គ្រោះធម្មជាតិវាយប្រហារផ្ទះជិត​៥០​ខ្នង ​​ស្លាប់ម្នាក់​ និង៦​នាក់​ទៀត​​របួសធ្ងន់​​ស្រាល ​​


ខេត្ត​ព្រៃវែង ៖ ភ្លៀង​មួយ​មេ​ធំ​​លាយឡំ​ដោយ​​ខ្យល់​កន្ត្រាក់​​ផង​នោះ បាន​ធ្វើ​អោយ​ផ្ទះប្រជា​ពលរដ្ឋ​​ជិត​៥០​ខ្នង ក្នុងស្រុក​ចំនួន​២​នៅ​ខេត្តព្រៃវែង​បាន​ដួល​រលំ ប៉ើង​ដំបូល​និង​ជញ្ជាំង ព្រមទាំង​បាន​ធ្វើ​អោយ​បុរស​ម្នាក់​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​តែ​ផ្ទះ​រលំ​សង្កត់​លើ និង​៦​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់​និង​ស្រាល​។

ហេតុ​ការ​ណ៌ខាងលើ​​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៨ ​កញ្ញា ​នៅស្រុក​ចំនួន២ គឺ​​ស្រុក​កំពង់ត្របែក និង​ស្រុក​ពាម​ជរ ​​។

ស្រុក​កំពង់ត្របែក​បានបង្កផល​​ប៉ះពាល់​ទៅ​លើ​ឃុំ​ចំនួន​៣ បណ្តាល​អោយ​ផ្ទះ​ចំនួន​៣​ខ្នង​ដួល​រលំ​ខូចខាត​ទាំងស្រុង និង​ធ្វើ​អោយ​ស្រី្ត​ម្នាក់​រង​របួស​បាក់​ភ្លៅ​ខាងស្តាំ ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ទាំង​យប់​។

ចំណែក​នៅ​ឯ​ស្រុក​ពាម​ជរ ខ្យល់​កន្ត្រាក់​បាន​បោកបក់​ទៅ​លើ​ឃុំ​ចំនួន​៤ និង​បាន​បណ្តាល​អោយ​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​ជាង​៤០​ខ្នងរ​លំបាក់ ប៉ើង​ដំបូល​និង​ជញ្ជាំង ជាមួយ​គ្នា​នោះ​បាន​បណ្តាល​អោយ​បុរស​ម្នាក់​ឈ្មោះ ងួ​ន ជុន អាយុ​៤៧​ឆ្នាំ នៅ​ភូមិ​រកា​ដុះ ឃុំ​ក្រាំង​ត្រ​យ៉ង ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​ដោយសារ​​ត្រូវ​ផ្ទះ​រលំ​សង្កត់ពីលើ និង​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​ចំនួន​៥​នាក់​ផ្សេង​ទៀត បាន​រង​របួសធ្ងន់​និង​ស្រាល​ផង​ដែរ​។

ក្រោយ​ពី​កើត​មាន​ហេតុ​ការ​ណ៌​ខ្យល់​កន្ត្រាក់​វាយប្រហារ​ទៅ​លើ​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ បែប​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ កញ្ញា​ ខាង​អាជ្ញាធរ​ស្រុក​ទាំង​២ រួម​ទាំង​កំលាំង​សមត្ថកិច្ច​ផង​ដែរ បាន​ចុះ​ទៅ​ជួយ​រុះរើ​រៀបចំផ្ទះ​សម្បែង​អោយ​ជន​រង​គ្រោះ និង​បាន​កាប់​ទាញ​ដើមឈើ​ធំ​ៗ​ដែល​ដួល​រលំ​សង្កត់​លើ​ផ្ទះ​អ្នកស្រុក និង​រលំ​កាត់​លើ​ផ្លូវ​ដើម្បី​សម្រួល​កុំអោយ​មានការ​កកស្ទះ​ចរាចរ​ណ៌ ចំណែក​ជន​រង​គ្រោះ​ទាំងអស់ ក៏​ត្រូវ​បាន​នាំ​យក​ទៅ​ព្យាបាល នៅ​តាម​មន្ទីរពេទ្យ​បង្អែក​ស្រុក​ផង​ដែរ​ ៕ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ