រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា បន្ទប់ជួលមួយកន្លែងនៅក្បែរផ្សារនាគមាស ហើយម្ចាស់បានចាក់សោទុកចោល រួចទៅលេងស្រុកកំណើត ស្រាប់តែត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យរងការខូចខាតទាំងស្រុង និងផ្អើលដល់រថយន្តអគ្គិភ័យជាច្រើនគ្រឿងទៅអន្តរាគមន៍ទាំងព្រឹក បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៦និង៥០នាទីព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ៣៩ ផ្លូវ២៣៤z ក្រុម២៧ ភូមិ៧ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។
សេចក្តីរាយការណ៍បន្តថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះជាបន្ទប់ជួលទំហំ៤ម៉ែត្រគុណ៥ម៉ែត្រ ធ្វើពីថ្មប្រក់ស័ង្កសីដែលមានម្ចាស់ផ្ទះឈ្មោះ ឌូ វ៉ាន់ហួង ភេទប្រុស អាយុ៤២ឆ្នាំ ជាជនជាតិវៀតណាម មុខរបរជាជាងសំណង់។
តាមសាក្សីបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញភ្លើងបានឆាបឆេះយ៉ាងសន្ធៅសន្ធៅជាចេញពីបន្ទប់ជួលខាងលើ ដែលម្ចាស់បានចាក់សោទុកចោលទៅលេងស្រុកបាត់ ។ ភ្លាមៗនោះប្រជាពលរដ្ឋក្បែងខាង រួមទាំងនគរបាលមូលដ្ឋានក៏បាននាំគ្នាជួយពន្លត់ និងហៅរថយន្តពន្លត់អគ្គិភ័យ ដើម្បីទៅជួយអន្តរាគមន៍ តែភ្លើងបានឆាប់ឆេះពេញបន្ទុកទៅហើយ ណាមួយផ្លូវនោះជាផ្លូវតូចបង្អៀតដូច្នេះរថយន្តពុំអាចចូលទៅអន្តរាគមន៍ទាន់នោះទេ។
បើតាមនគរបាលឱ្យដឹងថា បន្ទាប់ពីកើតមានអគ្គិភ័យ រថយន្តពន្លត់អគ្គិភ័យចំនួន៨គ្រឿងបានទៅអន្តរាគមន៍ជួយបាញ់ពន្លត់ ហើយភ្លើងក៏បានរលត់នៅម៉ោងប្រមាណ៧និង៣០នាទីព្រឹក ហើយពុំបណ្តាលឱ្យឆេះរាលដាលទៅលំនៅឋាននៅក្បែរនោះឡើយ។ ហើយបន្ទប់ទាំងមូលត្រូវភ្លើងឆេះរងការខូចខាតទាំងស្រុង ខណៈម្ចាស់ផ្ទះចាក់សោទៅលេងស្រុកបាត់។
ទាក់ទិននឹងការកើតមានអគ្គិភ័យខាងលើនេះ ត្រូវបាននគរបាលការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះឱ្យដឹងថា បណ្តាលមកពីទុស្សេខ្សែភ្លើងដែលសង្ស័យថា ម្ចាស់បើកកង្ហារទុកចោល ហើយឆ្លងចរន្តក្លាយជាអគ្គិភ័យឆាបឆេះតែម្តង ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះបានបញ្ជាក់ថា ក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ គឺមានករណីអគ្គិភ័យ កើតឡើងចំនួន៤លើក នៅថ្ងៃទី២៦ ខែកញ្ញា កើតឡើងចំនួន៣លើក និងនៅព្រឹកថ្ងៃទី២៩ ខែកញ្ញានេះ១លើក៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ