៩​ចំណុច​អ្នក​ត្រូវ​ដឹង​នៅ​ពេល​ធ្វើ​ដំណើរ​ចុះ​ទៅ​ស្រុក​នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ


រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​អំពាវនាវ​ឲ្យ​ការ​បង្ការ​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ក្នុង​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ ដោយ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវថ្នល់​៩​ចំណុច​គិត និង​ប្រុង​ប្រយ័ត្ន ។ ការ​អំពាវនាវ​នេះ ខណៈ​ដែល​នៅ​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ក្នុង​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០១៩ ខាង​មុខ​នេះ ស្ថានភាព​ចរាចរណ៍​ផ្លូវគោក​មាន​ភាព​មមាញឹក​ដោយ​កំណើន​ខ្ពស់​នៃ​យានយន្ត ហើយ​ដែល​តែង​មាន​កំណើន​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ នា​បណ្តា​ឆ្នាំ​កន្លង​ទៅ ។

យោង​តាម​សេចក្តី​អំពាវនាវ​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៥ ខែកញ្ញា​នេះ​បាន​ឲ្យ​ដឹង​ថា ដើម្បី​បង្ការ​ទប់ស្កាត់ កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សូម​ធ្វើការ​អំពាវនាវ​ដល់​សាធារណជន ដែល​ជា​អ្នក​ប្រើប្រាស់​ផ្លូវថ្នល់​ដូច​ខាងក្រោម

១-​ចំពោះ​រថយន្ត​ដឹក​អ្នកដំណើរ ឬ​រថយន្ត​ដឹក​ទំនិញ សូមកុំ​ផ្ទុក​មនុស្ស ឬ​ទំនិញ​លើស​ច្បាប់​កំណត់​ជា​ពិសេស​រថយន្ត​ដឹក​អ្នកដំណើរ​មិន​ត្រូវ​ផ្ទុក​មនុស្ស​នៅ​លើដំបូល និង​មិន​ត្រូវ​តម្លើង​ថ្លៃ​ធ្វើ​ដំណើរ​ក្នុង​ឱកាស​នេះ​ទេ ។ ២-​ត្រូវ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ​របស់​ខ្លួន​មុន​ពេល​ធ្វើ​ចរាចរណ៍ ។ ៣-​អ្នក បើកបរ​រថយន្ត និង​អ្នក​រួម​ដំណើរ​សូម​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​ឱ្យ​បាន​ត្រឹមត្រូវ​ជាប់​ជា​ប្រចាំ ។ ៤-​អ្នកបើកបរ​ម៉ូតូ និង​អ្នក​រួម​ដំណើរ​ទាំងអស់​ត្រូវ​ពាក់មួក​សុវត្ថិភាព​ឱ្យ​បាន​ត្រឹមត្រូវ​គ្រប់​ៗ​គ្នា​ទោះ​ធ្វើ​ដំណើរ​ជិត ឬ​ឆ្ងាយ និង​គ្រប់ពេលវេលា ។ ត្រូវ​ចង​ចាំ​ជា​និច្ច​ថា​« មួក​សុវត្ថិភាព​មួយ​ជួយ​ការពារ​ជីវិត​បាន​ម្នាក់​» ។ ៥-​អ្នកបើកបរ​ត្រូវ​បន្ថយល្បឿន​បើកបរ​របស់​ខ្លួន​ទៅ​តាម​ច្បាប់​កំណត់ និង​តាម​ស្ថានភាព​ជាក់ស្តែង​ដូច​ជា ទីប្រជុំជន សាលារៀន ផ្លូវ​គ្រលុក ផ្លូវ​កោង ផ្លូវ​ប្រសព្វ ផ្លូវ​ចំណោត ផ្លូវ​ចង្អៀត ឬ​ផ្លូវ​រអិល​។​ល​។ មូលហេតុ​ចម្បង​ដែល​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ គឺ​ការ​បើកបរ​លឿន ។ ៦-​អ្នកបើកបរ​មុន​នឹង​វ៉ា​ជែង ត្រូវ​ដឹង​ច្បាស់​ថា ផ្លូវ​ខាង​មុខ​ទំនេរ អាច​ជែង​បាន​ដោយ​សុវត្ថិភាព ជៀសវាង​ការ​វា ដោយ​ប្រថុយប្រថាន​ដែល​អាច​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ ។

៧-​អ្នកបើកបរ​ត្រូវ​គោរព​សិទ្ធិ​អាទិភាព​នៅ​ត្រង់​ផ្លូវ​ប្រសព្វ ដោយ​ត្រូវ​បើកបរ​បន្ថយល្បឿន​នៅ​ពេល​ជិត ដល់​ផ្លូវ​ប្រសព្វ និង​ត្រូវ​ទុក​សិទ្ធិ​ឱ្យ​អ្នកបើកបរ​ដែល​ធ្វើ​ចរាចរណ៍​នៅ​លើ​ផ្លូវ​ធំ និង​ត្រង់​ទៅ​មុន ។ ៨-​មិន​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​ជាតិ​ស្រវឹង ឬ​សារធាតុ​ញៀន និង​សូម​ចង​ចាំ​ជា​និច្ច​នូវ​ពាក្យស្លោក​«​បើ​ពិសា គ្រឿង​ស្រវឹង​កុំ​បើកបរ »​។ ស្ថានភាព​ស្រវឹង​នឹង​បង្ក​ឱ្យ​អ្នកបើកបរ​នឹង​បាត់​ការ​ចង​ចាំ​វង្វេងស្មារតី មិន​អាច​បញ្ហា​យាន​បាន​ដោយ​សុវត្ថិភាព​ងាយ​ប្រឈម​នឹង​ការ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដោយសារ​ការ​បុក​ប៉ះ ។

៩-​នៅ​ពេល​បើកបរ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​សុជីវធម៌ សីលធម៌ និង​ការ​អធ្យាស្រ័យ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី ទប់ស្កាត់​គ្រោះថ្នាក់ ឬ​សម្រួល​ស្ថានភាព​កកស្ទះ​ចរាចរណ៍ ។ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សូម​សំដែង​នូវ​សេចក្តី​សង្ឃឹម និង​ជឿ ទុកចិត្ត​លើ ស្មារតី​ប្រុង​ប្រយ័ត្ន​របស់​សាធារណជន​ក្នុង​ការ​អនុវត្ត​សេចក្តី​អំពាវនាវ​នេះ ដើម្បី​នាំ​មក​នូវ​សុវត្ថិភាព និង​សេចក្តី​សប្បាយ​រីករាយ​ជាមួយ​ក្រុម​គ្រួសារ ក្នុង​ឱកាស​ប្រារព្ធ​ពិធី​បុ ណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ខាង​មុខ​នេះ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ