ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហា​​មិត្ត​ចិន​

4 ឆ្នាំ មុន
  • ភ្នំពេញ

សង្គ្រាមស៊ីវិល​ចិន​(Chinese Civil war) រវាង​បក្ស​កុម្មុយនីស្ត​ចិន​និង​បក្ស​គួ​មីង​តាំង​បាន​បញ្ចប់​នៅ​ឆ្នាំ​១៩៤៩ ក្រោយ​សង្គ្រាមលោក​លើក​ទី​២​ដែល​បាន​បញ្ចប់​មុន​នេះ​៤​ឆ្នាំ ។ ការ​បញ្ចប់សង្គ្រាម​បង្ហូរឈាម​ពូជ​សាសន៍​ឯង​នោះ លទ្ធផល​គឺ​បក្ស​កុម្មុយនីស្ត​ចិន​បាន​គ្រប់គ្រង​លើ​ដែនដី​ចិនដីគោក ឯ​បក្ស​គួ​មីង​តាំង​បាន​គ្រប់គ្រង​កោះ​តៃវ៉ាន់ និង​កោះ​មួយ​ចំនួន​ទៀត…

សង្គ្រាមស៊ីវិល​ចិន​(Chinese Civil war) រវាង​បក្ស​កុម្មុយនីស្ត​ចិន​និង​បក្ស​គួ​មីង​តាំង​បាន​បញ្ចប់​នៅ​ឆ្នាំ​១៩៤៩ ក្រោយ​សង្គ្រាមលោក​លើក​ទី​២​ដែល​បាន​បញ្ចប់​មុន​នេះ​៤​ឆ្នាំ ។ ការ​បញ្ចប់សង្គ្រាម​បង្ហូរឈាម​ពូជ​សាសន៍​ឯង​នោះ លទ្ធផល​គឺ​បក្ស​កុម្មុយនីស្ត​ចិន​បាន​គ្រប់គ្រង​លើ​ដែនដី​ចិនដីគោក ឯ​បក្ស​គួ​មីង​តាំង​បាន​គ្រប់គ្រង​កោះ​តៃវ៉ាន់ និង​កោះ​មួយ​ចំនួន​ទៀត ​ដែល​គេ​ហៅ​ថា​ចិន​ដី​ទឹក ។

ជា​ប្រវត្តិសាស្ត្រ នៅ​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​១៩៤៩ លោក ម៉ៅ សេ​ទុង ឬ​ប្រធាន​ម៉ៅ បាន​ប្រកាស​ជា​ផ្លូវការ​ឈ្មោះ​ប្រទេស​គឺ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​គ្រប់គ្រង​ដោយ​បក្ស​កុម្មុយនីស្ត​ចិន ។ កា​រវិ​វ​ឌ្ឍ​ក្រោយ​សង្គ្រាម ប្រទេស​ចិន​បាន​ឆ្លងកាត់​បញ្ហា​ជា​ច្រើន មាន​ទាំង​ការ​រឹតត្បិត​ដ៏​តឹង​រុ​ឹ​ង​ដូច​ជា​សម័យ​បដិវត្តន៍វប្បធម៌​ជាដើម ដែល​ធ្វើ​ឱ្យ​ជីវិត​ឯកជន​របស់​ពលរដ្ឋ​ចិន​ត្រូវ​បាន​ត្រួតត្រា និង​ក្រោយមក​បន្ទាប់​ពី​មរណភាព​របស់​លោក​ប្រធាន​ម៉ៅ​ដែល​ជា​រដ្ឋបុរស​ចិន លោក តេ​ង ស៊ា​វ​ពីង ក៏​បាន​បន្ត​នយោបាយ​បក្ស​កុម្មុយនីស្ត តែ​បាន​បន្ធូរបន្ថយ​ការ​រឹត​បន្តឹង​លើ​ពលរដ្ឋ ដោយ​បន្តិច​ម្តង​ៗ​ការ​កែទម្រង់សេដ្ឋកិច្ច​របស់​ខ្លួន​បាន​ធ្វើ​ឱ្យ​នយោបាយ​បក្ស​កុម្មុយនីស្ត​ងាក​មក​រក​សេដ្ឋកិច្ច​ទីផ្សារ ហើយ​បន្តិច​ម្តង​ៗ​ខឿនសេដ្ឋកិច្ច​បាន​រីក​ធំធាត់​រហូត​ក្លាយជា​មហាអំណាច​ខាង​សេដ្ឋកិច្ច​វ៉ា​ដាច់​ជប៉ុន​និង​អា​មេ​រិ​ក ។

ទោះបីជា​បែប​ណា ក្រុម​អ្នកកាសែត​បស្ចិមប្រទេស​បាន​ហៅ​ការ​ដឹកនាំ​របស់​មេដឹកនាំ​មហាអំណាច​ចិន ដែល​ប្តូរ​វេន​គ្នា​រហូត​មក​នោះ​តែង​ប្រកាន់​យក «​យុទ្ធសាស្ត្រ​ព្រនង់​ធំ​» Grand Strategy របស់​ខ្លួន​ដើម្បី​សម្រេច​នយោបាយ​ដឹកនាំ​របស់​ខ្លួន ។ ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០១៩ គឺជា​ខួប​លើក​ទី​៧០​នៃ​ការ​ប្រកាស​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​នៅ​ទីក្រុង​ប៉េ​កាំ​ង​ឯណោះ មានការ ធ្វើ​ព្យុហយាត្រា​ដ៏​ធំ​សម្បើម​មិន​ធ្លាប់​មាន​ពី​មុន​មក ។

សម្តេច​តេ​ជោ ហ៊ុន សែន មិន​ភ្លេច​ឡើយ​ថ្ងៃ​ខួប​ប្រកាស​សាធារណរដ្ឋ​ប្រជាមានិត​ចិន​គឺ​ថ្ងៃ​ទី​១ តុលា ដែល​ជា​ខួប​លើក​ទី​៧០ នៅក្នុង​បទ​សម្ភាសន៍​ផ្តាច់មុខ​ដល់​វិទ្យុ​មិត្តភាព​កម្ពុជា​-​ចិន ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​នៃ​បក្ស​កុម្មុយនីស្ត​ចិន កាលពី​ថ្ងៃ​ទី​៩ ខែកញ្ញា​កន្លង​មក ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសា​ស៍​ថា​៖ «​ភាព​រីក​ចម្រើន​របស់​ចិន​គឺ​សម្រាប់​ការ​រីក​លូតលាស់ ការ​រីក​ធំធាត់​របស់​សា​ធារណ​រដ្ឋ​ប្រជាមានិត​ចិន គឺជា​រឿង​អស្ចារ្យ​ណាស់ ដែល​អាច​បង្ហាញ​ឲ្យ​ឃើញ​ពី​តួនាទី​នៅ​ត្រង់​ថា ទំហំ​ផ្ទៃដី​របស់​ចិន​ប្រហែលជា​មិន​ដល់​១០​ភាគរយ​នៃ​ផ្ទៃដី​ពិភពលោក​នោះ​ទេ ក៏​ប៉ុន្តែ​ចិន​បាន​ចិញ្ចឹម​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​២០​ភាគរយ​ឯ​ណោ នោះ​ហើយគឺជា​សមិទ្ធផល​ដែល​ពួក​គេ​មិន​មើល​រំលង​អំពី​ទិដ្ឋភាព​បែប​នេះ អាច​ជា​សមិទ្ធផល​ដឹកនាំ​ដ៏​អស្ចារ្យ​របស់​បក្ស​ក​ម្មុ​យ​នី​ស្ត​ចិន ។ អ្វី​ដែល​សំខាន់​ជាង​នេះ​ទៀត​នោះ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គឺ​ចិន​បាន​ក្លាយជា​ប្រទេស​មាន​ទំហំ​សេដ្ឋកិច្ច​កម្រិត​ទី​២​នៃ​ពិភពលោក ដែល​ប៉ុន្មាន​ជា​១០ ទៅ​២០​ឆ្នាំ​មុន​នោះ​គ្មាន​នរណា​នឹក​ស្មាន​ដល់​ថា ចិន​អាច​ដើរ​ដល់​កម្រិត​នេះ​ទេ​។

នេះ​គឺជា​ចំណុច​ដែល​យើង​ត្រូវ​មើលឃើញ​ពី​ល្បឿន​នៃ​ការ​ហក់​ឡើង​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​លើ​គ្រប់​វិស័យ ក្នុង​នោះ​វិស័យសេដ្ឋកិច្ច ជីវភាព​ប្រជាជន​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ ។ «​ក្រៅពី​ការ​អភិវឌ្ឍ​ប្រទេស​ខ្លួនឯង ចិន​បាន​ដើរតួ​នាទី​សំខាន់​ៗ​នៅ​ក្នុង​ការ​នាំ​មក​នូវ​វិបុលភាព សម្រាប់​តំបន់​និង​ពិភពលោក​» ។ ក្នុងអំឡុងពេល​កើត​មាន​វិបត្តិ​ហិរញ្ញវត្ថុ​អាស៊ី​ឆ្នាំ​១៩៩៨ និង​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​ឆ្នាំ​២០០៨ សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​បាន​កើន​ឡើងជា​បន្តបន្ទាប់ ដោយ​បាន​រួមចំណែក​យ៉ាង​សំខាន់​ដល់​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​អាស៊ី​និង​ពិភពលោក ។

គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ​ដែល​លើក​ឡើង​ដោយ​លោក ស៊ី ជី​ន​ពីង ប្រធានាធិបតី​ចិន បាន​ធ្វើ​ឱ្យ​ប្រទេស​ជា​ច្រើន​ដែល​បាន​ចូលរួម​ក្នុង​កិច្ច​សហប្រតិបត្តិការ​ទទួល​បាន​ផលប្រយោជន៍ ។ ប្រទេស​ជា​ច្រើន​កំពុង​តែ​ចាប់អារម្មណ៍​ខ្លាំង និង​កាន់តែ​មានការ​ចូលរួម​ជាមួយនឹង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ ស្រប​ពេល​ដែល​កម្ពុជា​ក៏​ជា​អ្នក​ទទួលផល​នៃ​ការ​រីក​លូតលាស់​សេដ្ឋកិច្ច​ចិន​ដែរ​។

នៅ​ពេល​និយាយ​ដល់​កា​រត​ភ្ជាប់​រវាង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​កម្ពុជា​ជាមួយ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ​របស់​ចិន សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ថា «​សម្រាប់​កម្ពុជា​គ្រាន់តែ​ជា​ផ្នែក​មួយ ដែល​ត​ភ្ជាប់​ទាញ​យក​ប្រយោជន៍​ក្នុង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ហើយ​វា​ស្រប​ទៅ​នឹង​គំនិត​ផ្តួចផ្តើម​រវាង​យុទ្ធសាស្ត្រ​ចតុកោណ និង​ជាមួយ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ ដែល​អាច​ផ្តល់​នូវ​កម្ពុជា​រីក​លូតលាស់​តាម​រយៈ ការ​ប្រើប្រាស់​នូវ​វិធានការ​ជា​កញ្ចប់ និង​វិធានការ​តាម​ផ្នែក ដែល​លេច​ចេញពី​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ហើយ​ទាក់ទង​ទៅ​នឹង​ការ​កសាង​ហេដ្ឋា​រចនាសម្ព័ន្ធ និង​ការ​អភិវឌ្ឍ​ដទៃ​ទៀត ដែល យើង​កំពុង​ទទួលផល​ប្រយោជន៍​ពី​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ ដែល​សំយោគ​មក​គួប​ផ្សំ​ជាមួយនឹង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​កម្ពុជា​របស់​យើង ។ ខ្ញុំ​គិត​ថា មិនមែន​ធ្វើការ​តែ​ក្នុង​រយៈពេល​ខ្លី​ទេ បើ​យោង​ទៅ​លើ​ចរិត​ដែល​មាន​ប្រហាក់ប្រហែល​គ្នា​បែប​នេះ យើង​អាច​ធ្វើការ​ជាមួយ​គ្នា​ក្នុង​រយៈពេល​វែង នោះ​ហើយ​ដែល​យើង​ប្រើ​ក្នុង​ក្រប​ខណ្ឌ​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ហើយ​ក៏​ជា​មិត្ត​ដែកថែប​ផង​ដែរ ។

នៅ​ពេល​និយាយ​ដល់​ទំនាក់ទំនង រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ចិន សម្តេច​តេ​ជោ​បាន​កត់​សម្គាល់ថា ប្រទេស​កម្ពុជា​ប្រកាន់ខ្ជាប់​នូវ​គោលនយោបាយ​ចិន​តែ​មួយ ។ «​ខ្ញុំ​តែងតែ​ប្រាប់​សហការី​របស់ខ្ញុំ ទាំង​ក្នុង​គណបក្ស​ទាំង​ក្នុង​រដ្ឋាភិបាល​ថា បើ​យើង​ទាក់ទង​ជាមួយ រដ្ឋាភិបាល​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន យើង​កុំ​មានការ​ភ័ន្ត​ច្រឡំ​ណាមួយ​ជាមួយ​តៃវ៉ាន់​ឱ្យ​សោះ ត្រូវ​ប្រកាន់់ខ្ជាប់​នូវ​គោលនយោបាយ​ចិន​តែ​មួយ ហើយ​ការ​អនុវត្ត​នូវ​នយោបាយ​ចិន​តែ​មួយ គឺជា​ការ​គោរព​នូវ​អធិបតេយ្យភាព​របស់​ចិន ។ ការ​គោរព​អធិបតេយ្យភាព​របស់​ចិន វា​មាន​តម្លៃ​ស្មើនឹង​ការ​គោរព​អធិបតេយ្យ​កម្ពុជា​ខ្លួនឯង ។ ចំណុច​នេះ​គឺ​បាន​រត់​រកគ្នា​ទៅ​លើ​ការ​គោរព​ឯករាជ្យ អធិបតេយ្យភាព និង​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក នេះ​គឺជា​ចំណុច​ពិសេស​ក្នុង​ទំនាក់ទំនង​របស់​យើង​» ។

សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​ថ្លែងអំណរគុណ​ផង​ដែរ​ដល់​ប្រទេស​ចិន ដែល​តែងតែ​ផ្តល់​ជំនួយ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង សង្គមកិច្ច​របស់​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​យូរអង្វែង ។ «​ចិន​បាន​ផ្តល់​ជំនួយ​សម្រាប់​កម្ពុជា​យើង​ដោយ​គ្មាន​ការ​ផ្សារ​ភ្ជាប់ លក្ខខណ្ឌ​ណាមួយ​ទេ ។ គោលការណ៍​គោរព​ឯករាជ្យ អធិប​តេយ្យភាព គឺជា​ចំណុច​ពិសេស​ដែល​ប្រទេស​កម្ពុជា​ក៏​ដូច​ជា​ប្រទេស​មិត្តភក្ដិ​ដទៃ​ទៀត តែងតែ​ធ្វើការ​ជា​មួយ​ចិន​បាន​យ៉ាង​ល្អ ។ ហើយ​បើ​និយាយ​ពី​កម្ពុជា សព្វថ្ងៃ​ដូច​អ្វី​ដែល​ខ្ញុំ​បាន​លើក​ឡើង​ញឹកញាប់​ហើយ​ថា ប្រសិនបើ​គ្មាន​ជំនួយ​ឬ​ការ​ឧបត្ថម្ភ​របស់​ចិន​ទេ សួរ​ថា​មក​ដល់​ពេល​នេះ តើ​កម្ពុជា​មាន​ផ្លូវថ្នល់​ប្រមាណ​៣.០០០​គីឡូម៉ែត្រ និង​ស្ពាន​ធំ​ៗ​ឆ្លងកាត់​ទន្លេ ជំនួស​ឱ្យ​ផ្លូវ​ដែល​គ្មាន​កាលពី​ពេល​មុន និង​ស្ពាន​ដែល​គ្មាន​ពី​ពេល​មុន​នោះ​អត់ ?

ហេដ្ឋារចនាសម្ព័ន្ធ​ដែល​កម្ពុជា​ទទួល​បាន​ជំនួយ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន គឺ​បាន​ជួយ​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​ខ្លាំង​ណាស់ ។ កា​រត​ភ្ជាប់​ផ្ទៃក្នុង​របស់​កម្ពុជា​ខ្លួនឯង ពឹង​អាស្រ័យ​យ៉ាង​ខ្លាំង​ទៅ​លើ​ជំនួយ​ឧបត្ថម្ភ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន ផ្លូវ​ជាង​៣.០០០​គីឡូម៉ែត្រ​នេះ គឺ​ត​ភ្ជាប់​ផ្ទៃក្នុង​ដែល​ធ្វើ​ឱ្យ​កម្ពុជា​អាច​សមាហរណកម្ម​ខ្លួនឯង​បាន ។ បន្ថែម​លើ​នោះ ចិន​ក៏​បាន​ជួយ​ធ្វើ​ឱ្យ​យើង​បាន​ត​ភ្ជាប់​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ជិតខាង​ក្នុង​តំបន់ ។ នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​ក៏​ដូច​ជា​នៅ​ទីណា​ក៏​ដោយ គេ​និយាយ​អំពី​កា​រត​ភ្ជាប់ ប៉ុន្តែ​កា​រត​ភ្ជាប់​ចាំបាច់​ត្រូវ​មាន​ទុន ខណៈ​ដែល​កម្ពុជា​ពុំ​មាន​ទុន​គ្រប់គ្រាន់​ទេ ដូច្នេះ​យើង​ត្រូវ​ពឹងពាក់​ពី​មិត្តភក្ដិ ក្នុង​នោះ​ពឹងពាក់​ច្រើន​ជាងគេ​គឺ​ពឹង​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដើម្បី​ត​ភ្ជាប់​ផ្ទៃក្នុង​ផង និង​ត​ភ្ជាប់​យើង​ជាមួយនឹង​ប្រទេស​ថៃ ត​ភ្ជាប់​យើង​ជាមួយ​ប្រទេស​វៀតណាម និង​ត​ភ្ជាប់​យើង​ជាមួយ​ប្រទេស​ឡាវ ដែល​ជា​ចំណុច​ដ៏​សំខាន់​នៅ​ក្នុង​របៀបវារៈ​អាស៊ាន ក៏​ដូច​ជា​សមាហរណកម្ម​ក្នុង​តំបន់​មេគង្គ​របស់​យើង​ឬ​ក៏​អាច​និយាយ​បាន​ថា​នៅ​ទូ​ទាំង​អាស៊ី​តែ​ម្តង​» ។

ពេល​និយាយ​ដល់​កិច្ច​សហប្រតិបត្តិការ​រវាង​ចិន​និង​អាស៊ាន សម្ដេច​តេ​ជោ​ថ្លែង​ថា «​ខ្ញុំ​គិត​ថា ការ​ពង្រឹង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​អាស៊ាន​និង​ចិន គឺជា​ការ​ចាំបាច់​ដើម្បី​បន្ត​ទៅ​មុខ​ទៀត ។ យន្តការ​អាស៊ាន​បូក​ចិន គឺជា​យន្តការ​ដ៏​ល្អ​ជាមួយនឹង​យន្តការ​អាស៊ាន-​ជប៉ុន អាស៊ាន​-​កូរ៉េ​ខាងត្បូង និង​អាស៊ាន​បូក​៣ ដែល​មាន​អាស៊ាន​បូក​ចិន ជប៉ុន និង​កូរ៉េ​ខាងត្បូង ប៉ុន្តែ​នៅ​មាន​យន្តការ​ឡាន​ឆាង​-​មេគង្គ ដែល​ជា​កា​រត​ភ្ជាប់​ជាមួយ​ចិន​ជាមួយ​បណ្តា​ប្រទេស​នៅ​ជាប់​ទន្លេមេគង្គ សុទ្ធតែ​ជា​យន្តការ​ដែល​បំពេញបន្ថែម​សម្រាប់​កិច្ច​សហប្រតិបត្តិការ​រវាង​ចិន​ជាមួយ​ប្រទេស​នៅ​ជាប់​ដង​ទន្លេមេគង្គ ។ យន្តការ​ទាំងអស់​នេះ បាន​ផ្តល់​នូវ​ស្ថិរភាព​សម្រាប់​តំបន់ ហើយ​ក្នុង​នោះ​ជំរុញ​នូវ​ការ​រីក​លូតលាស់​ផ្នែក​សេដ្ឋកិច្ច ដោយ​ជំរុញ​ទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន ព្រមទាំង​បាន​ធ្វើ​ឱ្យ​តំបន់​របស់​យើង​មាន​សន្តិភាព ស្ថិ​ភាព ក៏​ដូច​ជា​មានការ​អភិវឌ្ឍ ដែល​ជា​ចំណុចរួម​គ្នា​ទាំង​ចិន​និង​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​នេះ​ផង​ដែរ​» ៕ ដោយ៖​ សាឯម ផល្គុន​

អត្ថបទសរសេរ ដោយ