រាជធានីភ្នំពេញ ៖ រថភ្លើងដឹកអ្នកដំណើរខ្សែបាត់ដំបងមួយគ្រឿងបានស្ទះចរាចរណ៍ប្រមាណជាងកន្លះម៉ោង ខណះពេលដែលរថយន្តដឹកថ្មីធុនយក្យមួយគ្រឿងបើកសុខៗ មករលត់កណ្តាលផ្លូវរថភ្លើង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ៨ព្រឹកថ្ងៃទី២៦ ខែកញ្ញានេះ នៅចំណុចផ្លូវរថភ្លើង កែងមហាវិថីឈ្នះឈ្នះ ក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។
រថយន្តដែលបង្កឲ្យស្ទះដំណើររថភ្លើងនោះ ម៉ាកហ៊ីយ៉ាន់ដាយដឹកថ្ម ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ៣E.៩២៧៨ ។ ចំណែករថភ្លើងលេខ១០៣៥ ខ្សែភ្នំពេញបាត់ដំបង ដឹកអ្នកដំណើរអត់យកប្រាក់សម្រាប់ថ្ងៃបុណ្យភ្ជុំបិណ្ឌ ។
តាមព័ត៌មានពីបុគ្គលិកដាក់បារ៉ាស់បានអោយដឹងថា នៅព្រឹកនោះខណៈពេលដែលរថភ្លើងធ្វើដំណើរចេញពីភ្នំពេញជិតដល់បុរីពិភពថ្មីឈូកវ៉ា៣ ស្រាប់តែរថយន្តដឹកថ្មដែលធ្វើដំណើរតាមវិថីឈ្នះឈ្នះ ក្នុងទិសដៅពីត្បូងទៅជើង ស្រាប់តែមករលត់ម៉ាស៊ីននៅកណ្តាលផ្លូវរថភ្លើងតែម្តង ។
តាមព័ត៌មានឲ្យដឹងទៀតថា ខណៈនោះសន្តិសុខយាមក៏បានទាក់ទងទៅរថភ្លើង ដើម្បីបង្អង់ល្បឿន ដោយសារតែដឹងដំណឹងមុននឹងរថភ្លើងនៅឆ្ងាយទើបអាចបង្អង់ល្បឿនឈប់បាននៅក្បែរនឹងរថយន្តខូចតែម្តង ។ នេះចាត់ទុកជាសំណាង បើរថយន្តរលត់នៅពេលរថភ្លើងជិតមកដល់វិញ ។
តាមអ្នកបើកបររថយន្តបានអោយដឹងថា នៅពេលដែលបើកបរសុខៗស្រាប់រថយន្តអស់ខ្យល់ដាក់លេខ អត់កើត ។ នៅព្រឹកនោះអ្នកបើកបររថយន្តក៏បានទាក់ទង់ទៅក្រុមហ៊ុនហៅរថយន្តមកអូសតែទាញមិនរួចហើយក៏បាននាំគ្នាឌូយដោះក្បាលចេញយកក្បាលថ្មីមកអូសទើបបើកចរាចរណ៍រថភ្លើងឡើងវិញ ។ ទោះបីជាយ៉ាងណា រថភ្លើងបានស្ទះចរាចរណ៍អស់ប្រមាណ៣៨នាទី ទើបបន្តដំណើរទៅបុកទៀត ៕ កែសម្រួកលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ