ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ លោក ងួន វុទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនបុរសម្នាក់ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ«ហិង្សាដោយចេតនា និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន» តាមមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។
បន្ទាប់ពីបុរសជាជនសង្ស័យម្នាក់ខាងលើបានផឹកស្រាស្រវឹងរួចមករករឿងបងបង្កើត ព្រមទាំងវាយម្តាយ បណ្តាលអោយរងរបួស កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៩ កញ្ញា ឆ្នាំ២០១៩ នៅភូមិជ័យឧត្តម ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ។
ជនត្រូវចោទឈ្មោះ វន សារុន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ (ពេលធ្វើតេស្តទឹកនោម រកឃើញមានសារធាតុញៀន) ។ ចំណែកជនរងគ្រោះត្រូវជាម្តាយបង្កើតដែលរងរបួសធ្ងន់ឈ្មោះ វឿន ចំរើន អាយុ៥៤ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិ-ឃុំកើតហេតុ ខាងលើ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យមានសភាពស្រវឹងស្រា លុះពេលមកដល់ផ្ទះ ជនសង្ស័យបានទាស់ពាក្យសម្តីជាមួយឈ្មោះ វន សាវិន ត្រូវជាបងបង្កើតរបស់ខ្លួន ពេលនោះជនសង្ស័យខឹងបានស្ទះចូលទៅវាយប្រតាយប្រតប់គ្នាជាមួយបងបង្កើតឈ្មោះវន សាវិន ។
តាមប្រភពដដែលបានបន្តថា បន្ទាប់ពីឃើញបែបនេះ ជនរងគ្រោះជាម្ដាយបង្កើតបានស្ទុះចូលទៅឃាត់ ស្រាប់តែជនសង្ស័យវាយត្រូវចិញ្ចើម និងភ្នែកខាងឆ្វេង បណ្តាលឱ្យរងរបួសហូរឈាម ក្រោយពេលកើតហេតុ ក្រុមគ្រួសារបានបញ្ជូនស្ត្រីរងគ្រោះទៅព្យាបាលនៅមណ្ឌលសុខភាពឃុំ ។
តាមប្រភពដដែលបានបន្តទៀតថា លុះនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០១៩ ប្ដីរបស់ស្ត្រីរងគ្រោះខាងលើបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្យារដែក បន្ទាប់មកកម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍ផ្សារដែកបានចុះទៅកន្លែងកើតហេតុធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរនិងកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ