់ ។ គេ​អាច​ចាំ​បាន​អំពី​ព្រឹត្តិការណ៍​នៃ​ការ​តវ៉ា​ក្រោយ​ការ​បោះ​ឆ្នោតកាលពី​ឆ្នាំ​២០១៣​ដែល​ពេល​នោះ​អំពើ​ហិង្សា​បាន​ផ្ទុះ​ឡើង​នៅ​ផ្លូវ​វេ​៉េ​ស្រង​រវាង​បាតុករ​និង​សមត្ថកិច្ច ដែល​បាន​ធ្វើ​ឱ្យ​មានការ​បំផ្លាញ​ទ្រព្យសម្បត្តិ មនុស្ស​រង​របួស​និង​ស្លាប់​ជា​ច្រើន​នាក់ ។

រាជ​ដ្ឋា​ភិ​បាល​កម្ពុជា​ប្រហែលជា​បាន​រៀនសូត្រ​ផង​ដែរ​ពី​ព្រឹត្តិការណ៍​ក្រោយ​ការ​បោះ​ឆ្នោត​កាល​ឆ្នាំ​២០១៣​ហើយនឹង​មិន​បណ្តោយ​ឱ្យ​សភាពការណ៍​បែប​នេះ​អាច​កើត​មាន​ឡើង​ទៀត​ដែរ ។ប៉ុន្តែ​បើសិនជា​កម្ពុជា​ត្រូវ​រុញច្រាន​ឱ្យ​ធ្លាក់​នៅ​ក្នុង​សេណា​រី​យ៉ូ​នេះ កម្ពុជា​នឹង​ប្រឈម​មុខ​នឹង​ភាព​មិន ប្រាកដប្រជា​ផ្នែក​នយោបាយ ហើយ​ផលវិបាក​នៃ​ការ​ធ្វើ​បដិវត្តន៍​នេះ​ប្រហែលជា​នឹង​ផ្តល់​ផល​អាក្រក់​ច្រើន​ជាង​ល្អ​សម្រាប់​ប្រទេស​កម្ពុជា ។ ការ​ផ្ទុះ​ឡើង​នូវ​អំពើ​ហិង្សា​ណាមួយ​ពេល​នោះ​នឹង​ជះ​ឥទ្ធិពល​អាក្រក់​ផ្នែក​នយោបាយ​រយៈពេល​វែង​សម្រាប់​ប្រទេស​កម្ពុជា ។

ដូច្នេះ​ការ​ប្រឈម​មុខ​ដាក់​គ្នា​តាម​ដងផ្លូវ ជា​អ្វី​ដែល​អ្នកនយោបាយ​ទាំងអស់ ត្រូវ​តែចៀសវាង​អោយ​បាន​បើសិនជា​ពួក​គេ​គិតដល់​អនាគត​វែង​ឆ្ងាយ​របស់​ប្រទេស​ជាតិ​។សេណា​រី​យ៉ូ​ទី​ពីរ​នេះ​គួរតែ​កើត​មាន ក្រោយ​មានការ​ចរចា​ក្រៅ​ឆាក​មួយ​ដើម្បី​ធានា​ឱ្យ​បាន​ចៀសវាង​ការ​ប៉ះទង្គិច​គ្នា​រវាង​កងកម្លាំង​សមត្ថកិច្ច​និង​ក្រុម​អ្នកគាំទ្រ​លោក សម រ​ង្ស៊ី ។ សេណា​រី​យ៉ូ​ទី​បី​គឺ​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​និរទេស​ខ្លួន​ដោយ​ក្នុង​នោះ​រួម​មាន​លោក អេ​ង ឆៃ​អ៊ា​ង និង​លោកស្រី មូ សុខ​ហួរ នឹង​វិល​ត្រឡប់ចូល​ប្រទេស​កម្ពុជា​វិញ ប៉ុន្តែ​ពួក​គេ​នឹង​ប្រកាស​ថា ពេលវេលា​មិន​ទាន់​អនុគ្រោះ​សម្រាប់​ការ​វិល​ត្រឡប់​របស់​លោក សម រ​ង្ស៊ី ។

លោក សម រ​ង្ស៊ី នឹង​មិន​ត្រូវ​បាន​អ្នកគាំទ្រ​ឱ្យ​វិល​ត្រឡប់​ឡើយដោយ​លើក​ហេតុផល​សុវត្ថិភាព ។ នេះ​ក៏​ជា​សេណា​រី​យ៉ូ​ដ៏​ល្អ​មួយ​ដែល​អាច​ជួយ​រក្សា​មុខមាត់​របស់​លោក សម រ​ង្ស៊ី ដើម្បី​កុំឱ្យ​មានការ​ប៉ះពាល់​ខ្លាំង​ដោយសារ​តែ​អ្វី​ដែលគាត់​បាន​និយាយ ។នៅ​ក្នុង​រយៈពេល​ជាង​មួយ​ខែ​នេះ​ឆ្ពោះទៅ​កាន់​ថ្ងៃ​ទី​៩ ខែវិច្ឆិកា វា​ជា​ពេលវេលា​ដ៏​សំខាន់​មួយ នៃ​នយោបាយ​កម្ពុជា ។ វា​ក៏​ជា​ពេលវេលា​ដែល​តម្រូវ​ឱ្យ​អ្នក នយោបាយ​ពិចារ​ណា​យ៉ាង​ល្អិន​ល្អន់ អំពី​ជម្រើស​ផ្សេង​ៗ​ដែល​ពួក​គេ​ត្រូវ​ប្រកាន់​យក​ដោយ​ត្រូវធ្វើ​យ៉ាងណា​ចៀសវាង​ឱ្យ​បានការ​បង្ហូរឈាម​ជាតិ​សាសន៍​ឯង​ក្នុង​ជម្លោះ​នយោបាយ​មួយ​នេះ ។

កម្ពុជា​បាន​ធ្វើ​ដំណើរ​បាន​វែង​ឆ្ងាយ​ហើយ​ក្នុង​រយៈពេល​៤០​ឆ្នាំ​កន្លង​មកនេះ​ចាប់តាំងពី​ការ​ចាក​ចេញពី​របប​ខ្មែរក្រហម​កាលពី​ឆ្នាំ​១៩៧៩ ។ កម្ពុជា​ត្រូវ​តែ​ធ្វើ​ដំណើរលើ​ផ្លូវត្រូវ​ដែល​ធ្វើ​ឱ្យ​ប្រជាជន​កាន់តែ​មាន​ជីវភាព​ធូរធា​និង​សម្បូរ​សប្បាយ​ហើយ​ការ​បង្កាត់ភ្លើង​ហិង្សា​ណាមួយ​ដែល​នាំ​ដល់​ការ​បង្ហួរ​ឈាម គឺជា​ការ​សម្រេច​ចិត្ត​ដែល​នឹង​ត្រូវ​ផ្តន្ទាទោស​ដោយ​ប្រវត្តិសាស្ត្រ​ទៅ​មុខ​យូរអង្វែង​ទៀត ។

ការ​ធ្វើ​បដិវត្តន៍​នឹង​ក្លាយជា​រងើកភ្លើង​ដ៏​គ្រោះថ្នាក់​មួយ​ដែល​អាច​ឆាបឆេះ​បំផ្លាញ​ប្រទេស​ជាតិ​ជា​ជាង​ការ​នាំ​មក​នូវ​ការ​ប្រែប្រួល​ជា​វិ​ជ្ម​មាន ។ ជម្រើស​ដែល​ល្អ​សម្រាប់​កម្ពុជា​គឺ​ត្រូវធ្វើ​ដំណើរ​លើ​ផ្លូវ ប្រជាធិបតេយ្យ​ដ៏​ត្រឹមត្រូវ​មួយ​ហើយ​ធានា​ឱ្យ​បានការ​រៀបចំ​ការ​បោះឆ្នោត​ដ៏​ត្រឹមត្រូវ​និង​យុត្តិធម៌ ។ ដូច្នេះ​ការ​បះបោរ​មិន​មែន​ជា​ជម្រើស​ដែល​ល្អ​នោះ​ទេ​ហើយ​គេ​មិន​ត្រូវធ្វើ​ឱ្យ​រងើកភ្លើង​នេះ​ឆាបឆេះ​កាន់តែ​សន្ធោសន្ធៅ​ឡើយ ៕

អត្ថបទសរសេរ ដោយ