ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់ក​! លួច​រថយន្ត​ពី​ក្រុង មក​បុក​មនុស្ស​​ស្លា.ប់​នៅ​ស្រុក​ពួក (មាន​វីដេអូ)

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​២​នាក់​បាន​លួច​រថយន្ត​១​គ្រឿង​ពី​ក្រុង​សៀមរាប​បាន​សម្រេច ដើម្បី​យក​ទៅ​លក់​ទៅ​ប៉ោយ​ប៉ែ​ត ប៉ុន្តែ​សំណាង​មិនល្អ​ស្រាប់តែ​ទៅ​បុក​ម៉ូតូ​១​គ្រឿង​ធ្វើ​ឱ្យ​បុរស​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​ទាំង​យប់ រួច​ក៏​ចត​រថយន្ត​ទុក​ចោល​នៅ​ចំណុច​ផ្លូវ​ក្រួស​ក្រហម​ទឹកដី​ភូមិ​ខ្នាត ឃុំ​ខ្នាត ស្រុក​ពួក ហើយ​រត់គេច​ខ្លួន…

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​២​នាក់​បាន​លួច​រថយន្ត​១​គ្រឿង​ពី​ក្រុង​សៀមរាប​បាន​សម្រេច ដើម្បី​យក​ទៅ​លក់​ទៅ​ប៉ោយ​ប៉ែ​ត ប៉ុន្តែ​សំណាង​មិនល្អ​ស្រាប់តែ​ទៅ​បុក​ម៉ូតូ​១​គ្រឿង​ធ្វើ​ឱ្យ​បុរស​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​ទាំង​យប់ រួច​ក៏​ចត​រថយន្ត​ទុក​ចោល​នៅ​ចំណុច​ផ្លូវ​ក្រួស​ក្រហម​ទឹកដី​ភូមិ​ខ្នាត ឃុំ​ខ្នាត ស្រុក​ពួក ហើយ​រត់គេច​ខ្លួន តែ​ក៏​ត្រូវ​សមត្ថកិច្ច​ឃើញ​សង្ស័យ​ឃាត់ខ្លួន រួច​បញ្ជូន​ទៅ​អធិការ​ស្រុក​ពួក​ទាំង​យប់​តែ​ម្តង បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១​និង​៣០​នាទី​រំលង​អ​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ចំណុច​វត្ត​ប្រាសាទ ស្ថិត​ក្នុងភូមិ​ជ្រលង ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ទាំង​២​នាក់ ១- ឈ្មោះ លន់ ឡៃ​ហេង អាយុ​២៧​ឆ្នាំ ភេទ​ប្រុស មុខរបរ​ជាង​តោន​ឡាន ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ជន្លង់ សង្កាត់​សាលា​កំរើក និង​២- ឈ្មោះ ហួត រស្មី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ស្រុក​កំណើត​នៅ​ខេត្តកំពង់ឆ្នាំង បច្ចុប្បន្ន​ស្នាក់​នៅ​តាម​វត្ត និង​តាម​ចិញ្ចឹម​ផ្លូវ ហើយ​អតីតកាល គឺ​ធ្លាប់​លួច​ជា​ច្រើន​ដង​មក​ហើយ​។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា ចំណែក​ម្ចាស់​រថយន្ត​ម៉ាក​ព្រូស ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ 2AY-819 5 ឈ្មោះ យូ ស្រ៊ុ​ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ក្រុងភ្នំពេញ​មក​ដើរ​លេង​បុណ្យ​ភ្ជុំបិណ្ឌ​ក្នុង​ខេត្តសៀមរាប ហើយ​បាន​ចត​ទុក​ចោល​នៅ​មុខ​ផ្ទះ​មិត្តភក្តិ​ក៏​ត្រូវ​ចោរលួច​បាត់​។

រីឯ​ជន​រង​គ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​ជិះ​ម៉ូតូ​ម៉ាក​សង់ C125 ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ សៀមរាប 1AA-7091 មានឈ្មោះ សែង វេ​ត ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​ជួសជុល​រថយន្ត រស់នៅ​ភូមិ​ប្រឡាយ ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប បាន​ស្លាប់​។

បើ​តាម​លោក​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក​ប្រាប់​ឱ្យ​ដឹង​នៅ​ម៉ោង​៤​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​១ តុលា​នេះ​ថា បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​មក ទើប​លោក​ឱ្យ​គ្រប់​ប៉ុស្តិ៍ ចាំ​ស្ទាក់​តាម​ផ្លូវ​ក៏​មើល​រថយន្ត​១​គ្រឿង​ម៉ាក​ព្រូស ដែល​គេ​លួច​ចេញពី​ក្នុង​ក្រុង ហើយ​បើក​បុក​អ្នក​ជិះ​ម៉ូតូ​ស្លាប់​ភ្លាម​ៗ រួច​ចត​ចោល​រត់គេច​ខ្លួន​នោះ ខណៈនោះ​សមត្ថកិច្ច​មូលដ្ឋាន សង្ស័យ​ប្រហែលជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​ទើប​ចត​ទុក​នៅ​ចំណុច​ផ្លូវ​ក្រួស​ក្រហម​ទឹកដី​ភូមិ​ខ្នាត ឃុំ​ខ្នាត ។

លោក​អធិការ​បន្ត​ថា ក្រោយមក​លោក​ក៏​ឱ្យ​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ខ្នាត ទៅ​ដល់​កន្លែង​កើតហេតុ​ខាងលើ​ពិនិត្យ​ឃើញ​ថា រថយន្ត​ម៉ាក​ព្រូស គឺ​មាន​ស្នាម​ខូច​ផ្នែក​ខាង​មុខ និង​បែក​កញ្ចក់​ខាង​មុខ និង​មាន​ម៉ូតូ​១​គ្រឿង​ទៀត ម៉ាក​សង់ C125 ខូចខាត​ទាំងស្រុង ព្រមទាំង​ធ្វើការ​ឃាត់ខ្លួន​ជន​សង្ស័យ​២​នាក់​នៅ​ចំណុច​វត្ត​ប្រាសាទ ភូមិ​ជ្រលង ឃុំ​ខ្នាត ចម្ងាយ​ពី​កន្លែង​ចត​រថយន្ត​ជាង​២​គីឡូ រួច​នាំ​យក​មក​ធ្វើការ​សួរនាំ​នៅ​អធិការ​ស្រុក ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​អធិការ​នគរបាល​ក្រុង ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​។

លោក​អធិការ​បន្ថែម​ថា ក្រោយ​ការ​ស្រាវជ្រាវ​ពី​ករណី​ខាងលើ គឺ​ជនសង្ស័យ​ទាំង​២ នាក់​ពិតជា​លួច​រថយន្ដ​ពី​ចំណុច​ស្ពាន​វត្ត​ដំណាក់ ព្រមទាំង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដល់​គេ នៅ​ចំណុច​ខាង​លិច​ស្នាក់​ការ​គយ​ប្រចាំ​ខេត្ត ក្នុង​សង្កាត់​ទឹក​វិល បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​ម្នាក់​មែន ។ លោក​បញ្ជាក់​​ថា ករណី​នេះ លោក​បាន​ប្រគល់​ជនសង្ស័យ​ទាំង​២​នាក់ និង​រថយន្ត ព្រមទាំង​ម៉ូតូ ឱ្យ​ទៅ​​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់​បន្ត​ហើយ​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប​បាន​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​១ តុលា​នេះ​ថា ចំពោះ​​ជនសង្ស័យ​ទាំង​២​នាក់​ដែល​លួច​រថយន្ត និង​បុក​ក​មនុស្ស​ស្លាប់​នោះ កំពុង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល ដើម្បី​ចាត់ការ​បន្ត ហើយ​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។

​ចំណែក​រថយន្ត និង​ម៉ូតូ​ជន​រង​គ្រោះ ត្រូវ​បាន​បញ្ជូន​ទៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ដើម្បី​រក្សា​ទុក​ដោះស្រាយ​តាម​ផ្លូវច្បាប់​ រីឯ​សព​ជន​រង​គ្រោះ ត្រូវ​បាន​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​រួចរាល់​ហើយ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ