លោក Mark Cuban ដែលជាមហាសេដ្ឋីក្នុងវិស័យបច្ចេកវិទ្យាបានចែករំលែកគំនិតមួយថា អ្នកត្រូវតែមានសមត្ថភាពក្នុងការកុហកខ្លួនឯង ដើម្បីធ្វើជាសហគ្រិនមួយរូប ។ លោកបានលើកឡើងកាលពីខែមេសានៅ Dallas Startup Week ថា «អ្វីដែលសហគ្រិនដូចពួកយើងទាំងអស់តែងតែធ្វើ គឺពួកយើងកុហកខ្លួនឯង» ។
លោក Cuban បានបន្តបកស្រាយទៀតថា សហគ្រិនភាគច្រើនភ័យខ្លាចណាស់ពេលដែលឈានជំហានដំបូងរបស់ខ្លួនក្នុងការចាប់ផ្តើមអាជីវកម្មរហូតដល់ពួកគេត្រូវកុហកខ្លួនឯងដើម្បីជំរុញខ្លួនឲ្យដើរទៅមុខ ។ នៅក្រោយរបាំងមុខសហគ្រិនដែលមានភាពជឿជាក់នោះប្រហែលជាមនុស្សម្នាក់ដែលមានគំនិតចង់បើកអាជីវកម្ម ប៉ុន្តែមិនអាចបញ្ចុះបញ្ចូលខ្លួនឯងឲ្យមានភាពក្លាហានក្នុងការធ្វើវាឲ្យក្លាយជាការពិតឡើយ ។
ក្នុងករណីរបស់លោក Cuban វិញ លោកបានជួបប្រទះនឹងឧបសគ្គជាច្រើនមុនពេលក្លាយជាមហាសេដ្ឋីដែលទទួលបានការគោរពពីមនុស្សជាច្រើនដូចសព្វថ្ងៃនេះ ។ ពេលដែលលោកមកដល់ទីក្រុង Dallas នៅអាយុ ២៣ឆ្នាំ ក្នុងហោប៉ៅរបស់លោកមានតែប្រាក់ ៦០ដុល្លារប៉ុណ្ណោះ ហើយលោកថែមទាំងត្រូវបានក្រុមហ៊ុនលក់ Software មួយបញ្ឈប់ការងារទៀត ។
យ៉ាងណាក្តី លោកមិនអនុញ្ញាតឲ្យស្ថានការមិនល្អរបស់លោកប៉ះពាល់ដល់ជំនឿទុកចិត្តរបស់ខ្លួនឡើយ ។ មិនយូរប៉ុន្មានលោកក៏បានបង្កើតក្រុមហ៊ុន MicroSolutions ដែលលោកលក់ចេញក្នុងឆ្នាំ ១៩៩០ ក្នុងតម្លៃ ៦លានដុល្លារ ។
លោក Cuban បានកត់សម្គាល់យ៉ាងច្បាស់ថា បើទោះជាអ្នកត្រូវតែកុហកខ្លួនឯងពិតមែនក្តីដើម្បីទទួលបានជំនឿទុកចិត្តពេលដែលអ្នកចាប់ផ្តើមដំបូង សហគ្រិននៅតែត្រូវដឹងពីពេលដែលអ្នកត្រូវកុហកខ្លួនឯង និងពេលដែលអ្នកត្រូវតែស្មោះត្រង់ព្រោះអាជីវករគ្រប់រូបត្រូវតែរកលំនឹងភាពរវាងការជឿជាក់លើគំនិតរបស់ខ្លួន និងការមើលឃើញតថភាពពិតជាក់ស្តែង ។
លោកបានបន្តថា អ្នកត្រូវតែមើលទៅកាន់ក្រុមហ៊ុន ឬអាជីវកម្មដែលអ្នកបង្កើត រួចនិយាយដោយស្មោះត្រង់ជាមួយខ្លួនឯងថា តើអ្នកធ្វើល្អត្រង់ណា និងអ្នកធ្វើមិនបានល្អត្រង់ណា រួចរកវិធីដើម្បីបង្កើនគុណភាព និងដោះស្រាយបញ្ហា ៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ