ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកលក់​សំណាញ់​ត្អូញត្អែរ​រក​លុយ​មិនសូវ​បាន

4 ឆ្នាំ មុន
  • តាកែវ

រាជធានី​ភ្នំពេញ ៖ បើ​យើង​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ពី​ទីរួមខេត្ត​តាកែវ ឆ្ពោះទៅ​ច្រកព្រំដែន អន្តរជាតិ​កម្ពុជា វៀតណាម (​ភ្នំ​ដិ​ន​) លុះ​ជិត​ដល់​ផ្សារ​កំពង់​ជ្រៃ​ស្ថិត​ក្នុង​ឃុំ​ស្មោង ស្រុក​ទ្រាំង…

រាជធានី​ភ្នំពេញ ៖ បើ​យើង​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ពី​ទីរួមខេត្ត​តាកែវ ឆ្ពោះទៅ​ច្រកព្រំដែន អន្តរជាតិ​កម្ពុជា វៀតណាម (​ភ្នំ​ដិ​ន​) លុះ​ជិត​ដល់​ផ្សារ​កំពង់​ជ្រៃ​ស្ថិត​ក្នុង​ឃុំ​ស្មោង ស្រុក​ទ្រាំង ខេត្តតាកែវ គេ​នឹង​ឃើញ​មាន​តូប​ជា​ច្រើន​ដំបូល​ប្រក់​ស្លឹក​សង់​តាម​ផ្លូវជាតិ ហើយ​មាន​តាំង​សំណាញ់ និង​មង​ព្រមទាំង​សម្ភារៈ​ផ្សេង​ៗ​ជា​ច្រើន​ទៀត​សម្រាប់​បម្រើ​ការ​នេសាទ ។

បងប្អូន​ខ្មែរឥស្លាម​ដែល​រស់នៅ​ភូមិ​ត្រពាំង​លើ និង​ភូមិ​កំពង់​ជ្រៃ ឃុំ​ស្មោង ស្រុក​ទ្រាំង ខេត្តតាកែវ បាន​ចាប់​យកមុខ​រប​ចាក់​សំណាញ់ និង​មង​លក់​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។

អ្នកស្រី​អ៊ី ស៊ុំ អាយុ​៤៨​ឆ្នាំ ជនជាតិ​ឥ​ស្លា​ម មាន​ទីលំនៅ​ភូមិ​កំពង់​ជ្រៃ ឃុំ​ស្មោង ស្រុក​ទ្រាំង បាន​រៀបរាប់​ឲ្យ​ដឹង​ថា គាត់​បាន​ប្រកប​មុខរបរ​ចាក់​សំណាញ់ និង​មង​នេះ​អស់​រយៈពេល​ជាង​២០​ឆ្នាំ​មក​ហើយ ។ គាត់​ចេះ​មុខរបរ​នេះ​ត​ពី​ឪពុក​ម្តាយ ។ មុខរបរ​នេះ​មិន​អាច​ធ្វើ​មានបាន​ឡើយ ។ វា​ត្រឹមតែ​ចិញ្ចឹម​ឆ្នាំង​មួយ​ថ្ងៃ​សម្រាប់​មួយ​ថ្ងៃ​តែ​ប៉ុណ្ណោះ ។ អ៊ី ស៊ុំ បាន​បញ្ជាក់​ថា ដើមទុន​ក្នុង​ការ​ចាក់​សំណាញ់ និង​មង​សម្រាប់​តាំង​លក់​នេះ​ប្រហែល​ជាង មួយ​ពាន់​ដុល្លារ ។ សំណាញ់​មួយ​ត្រូវ​ចំណាយ​ជិត​១០​ម៉ឺន​រៀល​ហើយ​ប្រើ​ពេល​ពី​ពីរ​ទៅ​បួន​ថ្ងៃ​ទើប​ចាក់​រួច​បាន​សំណាញ់​មួយ ។ ឆ្នាំ​នេះ​លក់​មិនសូវ​ដាច់​ទេ ។ បី​បួន​ថ្ងៃ​លក់​បាន​សំណាញ់​មួយ ជួនកាល​លក់​បាន​មង​មួយ ហើយ​ថ្ងៃ​ណា​ស៊យ​លក់​មិន​បាន​មួយ​រៀល​ក៏​មាន​ដែរ ។

ដោយសារ​តែ​គាត់ និង​ប្តី​មិន​មាន​ដីស្រែ​ធ្វើ​នឹង​គេ​ទើប​គាត់​ចាប់​យកមុខ​របរ​លក់​មង​សំណាញ់​ជា​ជាង​នៅ​ទំនេរ​ម្យ៉ាងវិញទៀត​មិន​ចង់​ឲ្យ​ប្តី​ទៅ​រកស៊ី​ឆ្ងាយ​ពី​ផ្ទះ ។ ជាមួយនឹង​ដៃ​កំពុង​ចាក់​សំណាញ់ ជនជាតិ​ឥ​ស្លា​ម​ឈ្មោះ រ៉ូ​ហ្សា យ៉ា​ស់ អាយុ​២៨​ឆ្នាំ មានកូន​បី​បាន​និយាយ​ថា បច្ចុប្បន្ន​គាត់​គ្មាន​ដី​ធ្វើស្រែ​នោះ​ទេ ។ ពីរ​នាក់​ប្តី​ប្រពន្ធ​នាំ​គ្នា​ចាប់​យកមុខរ​បរចាក់​សំណាញ់ និង​មង​លក់​នៅ​ទីតាំង​ខាងលើ​ជាង​១០​ឆ្នាំ​មក​ហើយ ចំណាយ​ដើមទុន​ប្រមាណ​ជា​១៥០០​ដុល្លារ ។

ជា​រៀង​រាល់​ព្រឹក​គាត់​ពីរ​នាក់​ប្តី​ប្រពន្ធ​មក​រៀបចំ​មង​សំណាញ់ និង​សម្ភារ​ផ្សេង​ៗ ដើម្បី​ឲ្យ​អតិថិជន​ដែល​មក​រក​ទិញ ។ ក្នុង​មួយ​ថ្ងៃ​គាត់​លក់​បាន​សំណាញ់​ពី​មួយ​ទៅ​ពីរ​សំណាញ់​ដែរ រីឯ​តម្លៃ​ចាប់ពី​១៣​ម៉ឺន​ទៅ​១៥​ម៉ឺន​រៀល ។ សំណាញ់​មួយ​គាត់​ត្រូវ​ប្រើ​ពេលវេលា​បី​ថ្ងៃ​ទើប​ចាក់​ហើយ​ព្រោះ​រង្វង់​ធំ ។ គាត់​និយាយ​បន្ថែម​ថា ការ​ប្រកប​មុខរបរ​ចាក់​សំណាញ់​និង​មង​នេះ​មាន​ថ្ងៃ​ខ្លះ​រក​លុយ​ទិញ​បាយ​ឲ្យ​កូន​ហូប​មិន​បាន​ផង​ព្រោះ​លក់​មិនសូវ​ដាច់ ។ បញ្ហា​ធំ​ជាងគេ គឺ​មិនសូវ​មានទឹក​បឹងបួរ​ព្រែក​បានជា គ្មាន​អ្នកទិញ ។ អ្នកស្រី​រ៉ូ​ហ្សា​យ៉ា​ស់បាន​ដកដង្ហើម​វែង ហើយ​ក៏​និយាយ​បន្ថែម​ទៀត​ថា ពីរ​ប្តី​ប្រពន្ធ​របស់​គាត់​ចង់​ផ្លាស់​ប្តូ​មុខរបរ​លក់​មង​សំណាញ់​នេះ​ដែរ តែ​មិនដឹង​ចាប់​យកមុខ​របរ​ណា​ផ្សេង​ទេ​ព្រោះ​ជា​ប្រពៃណី​របស់​ជនជាតិ​ឥ​ស្លា​ម​តកូនតចៅ​មក ។

ម្យ៉ាងវិញទៀត​មិន​អាច​ឈប់​លក់​បាន​ឡើយ​ដោយសារ​កប់ដើម​ជាង​១០០០​ដុល្លារ ក្នុង​ការ​ទិញ​សំណាញ់ និង​សម្ភារៈ​ផ្សេង​ៗ​ទៀត​ដាក់​លក់​នេះឯង ។ ដូច្នេះ​ទោះ​បាន ឬ​មិន​បាន​ក៏​ត្រូវ​តែ​លក់​បន្ត​គាត់​ក៏​មិន​ចង់​ធ្វើ​ចំណាកស្រុក​ដែរ ។ អ្នកស្រី​សុំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ជួយ​រក​ទីផ្សារ​លក់​មង​សំណាញ់ ដល់​ពួក​គាត់​មិន​ដូច្នេះ​ទេ​មុខរបរ​នេះ​នឹង​បាត់បង់​ជា​មិន​ខាន​ដោយ​លក់​មិនសូវ​ដាច់​តែ​ម្តង ។

លោក​អ៊ុំ​ប្រុស​គឹ​ម ឡុ​ង ស្ថិត​ក្នុង​វ័យ​ជាង​៦០​ឆ្នាំ មាន​ទីលំនៅ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ ដែល​បាន​យក​សំណាញ់​រហែក​មក​ឲ្យ​បងប្អូន​ឥ​ស្លា​ម​ជួយ​ដេរ​បាន​ប្រាប់​ថា ៖ ជា​រៀង​រាល់​ឆ្នាំ​គាត់​តែងតែ​យក​សំណាញ់​ដែល​រហែក​មក​ឲ្យ​បងប្អូន​ឥ​ស្លា​ម​ដេរ ។ ពេល​ខ្លះ​ក៏​ជួយ​ទិញ​សំណាញ់​ពីរ​បី​យក​ទៅ​លក់​បន្ត​នៅ​ឯ​ស្រុក​ផង​ដែរ ។

មន្ត្រី​សាលាឃុំ​ស្មោង​មួយ​រូប​និយាយ​ថា ៖ បងប្អូន​ឥ​ស្លា​ម​ដែល​មក​ពី​ភូមិ​កំពង់​ជ្រៃ និង​ភូមិ ត្រពាំង​លើ​បាន​នាំ​គ្នា​ប្រកប​មុខរបរ​ចាក់​សំណាញ់​មង និង​សម្ភារៈ​ផ្សេង​ៗ​សម្រាប់​ការ​នេសាទ​នៅ​ទីតាំង ខាងលើ​សរុប​ជាង​៦០​តូប សង់​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ក្នុងភូមិ​សាស្ត្រ​ស្រុក​ទ្រាំង ។

អាជ្ញាធរ​មិន​តម្រូវ​ឲ្យ​បងប្អូន​បង់ប្រាក់​អ្វី​នោះ​ឡើយ តែ​បងប្អូន​ទាំងនោះ​សុទ្ធតែ​ជួល​ដី​គេ​ធ្វើ​តូប​លក់​ហើយ​បង់ប្រាក់​ប្រចាំឆ្នាំ​ឲ្យ​ទៅ​ម្ចាស់​ដី​តែ​ប៉ុណ្ណោះ ។ បច្ចុប្បន្ន​យើង​សង្កេត​ឃើញ​ថា មុខរបរ​លក់​សម្ភារៈ​នេសាទ​របស់​បងប្អូន​ឥ​ស្លា​ម​បាន​ត្រឹមតែ​ចិញ្ចឹម​ឆ្នាំង​ប៉ុណ្ណោះ ។ អាជ្ញាធរ​មូលដ្ឋាន​មាន​គម្រោង​យក​រឿង​នេះ​ទៅ​ពិភាក្សា​ជាមួយ​ថ្នាក់​ស្រុក ហើយ​អាជ្ញាធរ​ក៏​មិន​ចង់​ឲ្យ​បាត់បង់​មុខរបរ​លក់​សម្ភារៈ​នេសាទ​ដែល​បងប្អូន​ខ្មែរឥស្លាម​ធ្វើ​ដោយ​ផ្ទាល់​ដៃ​នេះ​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ