ទាហាន​ជាង​១ម៉ឺង​នាក់ រថក្រោះ​រាប់​​រយ​គ្រឿង បណ្ដា​មី​ស៊ី​ល ក្នុង​ព្យុហ​យាត្រា​​ដ៏​ធំ


ប្រទេស​ចិន ៖ ចិន​កាលពី​ថ្ងៃ​ទី​១​តុលា​បាន​ធ្វើការ​បង្ហាញ​កម្លាំង ជាមួយ​ក្បួនព្យុហយាត្រា​យោធា​ដ៏​ធំ នា​ឱកាស​ខួប​លើក​ទី​៧០​នៃ​ការ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ខណៈ​នៅ​ហុងកុង​ពួក​បាតុករ​ស្និទ្ធ​លទ្ធិប្រជាធិបតេយ្យ បាន​បន្ត​ផ្កើ​ន​ដោយ​សន្យា​ធ្វើ​ឲ្យ​បុណ្យ​ជាតិ​នោះ​មាន​ភាព​ស្រអាប់​។

កង​ទាហាន​ដល់​ទៅ​១៥.០០០​នាក់ រថក្រោះ​ជា​ច្រើន​រយ​គ្រឿង បណ្ដា​មី​ស៊ី​ល​និង​យន្តហោះ​ប្រយុទ្ធ​បាន​ចូលរួម​ក្នុង​ព្យុហយាត្រា​យោធា​នេះ នៅ​មុខ​បណ្ដា​មេដឹកនាំ​ជាន់ខ្ពស់​របស់​ប្រទេស នាទី​លាន​ធៀន​អាន​មេន​ក្រុង​ប៉េ​កាំ​ង ជា​កន្លែង​ដែល​លោក​មៅ​៉​សេ​ទុង ប្រកាស​ពី​ការ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន នា​ថ្ងៃ​ទី​១​តុលា​ឆ្នាំ​១៩៤៩​។

ក្នុង​ពិធី​ដ៏​មហោឡារិក​នោះ ប្រធានាធិបតី​ចិន​លោក​ស៊ី​ជី​ន​ពីង​ថ្លែង​ថា គ្មាន​អ្វី​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គ្រឹះ​របស់​មហា​ប្រជាជាតិ​យើង​បាន​ឡើយ​។ គ្មាន​អ្វី​អាច​រារាំង​ប្រជាជាតិ​យើង​និង​ប្រជាជន​យើង​ក្នុង​ការ​ដើរទៅ​មុខ​បាន​ទេ​។

យោង​តាម​កាសែត​ជាតិនិយម​ចិន​GLOBAL TIMES​ថា នោះ​ជា​ព្យុហយាត្រា​យោធា​ដ៏​ធំ​បំផុត​ដែល​ចិន​ពុំ​ធ្លាប់​ធ្វើ​។ បណ្ដា​ឧទ្ធម្ភាគចក្រ​បាន​បើក​ព្យុហយាត្រា​តាម​អាកាស​ជាមួយ​ការ​ហោះ​បង្កើត​ជា​លេខ​៧០​ក្នុង​លំហ​អាកាស​នៃ​រដ្ឋធានី​ប៉េ​កាំ​ង​។ ក្បួនព្យុហយាត្រា​នោះ​បង្ហាញ​បណ្ដា​បច្ចេក​វី​ទ្យា​យោធា​ទំនើប​ៗ ពិសេស​មី​ស៊ី​ល​នុយក្លេអ៊ែរ​រំលង​ទ្វីប​ធុន​DF-41 ដែល​បង្ហាញ​ជា​លើក​ដំបូង​។ មី​ស៊ី​ល​នោះ​អាច​បាញ់​បាន​ចម្ងាយ​ដល់​ទៅ​១៤.០០០​គីឡូម៉ែត្រ គឺ​អាច​បាញ់​ដល់​ដែនដី​អា​មេ​រិ​ក​។

ព្រឹត្តិការណ៍​នេះ​សំដៅ​បណ្ដុះ​គំនិត​ជាតិ និយម ដោយ​បង្ហាញ​ពី​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន រយៈពេល​ប៉ុន្មាន​ទស​វត្ស​ចុង​ក្រោយ​នេះ និង​លក្ខន្តិកៈ​របស់​ចិន​ដែល​ក្លាយជា​មហាអំណាច​សេដ្ឋកិច្ច​ធំ​ទី​២​លើ​ពិភពលោក​។ ប៉ុ​ន្ទែ​នៅ​ចម្ងាយ​២០០០​គីឡូម៉ែត្រ​ខាងត្បូង​ក្រុង​ប៉េ​កាំ​ង ពួក​បាតុករ​ហុងកុង​ដែល​ផ្គើន​ដល់​របប​កុំ​មុ​យ​នី​ស្ត ចាប់តាំងពី​ជិត​៤​ខែ​មក​ហើយ បាន​អំពាវនាវ​ឲ្យ​លើកគ្នា​ធ្វើ​ទិវា​ចងកំហឹង​មួយ​នា​ថ្ងៃ​ទី​១​តុលា​នោះ​ដែរ ក្នុង​ដែនដី​អតីត​អាណានិគម​អង់គ្លេស​នោះ​។ មេ​ប៉ូលិស​ក្រុង​ហុងកុង​មួយ​រូប​និយាយ​ថា ពួក​បះបោរ​រា​៉​ឌី​កាល់​កំពុង​តែ​បង្កើន​កម្រិត​នៃ​អំពើ​ហិង្សា​របស់​ពួក​គេ​។ អំពើ​ហិង្សា​របស់​ពួក​គេ​និង​គម្រោង​នានា​របស់​ពួក​គេ​បង្ហាញ​ពី​សកម្មភាព​បែប​ភេរវកម្ម​។

ចាប់តាំងពី​ព្រឹក​ថ្ងៃ​ទី​១​តុលា អាជ្ញាធរ​ក្រុង​ហុងកុង​បាន​បង្កើន​ការ​ត្រួតពិនិត្យ​អត្តសញ្ញាណ និង​ឆែកឆេរ​តាម​បណ្ដា​ដង​វិ​ថី និង​តាម​មធ្យោបាយ​ដឹក​ជញ្ជូន​រួម ខណៈ​ស្ថានីយ​មេត្រូ​ប្រមាណ​ជា​១២​កន្លែង​ត្រូវ​បិទ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​អន្តរជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ