ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​-​ចាស់ ប្រុស​-​ស្រី នាំ​គ្នា​ទៅ​លេង​នៅ​ទំនប់​បង្ហៀរទឹក​បឹង​ស្នេហ៍​កកកុញ

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់ដែល​ភាគច្រើន​ជា​ក្រុម​យុវជន ​យុវនារី និង​ក្មេង​តូច​ៗ បាន​នាំ​គ្នា​ទៅ​មុជទឹក​លេង​កម្សាន្ត នៅ​ចំណុច​ផ្លូវ​ទំនប់​បង្ហៀរ​បឹង​ស្នេ​ហ៍ ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​ធា​យ ស្រុក​បាភ្នំ ខេត្តព្រៃ​វែង…

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់ដែល​ភាគច្រើន​ជា​ក្រុម​យុវជន ​យុវនារី និង​ក្មេង​តូច​ៗ បាន​នាំ​គ្នា​ទៅ​មុជទឹក​លេង​កម្សាន្ត នៅ​ចំណុច​ផ្លូវ​ទំនប់​បង្ហៀរ​បឹង​ស្នេ​ហ៍ ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​ធា​យ ស្រុក​បាភ្នំ ខេត្តព្រៃ​វែង បន្ទាប់​ពី​ទឹកជំនន់​បាន​ស្រក​ទៅ​វិញ បន្សល់​នូវ​ទឹក​ហូរ​ស្រិច​ៗ​នៅ​លើ​ដងផ្លូវ​។

អាជ្ញាធរ​ក្នុង​តំបន់​នេះ​ បានអោយ​ដឹង​ថា ទីតាំង​ទំនប់​បង្ហៀរ​បឹង​ស្នេ​ហ៍​នេះ ចាប់​មាន​អ្នក​មក​មុជទឹក​លេង​កម្សាន្ត ចាប់តាំងពី​ថ្ងៃ​ទី​២៧ កញ្ញា​ មក​ម្លេះ ដោយ​មុន​ដំបូង ​មាន​អ្នកដំណើរ​ឆ្លងកាត់​តាម​ផ្លូវ​នេះ ហើយ​ឃើញ​ទឹក​ហូរ​ស្រិច​ៗ​កាត់​លើ​ផ្លូវ​គួរ​អោយ​ចង់​ចុះ​លេង គួប​ផ្សំ​​មាន​អ្នក​លក់ដូរ​ចំណីអាហារ​គ្រប់មុខ​នៅ​ជាប់​និង​ផ្លូវ ព្រមទាំង​មាន​​ខ្យូស សម្រាប់​អោយ​អង្គុយ​លេង​ផង​នោះ ទើប​អ្នកដំណើរ​ចាប់ផ្តើម​នាំ​គ្នា​ឈប់​លេង​ទឹក ហើយពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ចំនួន​មនុស្ស​មក​លេង​ទឹក​នៅ​ទី​នេះ ក៏​ចេះ​តែ​កើន​ច្រើន​ទៅ​ៗ​រហូត​ដល់​រាប់​ពាន់​នាក់​តែ​ម្តង ដោយ​អ្នកខ្លះ​លេង​អស់ចិត្ត ក៏​នាំ​គ្នា​ត្រឡប់​ទៅ​វិញ ហើយ​អ្នក​ថ្មី​ក៏​ចូល​មក​ដល់​បន្តបន្ទាប់​គ្នា​។

ថ្លែងប្រាប់​អ្នក​យក​ព​័ត៌​មាន​កោះសន្តិភាព ក្រុម​អ្នកលក់​ចំណីអាហារ និង​គ្រឿងក្លែម​ជា​ច្រើន​នាក់ បាន​និយាយ​ដូច​ៗ​គ្នា​ថា ទំនប់​បង្ហៀរ​បឹង​ស្នេ​ហ៍​នេះ​ ពី​មុន​គ្មានអ្នក​មក​លេង​កំសាន្ត​នោះ​ទេ ដោយសារ​តែ​ទីតាំង​នេះ ​គ្មាន​អ្វី​អោយ​លេង គឺ​មាន​តែ​ពួក​គាត់​ដែល​ជា​អ្នកលក់​៤-១០​នាក់ ដែល​នាំ​គ្នា​លក់​ចំណីអាហារ និង​គ្រឿងក្លែម​បន្តិចបន្តួច សម្រាប់​អ្នកដំណើរ​ដែល​ឆ្លងកាត់​គេ​អស់កំលាំង​ចូល​សម្រាក​បំបាត់​ការ​នឿយហត់​ប៉ុណ្ណោះ​។ ទើបតែ​រយៈពេល​៤-៥​ថ្ងៃនេះ​ទេ ស្រាប់តែ​មាន​មនុស្ស​ម្នា​រាប់រយ​ពាន់​នាក់ ផ្អើល​នាំ​គ្នា​មក​មុជទឹក​លេង​កំសាន្ត​នៅ​ទី​នេះ ធ្វើ​អោយ​ពួក​គាត់​ជា​អ្នកលក់​សប្បាយចិត្ត​ណាស់ ព្រោះ​លក់ដាច់​ខ្លាំង​ ។

ដោយឡែក​ ក្រុម​យុវជន យុវនារី ដែល​នាំ​គ្នា​ទៅ​មុជទឹក​លេង​កំសាន្ត នៅ​ផ្លូវ​ទំនប់​បង្ហៀរ​បឹង​ស្នេ​ហ៍​នេះ​បាន​​បង្ហាញ​ពី​អារ​ម្ម​ណ៍សប្បាយ​រីករាយ និង​ចង់អោយ​តំបន់​នេះ ​មានការ​អភិវឌ្ឍ​ន៍​បន្ថែម​ទៀត ដើម្បី​អោយ​ទំនប់​បង្ហៀរ​បឹង​ស្នេ​ហ៍នេះ ក្លាយទៅជា​តំបន់​ទេសចរ​ណ៍​ដ៏​មាន​សក្តានុពល ដែល​អាច​ផ្តល់​ប្រាក់​ចំណូល​ច្រើន ដល់​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​តំបន់​មួយ​នេះ​ ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ