ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កាហ្វេ​ច្រាំង​បាក់​! ដែល​​​អ្នក​ច្បារ​​​អំពៅ​និយម​​​នោះ ពេល​នេះ​បាក់​លិច​​ចូល​ទន្លេ​ហើយ(វីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា រោង​កាហ្វេ​ជាប់មាត់​ទន្លេមេគង្គ​ក្រោម ស្ថិត​ក្នុងភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ ដែល​បងប្អូន​ពលរដ្ឋ​អ្នក​ច្បារ​អំពៅ ជា​ពិសេស​អ្នកធ្វើការ​តែង​តេ​នាំ​គ្នា​ឧស្សាហ៍​និយម​ទៅ​ពិសា​កាហ្វេ និង​ហូប​បាយ​ថ្ងៃត្រង់​នៅ​ទីនោះ…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា រោង​កាហ្វេ​ជាប់មាត់​ទន្លេមេគង្គ​ក្រោម ស្ថិត​ក្នុងភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ ដែល​បងប្អូន​ពលរដ្ឋ​អ្នក​ច្បារ​អំពៅ ជា​ពិសេស​អ្នកធ្វើការ​តែង​តេ​នាំ​គ្នា​ឧស្សាហ៍​និយម​ទៅ​ពិសា​កាហ្វេ និង​ហូប​បាយ​ថ្ងៃត្រង់​នៅ​ទីនោះ ពេល​នេះ​ទីតាំង​មួយ​នេះ​ត្រូវ​បាន​បាក់​ស្ទើរតែ​លិច​ចូល​ទៅ​ក្នុង​បាតទន្លេ​ទៅ​ហើយ ដោយ​សារ​តែ​រង​ឥទ្ធិពល​ធម្មជាតិ ខណៈ​ខ្យល់​បោកបក់​លាយឡំ​ជាមួយនឹង​ភ្លៀង​យ៉ាង​ខ្លាំង រួម​ជាមួយ​រលក​ទន្លេ​បោក​ផ្ទប់​ច្រាំង​ផង​ដែរ ។ ហេតុការណ៍​បាក់​ច្រាំង​នេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០១៩ ។

យោង​តាម​ការ​រៀបរាប់​របស់​បុរស​ចំណាស់​ជា​ម្ចាស់ផ្ទះ និង​ជា​ម្ចាស់​រោង​កាហ្វេ​បានឱ្យ​ដឹង​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មកនេះ មាន​ភ្លៀង​ធ្លាក់​ខ្លាំង​លាយ​លំ​ជាមួយ​ខ្យល់​បោកបក់​យ៉ាង​ខ្លាំង​ផង​ដែរ នាំ​ឱ្យ​មាន​រលក​ទឹកទន្លេ​រឹតតែ​បោកបក់​ផ្ទប់​មាត់ច្រាំង​កាន់តែ​ខ្លាំង ជា​ហេតុ​ធ្វើ​ឱ្យ​សសរ​ជើង​រោង​កាហ្វេ​ដែល​សង់​ជាប់​នឹង​ទន្លេ​ត្រូវ​រង្គើរ និង​សសរ​ខ្លះ​ត្រូវ​ប្រេះ ដូច្នេះ​ហើយ​ជា​ហេតុ​នាំ​ឱ្យ​គាត់ និង​ក្រុម​គ្រួសារ​ផ្អាក​លក់ និង​នាំ​គ្នា​ប្រមែប្រមូល​អីវ៉ាន់​យក​ចេញ ចៀសវាង​ការ​បាក់រ​លំដោយ​យថា​ហេតុ​ណាមួយ​បង្ក​ឱ្យ​មាន​គ្រាះ​ថ្នាក់​ដល់​មនុស្ស ។

លុះដល់​ថ្ងៃត្រង់​ទី​៣០ កញ្ញា​នេះ បន្ទាប់​ពី​មាន​ភ្លៀង​លាយ​ខ្យល់​មួយ​មេ​ធំ​រួច​មក​នោះ រោង​កាហ្វេ​ក៏​ត្រូវ​បាក់​ស្រុត​ចូល​ទៅ​ក្នុង​ផ្ទៃ​ទន្លេ​សឹងតែ​១០០​ភាគរយ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​តែ​ម្តង ។

បុរស​ជា​ម្ចាស់​រោង​កាហ្វេ​ឱ្យ​ដឹង​ទៀត​ថា រោង​កាហ្វេ​ខាងលើ​នេះ គឺ​សង់​ជាប់​នឹង​លំនៅ​ឋាន​ដែល​គាត់​កំពុង​ស្នាក់​ប្រាស្រ័យ​ជុំ​គ្រួសារ​បច្ចុប្បន្ន​នេះ​ផង​ដែរ ដែល​មាន​ប្រវែង​៥០​ម៉ែត្រ​គុណ​៥​ម៉ែត្រ ។ ហើយពី​ដើម​ឡើយ (​កាលពី​អតីត​) រោង​កាហ្វេ និង​លំនៅ​ឋាន​របស់​លោក គឺ​ស្ថិត​នៅ​ពាក់​កណ្តាលទន្លេ​បច្ចុប្បន្ន ពោល​គឺ​ប្រមាណ​១០​ឆ្នាំ​មុន​ផ្ទៃ​ទន្លេ​គឺ​តូច​ប៉ុណ្ណោះ​ដែល​មាន​លំនៅ​ឋាន​ពលរដ្ឋ​ជា​ច្រើន ប៉ុន្តែ​ដោយសារ​ទឹកជំនន់​ចេះ​តែ​ឡើង​ជន់​រហូត ហើយ​ច្រាំង​ក៏​ចេះ​តែ​បាក់ ទើប​ពលរដ្ឋ​មួយ​ចំនួន​សម្រេចចិត្ត​ចាកចេញ ដោយ​ប្តូរ​ទីលំនៅ​ឋាន​ទៅ​ទីទួល​នៅ​កន្លែង​ផ្សេង​។

ដោយឡែក​លោក​ដែល​ជា​ម្ចាស់​រោង​កាហ្វេ​មិន​បាន​រើ​ចេញ​ឡើយ គឺ​ចេះ​តែ​ថយរ​កិល​ក្រោយមក​រហូត ដោយ​លំនៅ​ឋាន​លោក គឺ​នៅ​ជាប់មាត់​ច្រាំង​ដំបូង​គេ​បង្អស់​នៅ​តំបន់​នោះ ។

លោក​បន្ថែម​ថា កន្លង​មក ក៏​ធ្លាប់​កើត​មាន​បាតុភាព​ដូច​ខាងលើ​ផង​ដែរ ប៉ុន្តែ​មិន​ធ្ងន់ធ្ងរ​ឡើយ គ្រាន់តែ​បាក់​ប្រេះ​បន្តិចបន្តួច ហើយ​លោក​ក៏​ធ្វើការ​ជួស​ជួល​វា​ជា​ការ​ស្រេច ប៉ុន្តែ​លើក​ក្រោយ​នេះ បែរជា​ត្រូវ​បាក់​ស្រុត​ទៅ​វិញ ដែល​ជា​រឿង​គួរ​ឱ្យ​សោកស្តាយ ព្រោះ​ទាំង​លំនៅ​ឋាន និង​របរ​រកស៊ី​របស់​លោក គឺ​ស្ថិត​នៅ​ចំណុច​នេះ ។ យ៉ាងណាមិញ ក្នុង​ករណី​បាក់​ច្រាំង​ទន្លេ​ខាងលើ​នេះ ពុំ​មាន​បណ្តាល​ឱ្យ​មនុស្ស​ណា​ម្នាក់ រង​របួស ឬ​ប៉ះពាល់​ដល់​អាយុជីវិត​ឡើយ គ្រាន់តែ​ខូចខាត​តែ​រោង​កាហ្វេ និង​សម្ភារៈ​មួយ​ចំនួន​ត្រូវ​លិច​ចូល​ក្នុង​ទន្លេ​បាត់ ។

ទន្ទឹម​នឹង​នោះ​ដែរ លំនៅ​ឋាន​ស្នាក់​អាស្រ័យ​របស់​លោក​ដែល​នៅ​ជាប់​នៅ​រោង​កាហ្វេ​នោះ ក៏​ប្រឈម​នឹង​ការ​បាក់​ស្រុត​ចូល​ទន្លេ​ផង​ដែរ ព្រោះ​សណ្ឋាន​ដី​នៅ​ទីនោះ មាន​លក្ខណៈ​ទន់ជ្រាយ ជា​ពិសេស​ផ្ទៃ​ការ៉ូឡា គឺ​មានការ​ប្រេះ​ស្រាំង​ខ្លាំង​ផង​ដែរ ដែល​ជា​ហេតុ​អាច​បង្ក​ឱ្យ​មានការ​បាក់រ​លំនៅ​ឋាន​ចូល​ទន្លេ​ដោ​យថាហេតុ​ណាមួយ ។

គួរ​បញ្ជាក់​ថា ទីតាំង​កាហ្វេ​ខាងលើ​នេះ គឺ​មាន​លក់​កាហ្វេ​តាំងពី​ព្រឹក​ដល់​ល្ងាច ហើយ​ក៏​មាន​បាយ​ថ្ងៃត្រង់​លក់​ពិសា​ផង​ដែរ ។ ចំពោះ​បងប្អូន​អ្នក​ដែល​និយម​ទៅ​ពិសា​នៅ​ទីនោះ តែង​នាំ​គ្នា​ហៅ​កន្លែង​​នោះ​ថា «​កាហ្វេ​ច្រាំង​បាក់​» ព្រោះ​នៅ​ទីនោះ​ស្ថិត​ជាប់មាត់​ច្រាំង ហើយ​តំបន់​នោះ គឺ​ឧស្សាហ៍​បាក់​ច្រាំង ទើប​គេ​ហៅ​ថា តំបន់​ច្រាំង​បាក់ ហើយ​កាហ្វេ​ខាងលើ​ក៏​ត្រូវ​បាន​គេ​ហៅ​ថា កាហ្វេ​ច្រាំង​បាក់​តែ​ម្តង​ទៅ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ