ប្រទេសម៉ាលី ៖ ការផ្ទុះឆេះដោយចៃដន្យរថយន្តកាំមីញ៉ុងស៊ីទែនដឹកប្រេងមួយ កាលពីថ្ងៃទី២៤កញ្ញានៅក្រុងបាម៉ាកូរដ្ឋធានីម៉ាលីនាំឲ្យមានការរន្ធត់ ហើយបណ្ដាលឲ្យមនុស្សស្លាប់យ៉ាងតិច៧នាក់និងប្រមាណជា៥០នាក់ទៀតរងរបួស។ តុល្យការអាចមានខ្ពស់ជាងនេះទៀត។
យោងតាមអាជ្ញាធរនិងសាក្សីទាំងឡាយថាគ្រោះថ្នាក់នេះកើតមាន២ដំណាក់កាល។ ដំបូងរថយន្តស៊ីទែននោះដែលដឹកប្រេងប្រមាណជា១៤.០០០លីត្រ បានផ្អៀងពុំដឹងជាបណ្ដាលមកពីហេតុអី នៅក្បែរស្ថានីយចាក់ប្រេងមួយនិងក្បែរសណ្ឋាគារមួយ នៅតាមមហាវិថីធំមួយនៃសង្កាត់BADALABOUGOU។
បន្ទាប់មកបណ្ដាមនុស្សម្នាស្ថិតនៅទីនោះ ក្នុងនោះមានទាំងបណ្ដាអ្នកជិះរថយន្តក្រុងមួយផង បានលើកគ្នាមកជួយលើករថយន្តកាំមីញ៉ុងដែលផ្អៀងឲ្យត្រង់វិញ ព្រោះមានមនុស្សជាប់ខាងក្នុង។ គឹបន្ទាប់ពីការលើកនេះក៏ស្រាប់តែមានការផ្ទុះដ៏ខ្លាំងមួយនិងមានភ្លើងឆាបឆេះ។ មនុស្សម្នារងការឆេះរលាកហើយមនុស្សច្រើននាក់បានត្រូវស្លាប់។
សាក្សីម្នាក់រៀបរាប់ថា ពេលកំពុងនាំគ្នាលើករថយន្តក៏មានការផ្ទុះ។ អណ្ដាតភ្លើងបានឆេះជះលើមនុស្សម្នាដែលនៅទីនោះ។ ផ្សែងខ្មៅយ៉ាងក្រាស់បានហុយចេញពីរថយន្តស៊ីទែនដែលពួកអ្នកពន្លត់ភ្លើងខិតខំបាញ់ទឹកពន្លត់ ចំណែកបណ្ដាសាកសពមនុស្សដែលភ្លើងឆេះរោលត្រូវបាននាំចេញ។ បណ្ដាម៉ូតូនិងរថយន្តតូចធំរងការបំផ្លាញដោយអណ្ដាតភ្លើង។
ក្នុងសេចក្ដីប្រកាសមួយរដ្ឋមន្ត្រីគមនាគមន៍និងជាអ្នកនាំពាក្យរបស់រដ្ឋាភិបាល លោកយ៉ាយ៉ាសានហ្គារេគូសបញ្ជាក់ថា តុល្យការបណ្ដោះអាសន្នរៀបរាប់ពីអ្នកស្លាប់៧នាក់និងរបួស៤៦នាក់ដោយរលាកភ្លើង។
រដ្ឋាភិបាលប្រកាសពីការបើកការស៊ើបអង្កេតមួយដើម្បីឲ្យដឹងពីមូលហេតុពិតប្រាកដនៃសោកនាដកម្មនេះនិងវែកមុខអ្នកទទួលខុសត្រូវ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ