ខេត្តកំពង់ចាម ៖ សកម្មភាពដាក់ដាយនៅត្រង់ចំនុចស្ពានព្រែកត្នោត ក្នុងឃុំរអាង និងតាមព្រែកអតីតឡូតិ៍នេសាទលេខ១ ឃុំគៀនជ្រៃ ស្រុកកំពង់សៀម បានកើតមានតាំងពីមុនបុណ្យភ្ជុំបិណ្ឌធំម៉្លេះ ដោយបានដាក់ដាយជាចំហដើម្បីចាប់យកត្រីតូចធំ ហាក់ដូចមិនជាមិនខ្លាចរអាក្នុងរដូវបិទនេសាទឡើយ។
ករណីខាងលើនេះត្រូវបានគេសង្ស័យក្រុមឈ្មួញទាំងនោះអាចត្រូវរ៉ូវគ្នាជាមួយនឹងអាជ្ញាធរមូលដ្ឋាន និងស្ថាប័នជំនាញជលផលហើយបានជាដាក់ដាយបានព្រោងព្រាត មិនមានការចុះបង្ក្រាបនោះទេ រហូតមកដល់ព្រឹកថ្ងៃទី២៩ កញ្ញា ២០១៩ គេនូវតែឃើញដាយដាក់ព្រោងព្រាតដដែល។
តាមប្រភពពីប្រជាពលរដ្ឋឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២៧ កញ្ញាកន្លងទៅ ត្រង់ទីតាំងស្ពានព្រែកត្នោត ឃុំរអាង មានប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីបានធ្វើដំណើរតាមម៉ូតូនិងរថយន្តតូចធំទៅវិញទៅមករាប់ពាន់គ្រឿង ហើយគេបានចោលភ្នែកមកក្រោមស្ពានបេតុង១ គេនឹងបានឃើញក្រុមឈ្មួញខុសច្បាប់ មានទាំងទូកម៉ាស៊ីនធំ ហើយនៅលើទូកធំនោះមានមនុស្សជាច្រើននាក់ បាននាំគ្នាលើកទាញដាយដ៏ធំដាក់ពេញព្រែក ទាញលើកដាក់លើទូក សូម្បីតែកូនត្រីទើបនឹងញាស់ក៏រត់មិនរួចដែរ។
តាមប្រភពដដែលបានបន្តថា សកម្មភាពដាក់ដាយនេះបានកើតឡើងជាច្រើនថ្ងៃមកហើយនៅត្រង់ទីតាំងស្ពានព្រែកត្នោតនេះ ក្រុមឈ្មួញបានលើកដាយយកត្រីទាំងថ្ងៃ ហើយមហាជនច្រើនកុះករដែលបានធ្វើដំណើរទៅវិញគេឃើញសឹងគ្រប់ៗគ្នា និងបានគ្រវីក្បាលហួសចិត្ត រហូតដល់លាន់មាត់ថា ប្រសិនណាបើដាក់ដាយនៅនឹងមុខៗបានដោយរលូន ប្រសិនបើមិនត្រូវរ៉ូវជាមួយនឹងអាជ្ញាធរមូលដ្ឋានក៏ដូចជាស្ថាប័នជំនាញជលផលទេនោះ កុំសង្ឃឹមឈរជើងដាក់ដាយបានយូរ ដោយមិនមាននរណាហ៊ានមកប៉ះ មកដល់ព្រឹកថ្ងៃទី២៩ កញ្ញា ២០១៩ ក្រុមឈ្មួញដដែលបានដាក់ដាយភ្ជិតមាត់ព្រែកចេញមកទន្លេមេគង្គនូវបន្តសកម្មភាពចាប់យកត្រីដោយសប្បាយរីករាយ មិនគិតពីភាពហិចហោចអស់ត្រីនោះទេ។
ដោយឡែកនៅតាមព្រែកគៀនជ្រៃ ឃុំគៀនជ្រៃ ស្រុកកំពង់សៀម នៅព្រឹកថ្ងៃទី២៩កញ្ញា ២០១៩ គេបា នសង្កេតឃើញមានដាយដាក់ពន្លិចតាមបណ្តោយព្រែកជាច្រើនកន្លែង រួមនិងដាក់បង្គោលឫស្សីបោះភ្ជិតមាត់ព្រែកដាក់ដាយ ចាប់យកត្រីកើតមានបទល្មើសនេសាទយ៉ាងពេញបន្ទុក គេមិនបានឃើញវត្ត មានសមត្ថកិច្ចនគរបាល អាវុធហត្ថ អាជ្ញាធរមូលដ្ឋាន ឬជលផលខេត្ត ចុះបង្ក្រាបនោះទេ ដោយបណ្តែតបណ្តោយឲ្យកើតមានបទល្មើសនេសាទយ៉ាងពេញបន្ទុក គេសង្ស័យថាអាចត្រូវដងត្រូវផ្លែហើយទើបបានដាក់ដាយដោយរលូនយ៉ាងដូច្នេះ។
លោកចាប សៀកហេង នាយអធិការដ្ឋានជលផលមេគង្គ មានប្រសាសន៏ឲ្យដឹងថា លោកនឹងចាត់ឲ្យលោកភួង ទីណា នាយរងអធិការដ្ឋានជលផលមេគង្គ ដឹកនាំកម្លាំងចុះទៅពិនិត្យមើលលើទីតាំងចំនួន២កន្លែងខាងលើ ដើម្បីមានវិធានការបង្ក្រាបបទល្មើសនេសាទ ក្នុងរដូវហាមឃាត់៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ