ខេត្តត្បូងឃ្មុំ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា បុរសម្នាក់ដោយសារតែខឹងជនរងគ្រោះធ្លាប់វាយប្អូនប្រុសរបស់ខ្លួន ស្រាប់តែបានដាក់កាំបិតហាន់ដើមចេកដែលមុខ.សស្ងាចមកកាប់ប្រហារលើជនរងគ្រោះដល់ផ្ទះកន្លែងវង់ផឹកស៊ី១កាំបិតត្រង់.ក បណ្តាលឱ្យជនរងគ្រោះស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាមតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពី៣និង៣០នាទីរសៀល ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ សិ្ថតនៅភូមិតារៀម ឃុំចុងជៀច ស្រុកតំបែរ។
សេចក្តីរាយការណបន្តថា បុរសសង្ស័យខាងលើនេះឈ្មោះ ផល សុផាន់ អាយុ២៦ឆ្នាំ រស់នៅភូមិមិតារៀម ឃុំចុងជៀច ស្រុកតំបែរ ខេត្តកំពង់ចាម ចំណែកជនរងគ្រោះ ឈ្មោះ ហ៊ុល គឹមឡុង ភេទប្រុស អាយុ២៣ឆ្នាំ បាននាំគ្នាផឹកស៊ីនៅផ្ទះមិត្តក្នុងភូមិ-ឃុំកើតហេតុ ។
បើតាមលោកវរសេនីយ៍ឯក ប៉េង អេងហាក់ អធិការនគរបាលស្រុកតំបែរ បានឲ្យដឹងថា មុននឹងហេតុ ជនរងគ្រោះបាននាំគ្នាផឹកស៊ីនៅផ្ទះមិត្តស្ថិតនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ដោយមានគ្នាជាច្រើននាក់ បន្ទាប់មកពេលដែលឃើញជនសង្ស័យជិះម៉ូតូមកដល់ដល់មុខផ្ទះកន្លែងផឹកស៊ី ស្របពេលឃើញមកបែបនេះជនរងគ្រោះក៏បានដើរមកហៅឲ្យជនសង្ស័យផឹកជាមួយដែរ។
អធិការនគរបាលស្រុកតំបែរ បន្តថា ក្នុងពេលដែលជនរងគ្រោះហៅជនសង្ស័យរួច ហើយក៏ងាកដើរត្រឡប់មកកន្លែងផឹកវិញបានតែប៉ុន្មានជំហានប៉ុណ្ណោះ ស្រាប់តែត្រូវជនសង្ស័យយកកាំបិតហាន់ដើមចេកមកកាប់ពីខាងក្រោយត្រូវ១កាំបិតត្រង់.ក បណ្តាលឲ្យដួលទៅលើដីស្លាប់ភ្លាមៗតែម្តង បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានប៉ុស្ត៏រដ្ឋបាលចុងជាច។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជាច្រើននាក់ក្រោមបញ្ជារបស់លោកស្នងការនគរបាលខេត្ត ក៏បើកប្រតិបត្តិការដេញតាមប្រមាញ់ជនសង្ស័យរហូតដល់ជាង១០០០ម៉ែត្រ ក៏តាមទាន់ចាប់បាន និងដកហូតកាំបិត០១ដែលកាប់ប្រហារមកលើជនរងគ្រោះ និងបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកតំបែរ ដើម្បីសួរនាំ ។ ចំណែកសពជនរងគ្រោះត្រូវបានកម្លាំងនគរបាលបច្ចេកទេសស្រុក ចុះពិនិត្យកោសល្យវិច័យរួចបានប្រគល់ជូនឲ្យទៅសាច់ញាតិ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។
គួរបញ្ជាក់ថា ជនរងគ្រោះ និងជនសង្ស័យជាមនុស្សស្គាល់គ្នា និងមានផ្ទះនៅមិនឆ្ងាយពីគ្នានោះទេ ហើយពេលជិះម៉ូតូមកកាប់ប្រហារលើជនរងគ្រោះនោះ ជនសង្ស័យបានផឹកស្រានៅកន្លែងផ្សេងដោយស្រវឹងស្រឿងៗថែមទៀត ។
ហើយក្រោយពេលសួរនាំជនសង្ស័យបានឆ្លើយសារភាពថា កន្លងមក ជនរងគ្រោះធ្លាប់វាយមកលើប្អូនប្រុសរបស់គេ ដោយសារតែមូលហេតុនេះហើយ ទើបនៅរសៀលថ្ងៃទី២៧ ខែកញ្ញានោះ រូបគេបានយកកាំបិតដាក់តាមម៉ូតូមកកាប់ប្រហារលើជនរងគ្រោះជាការសងសឹកវិញ បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម និងបានជិះម៉ូតូរត់គេចខ្លួន តែត្រូវបានកម្លាំងសមត្ថកិច្ចតាមប្រមាញ់ចាប់ខ្លួនបាន។ ហើយរហូតមកដល់ថ្ងែទី២៨ ខែកញ្ញា ត្រូវបានចាត់ការតាមច្បាប់បញ្ជូនទៅសាលាដំបូងខេត្តហើយ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ