ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្នុង​ថ្ងៃ​ភ្ជុំ​​មនុស្ស​៣​នាក់​បាន​ស្លាប់​នៅ​រមណីយដ្ឋាន​ផ្សេងគ្នា​

1 ឆ្នាំ មុន
  • Kampong Chhnang

ខេត្តកំពង់ឆ្នាំង ៖ ក្នុង​​ថ្ងៃ​បុណ្យ​ភ្ជុំ​បិ​ណ្ឌ​ត្រូវ​នឹង​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៩ ​មាន​មនុស្ស​រហូត​ដល់​ទៅ​៣​នាក់​បាន​លង់ទឹក​ស្លាប់​ ក្នុង​ករណី​៣ផ្សេងគ្នា​ ខណៈជនរងគ្រោះ​​បាន​​ចុះទៅ​លេងទឹក​កម្សាន្ត​នៅ​រ​មណី​យដ្ឋា​ននានា​ក្នុង​ខេត្តកំពង់ឆ្នាំង ។ ករណីទី១-…

ខេត្តកំពង់ឆ្នាំង ៖ ក្នុង​​ថ្ងៃ​បុណ្យ​ភ្ជុំ​បិ​ណ្ឌ​ត្រូវ​នឹង​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៩ ​មាន​មនុស្ស​រហូត​ដល់​ទៅ​៣​នាក់​បាន​លង់ទឹក​ស្លាប់​ ក្នុង​ករណី​៣ផ្សេងគ្នា​ ខណៈជនរងគ្រោះ​​បាន​​ចុះទៅ​លេងទឹក​កម្សាន្ត​នៅ​រ​មណី​យដ្ឋា​ននានា​ក្នុង​ខេត្តកំពង់ឆ្នាំង ។

ករណីទី១- ​នៅ​រ​មណី​យ​ដ្ឋា​ន​ទំនប់​២០​ឧសភា ស្ថិត​ក្នុង​ព្រុំប្រទល់​ជាប់​គ្នា​រវាង ភូមិ​ថ្មកែវ ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ និង​ភូមិ​ស្រះ​កែវ ឃុំ​មេលំ ស្រុក​បរិបូរណ៍ មាន​យុវជន​ម្នាក់​បាន​លង់ទឹក​ស្លាប់​នៅ​ពេល​ចុះ​លេង​ទឹកជា​មួយ​មិត្ត​ភក្តិ​ ​ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀលថ្ងៃទី​​​២៨ កញ្ញា ។

ជន​រង​គ្រោះ​​ដែលស្លាប់​ឈ្មោះ យ៉េ​ត ស្រស់ ភេទប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្មែ​ត ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ (ជនរងគ្រោះ​ជា​កូនកំព្រា​រស់នៅ​៣​នាក់​បងប្អូន) ។

តាម​ប្រភព​ពី​អ្នកឃើញ​ហេតុការណ៍​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ខាងលើ​ និង​មិត្ត​ភ​ក្កិ​បី​នាក់​ទៀត​បាន​នាំ​គ្នា​ទៅ​លេង​ទំនប់ 20 ឧសភា ហើយ​ក៏​មានការ​ផឹកស៊ី​ផង​ដែរ ក្រោយ​ពេល​ផឹកស៊ី​ហើយ ជន​រង​គ្រោះ​ខាងលើ​ និង​មិត្ត​ភ​ក្កិ​បាន​នាំ​គ្នា​ចុះ​ងូតទឹក ប៉ុន្តែ​ចៃដន្យ​ក៏​ត្រូវ​ទឹក​ហូរ​ទាញ​យក​ទៅ​កន្លែង​ទឹក​ជ្រៅ​ហើយ​បណ្ដាល​ឲ្យ​លង់ ។

តាមប្រភពដដែលបាន​បន្ត​ថា ពេល​នោះ​ជន​រង​គ្រោះ​បាន​ព្យាយាម​លើកដៃ​ហៅ​អោយ​គេ​ជួយ​ដែរ តែ​គ្មាន​អ្នក​ចាប់អារម្មណ៍ចុះ​ជួយ​ទាន់​ពេលវេលា ទើប​បណ្តាល​អោយ​លង់​ស្លាប់​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ គណៈកម្មការ​គ្រប់គ្រង​ទំនប់​ទឹក២០ ឧសភា ក៍បាន​បិទទ្វារ​ទឹក​នៅ​កន្លែង​កើតហេតុ​ដើម្បី​ចុះ​រាវរក ​អស់​រយៈពេល​ប្រមាណ​ជាង​១​ម៉ោង ទាំង​ការ​រៀបចំ​បិទទ្វា​រ​ទឹក និង​ទាំង​ការ​ចុះ​រាវរក ទើប​រក​សព​ជន​រង​គ្រោះ​ឃើញ ។ បច្ចុប្បន្ន សព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

ករណីទី២-​នៅ​រ​មណី​យ​ដ្ឋា​ន​ខ្សាច់​ស ស្ថិត​ក្នុង​ព្រុំប្រទល់​២​ជាប់​គ្នា​ដែរ គឺ​ភូមិ​អ​ញ្ជា​ញ​រូង ឃុំ​អញ្ចាញ​រូង ស្រុក​បរិបូរ​ណ៌ និង​ភូមិ​តាំង​ត្រពាំង ឃុំ​ពេ​ជ​ចង្វា ស្រុក​បរិបូរ​ណ៌ មាន​ករណី​កុមា​រា​ម្នាក់​បាន​លង់ទឹក​ស្លាប់​ ខណៈ​​កុមារា​​រងគ្រោះ​ចុះ​លេង​ទឹកជា​មួយ​បងប្អូន​៣​នាក់ ប៉ុន្តែ​២​នាក់​ទៀត​ត្រូវ​បាន​ជួយ​សង្គ្រោះ​ទាន់ ​ដែល​ហេតុការណ៍នេះ​​បានកើតឡើង​កាលពីវេលាម៉ោង​១២ថ្ងៃត្រង់ថ្ងៃទី​២៨ កញ្ញា ឆ្នាំ​២០១៩ ។​

តាមប្រភព​ពី​សមត្ថកិច្ច​នៅ​កន្លែង​កើតហេតុ​បាន​បញ្ជា​ក់ថា កុមា​រា​រង​គ្រោះដែលស្លាប់​ឈ្មោះ ធា សុខ​លី អាយុ​១៣​ឆ្នាំ មាន​ទីលំនៅ​តា​ខ្មៅ ខេត្តកណ្តាល ។

តាមប្រភពពីសមត្ថកិច្ច​បាន​បន្ត​ថា ​មុនពេល​កើតហេតុ កុមារ​រង​គ្រោះ​ខាងលើ​បាន​ធ្វើដំណើរចេញ​មក​​ភ្ជុំ​បិ​ណ្ឌ​​នៅ​វត្ត​ថ្មកែវ ជា​ស្រុក​កំណើត នៅ​ខេត្តកំពង់ឆ្នាំង ជាមួយ​នឹង​ម្តាយ​ ព្រមទាំង​ក្រុម​គ្រួសារ ដោយ​មាន​រថយន្ត​ចំនួន​៣​គ្រឿង ។ ​លុះ​​ពេល​ចេញពី​វត្ត ក្រុម​គ្រួសារ​ខាងលើ​បាន​ទៅ​កាន់រ​មណី​យ​ដ្ឋា​ន​ស្ទឹង​ខ្សាច់​ស ។

តាមប្រភពពីសមត្ថកិច្ចបាន​បន្ត​ថា ពេល​ទៅ​ដល់​រមណីយដ្ឋាន​ខ្សាច់​ស​នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ដដែល​នោះ ​មិន​ទាន់​មាន​ប្រជាពលរដ្ឋ​ទៅ​លេង​នៅឡើយ​ទេ ចំណែក​សមត្ថកិច្ច​និង​ប្រជា​ការពារ ក៍​មិន​ទាន់​ទៅ​ដល់​ដែរ​។ ពេល​ដល់​ភ្លាមៗនោះ ​កុមារ​ង​គ្រោះ និង​​បងប្អូន​​២​នាក់​ទៀត បាន​រត់​ចេញពី​រថយន្ត​សំដៅ​ចុះ​ទឹក​លេង ​បណ្តាល​អោយ​លង់​តែ​ម្តង សូ​ម្បី​តែ​ម្តា​យក៍​មិន​ដឹងផង ព្រោះ​នៅ​រថយន្ត​នៅឡើយ ។

តាម​ប្រភព​ដដែល​បាន​បញ្ជា​ក់ថា ពេល​លង់​នោះ​គឺ​លង់​ទាំង​៣​នាក់តែម្តង​ ប៉ុន្តែ​២​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ទាន់ ចំណែក​កុមារា​រង​គ្រោះ​ជួយ​មិន​ទាន់​ឡើយ ព្រោះ​ទឹក​ជ្រៅ​និង​ហូរ​ខ្លាំង​ពេក​។ សព​កុមារ​រង​គ្រោះ​នៅ​មិន​ទាន់រក​ឃើញ​នៅឡើយ​ទេ គិត​រហូត​ដល់​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៩ ខែកញ្ញា​នេះ ។

​ករណីទី​​៣-នៅ​ចំណុច​លេខ​ផ្លូវ​៥០c ដែល​ស្ថិត​នៅ​ភូមិ​កង្កែប​ ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ជា​ផ្លូវ​ត​ភ្ជាប់​ទៅ​ខេត្តកំពង់ធំ​វិញ ក៍​មាន​ករណី​កុមារា​អាយុ​៩​ឆ្នាំ​ម្នាក់​បាន​ស្លាប់​ដោយ​សារ​លង់ទឹក​ដែរ ​ដែលហេតុការណ៍នេះបានកើតឡើង​នៅថ្ងៃទី​២៨ កញ្ញា ។​

កុមា​រា​រង​គ្រោះដែលស្លាប់​​ឈ្មោះ​សុវណ្ណ ដា​វី​ន អាយុ​៩​ឆ្នាំ មាន​​ឪពុក​ឈ្មោះ ម៉​ន សុវណ្ណ អាយុ​៣១​ឆ្នាំ និង​ម្តាយ​ឈ្មោះ ហាក់ ស្រ៊​ន អាយុ​៣០​ឆ្នាំ ។ គ្រួសារនេះ​រស់នៅ​ភូមិ​ធ្លក ឃុំ​ច្រ​ណូ​ក ។

តាម​ប្រភពព័ត៌មានបាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ កុមា​រា​រង​គ្រោះ​ត្រូវ​បាន​ឪពុក​ម្តាយ​នាំ​ទៅ​លេង​ទឹក​នៅ​ចំណុច​​​កើតហេតុ​ខាងលើ​ ដែល​​មានទឹក​​កំពុង​ហូរ​កាត់​ផ្តាច់​ដោយ​ទឹកជំនន់ ។ ពេល​​នោះ​​កុមារ​រង​គ្រោះ និង​កេ្ម​ង​ៗ​ដទៃ​ទៀត រួម​ទាំង​មនុស្ស​ចាស់​ផង​​បាន​នាំគ្នា​ចុះ​លេង​ទឹក ស្រាប់តែ​ត្រូវ​ទឹក​ហូរ​ទាញ​យក​កុមារារង​គ្រោះ​ធ្លាក់​ទៅកន្លែង​​ទឹក​ជ្រៅ​បណ្តាល​អោយ​លង់ ទម្រាំ​តែ​​​មានអ្នក​ដឹង ​និង​រាវរក​ឃើញ គឺ​កុមារារង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ​។

បច្ចុប្បន្ន សព​​​​កុមាររា​​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​មក​លំនៅ​ដ្ឋា​ន​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ​(កែសម្រួលដោយ ៖ ធីតា​)