ខេត្តព្រះសីហនុ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានមនុស្ស៣នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត៣គ្រឿងបុកគ្នា គឺរថយន្តរត់តាក់ស៊ី រថយន្តដឹកថ្ម និងរថយន្តដឹកខ្សាច់ នៅលើផ្លូវជាតិលេខ៤ ត្រង់ចំណោតអូរត្រាវ ជិតចូលដល់ក្រុងព្រះសីហនុ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោងជិត១២ថ្ងៃត្រង់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩នេះ។
បើយោងតាមរបាយការណ៍ពីនគរបាលបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយរថយន្តម៉ាក STAREX ពណ៌ស ពាក់ផ្លាកលេខ កំពត 2B-216 អ្នកបើកបរឈ្មោះ សេង ភារៈ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបររត់តាក់ស៊ី រស់នៅភូមិល្បើក ស្រុកឈូក ខេត្តកំពត ដោយរួមដំណើរមនុស្ស៧នាក់ ក្នុងនោះស្រី២នាក់ ដោយបានបើកពីខេត្តកំពតចូលក្រុងព្រះសីហនុ ។ លុះមកដល់ចំណុចកើតហេតុដោយស្ថានភាពផ្លូវឡើងចំណោត រថយន្តតាក់ស៊ីនេះបានវ៉ាជែងរថយន្តធុនធំ១គ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3D-0144 (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ) ហើយវ៉ាមិនផុតក៏ជ្រុលកៀរ ហើយបុករថយន្តធុនធំ១គ្រឿងផ្សេងទៀតដែលមានទិសដៅផ្ទុយគ្នា គឺរថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3D-1142 (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ ) បណ្ដាលឲ្យរថយន្តធុនធំទាំងពីរគ្រឿងនោះបុកផ្ទប់គ្នាតែម្ដង ។
សេចក្តីរាយការណ៍បន្តទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្ដាលឲ្យមនុស្សប្រុសចំនួន៣នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង ហើយរហូតមកដល់ពេលនេះនៅមិនទាន់ស្គាល់អត្តសញ្ញាណនោះ ខណៈសមត្ថកិច្ចកំពុងស្វែងរកសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។
គួរបញ្ជាក់ថា ពាក់ព័ន្ធករណីខាងលើនេះ អ្នកបើកបររថយន្តធុនធំពាក់ផ្លាកលេខភ្នំពេញ 3D-0144 នោះបានស្លាប់កៀបជាប់ក្នុងរថយន្តតែម្តង ចំណែកអ្នករួមដំណើរលើរថយន្តទេសចរណ៍ចំនួន២នាក់ផ្សេងទៀតនោះបានស្លាប់នៅនឹងកន្លែងកើតហេតុ ។ រីឯអ្នកបើកបររថយន្តបង្កបាននាំខ្លួនមកសាកសួរមកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រួមទាំងវត្ថុតាងរថយន្ត៣គ្រឿង សមត្ថកិច្ចជំនាញបានចាត់ចែងស្ទូច យកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីដោះស្រាយបន្តនៅពេលក្រោយ ។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ