ខេត្តបាត់ដំបង ៖ វត្តសុវណ្ណគង្គារតនារាម (ហៅវត្តរស្មីដូនត្រិត) ស្ថិតនៅភូមិដូនត្រិត ឃុំតាសាញ់ ស្រុកសំឡូត ខេត្តបាត់ដំបង ដែលមានចម្ងាយចុះពីផ្លូវកៅស៊ូចេញពីឃុំតាសាញ់ទៅ ចម្ងាយជាង២០គីឡូម៉ែត្រ តាមផ្លូវដីលំ ឆ្លងកាត់ជ្រោះអូរ តាមសណ្ឋានខ្ពង់រាបលក្ខណៈព្រៃភ្នំ ដែលខែវស្សាមិនអាចធ្វើដំណើរទៅមកឆ្លងជ្រោះ អូរកាត់ទឹកបានឡើយ ដូច្នោះប្រជាពលរដ្ឋដែលតែងតែទៅធ្វើបុណ្យច្រើនមានតែក្នុងខែប្រាំង ឬពេលគ្មានទឹកលិចលង់តាមដងអូរ ដែលត្រូវឆ្លងកាត់ ។
វត្តនេះត្រូវបានកសាងឡើងនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១០ ដើយពុទ្ធបរិស័ទនៅក្នុងតំបន់នោះ ដែលចង់បានទីវត្តអារាមសម្រាប់ពេលមានបុណ្យទាន ម្តងៗនាំគ្នាទៅគោរពធ្វើបុណ្យតាមបែបព្រះពុទ្ធសាសនាឲ្យមាននៅទីនោះ ពីព្រោះលក្ខណៈភូមិសាស្ត្រ ជាតំបន់ព្រៃភ្នំនៅដាច់ស្រយាលពីទីប្រជុំជនស្រុក ដែលលំបាកខ្លាំង គឺផ្លូវលំមិនអំណោយផល គួបផ្សំអំពីជីវភាពបងប្អូននៅតំបន់នោះនៅមានកំរិតនៅឡើយ ទើបការកសាងអ្វីជាដុំកំភួនមិនបានលូតលាស់ទៅមុខទៀតបានឡើយ ។
ព្រះតេជគុណ ព្រះនាមឡាយ សុខុន ជាចៅអធិការនៅក្នុងវត្តនេះ មានសង្ឃដីកាថា នៅក្នុងវត្តនេះ មានព្រះសង្ឃតែ៥អង្គប៉ុណ្ណោះ ហើយការគោរពបូជាភាគច្រើនមានតែពេលបុណ្យទានធំៗ ដូចជាចូលឆ្នាំ ភ្ជុំបិណ្ឌ ដែលមានពុទ្ធបរិស័ទនៅក្នុងតំបន់នោះតែប៉ុណ្ណោះ ពីព្រោះលំបាកក្នុងការធ្វើដំណើរទៅឆ្ងាយ និងលំបាកតាមផ្លូវថ្នល់តាមស្ថានភាពព្រៃភ្នំផង ចំពោះបុណ្យកឋិនទាន ឬផ្កាប្រាក់សាមគ្គី មិនដែលមានពុទ្ធបរិស័ទពីចម្ងាយបានទៅដល់ណាស់ ហើយចំណូលក៏បានមកតិចតួចស្តួចស្តើង កុំថាឡើយដល់កសាងព្រះវិហារ ឬកុដិថ្ម ជួបការលំបាក សូម្បីតែការប្រើប្រាស់សម្រាប់ភោជនាហារ ហើយបន្សល់សន្សំទុកក្នុងភស្តុភាសម្រាប់វត្តក៏គ្មានដែរ ។
លោកតាខៀវ ផុន ជាប្រធានគណៈកម្មការវត្តបានបញ្ជាក់ផងដែរថា ដោយគ្មានការរីកចំរើនទៅមុខ មកពីវត្តនេះនៅឆ្ងាយ ហើយមានតែកម្លាំងបងប្អូននៅទីនេះ បានជួយជ្រោមជ្រែងគ្នាអារកាត់ឈើក្នុងព្រៃមករៀបចំកសាងបានវិហារឈើសម្រាប់គោរពមក៩ឆ្នាំមកហើយ តែមិនទៅមុខសោះ ចំពោះការអំពាវនាវរបស់គណៈកម្មការយើងទាំងអស់ តែងតែបំផុសជាប្រចាំ ដើម្បីរកអ្នកមានចិត្តសប្បុរសធម៌ មករួបរួមគ្នាដើម្បីជួយកសាងសាលាឆាន់ខ្លះ តែបច្ច័យបានមកសម្រាប់តែចង្ហាន់ លោកតែប៉ុណ្ណោះ បើពឹងផ្អែកលើពុទ្ធបរិស័ទនៅទីនេះ គឺជីវភាពអ្នកចំការតាមព្រៃភ្នំ រកបានសម្រាប់តែមួយរស់ៗខ្លួនឯងប្រចាំថ្ងៃតែប៉ុណ្ណោះ ។
វត្តរស្មីដូនត្រិត មិនសូវមានគេស្គាល់ ព្រោះមានចម្ងាយចុះពីបណ្តោយផ្លូវកៅស៊ូថ្មីជាង១០០គីឡូម៉ែត្រ ចេញពីបាត់ដំបងទៅព្រំដែនថៃ ច្រក៤០០ ក្នុងស្រុកសំឡូត ត្រង់ជិតផ្សារឃុំតាសាញ់ បែកចុះទៅខាងឆ្វេងដៃចម្ងាយជាង២០គីឡូម៉ែត្រទៀត កាត់តាមព្រៃភ្នំ ដងអូរ ដែលមានការលំបាកក្នុងពេលខែវស្សា មិនសូវមានមនុស្សបានទៅដល់ក្រៅតែពីអ្នកស្រុកភូមិដែលមានផ្ទះនៅទីនោះ។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ