មក​ដឹង​ពី​អត្ថន័យ​សារ​ជូនពរ​អ្នកសិល្បៈ​ផ្ញើ​​ជូន​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ


រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ មាន​តារា​ជា​ច្រើន​បាន​នាំ​គ្នា​ផ្ញើ​សារ​ជូនពរ​ដល់​ប្រជាពលរដ្ឋ ជា​ពិសេស​បណ្តា​អ្នកគាំទ្រ​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស ក្នុង​ពេល​ដែល​ពួក​គេ​ក៏​បាន​ចែករំលែក​នូវ​កុសលផល​បុណ្យ​ដែល​បាន​ធ្វើ​នា​ឱកាស​កាន់បិណ្ឌ​ផង​ដែរ ។

សារ​ជូនពរ​ត្រូវ​បាន​អ្នកសិល្បៈ​ជា​ច្រើន​បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក ជាមួយនឹង​ខ្លឹមសារ​ស្រ​ដៀង​ៗ​គ្នា ពោល​គឺជា​ការ​ជូនពរ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​បាន​ជួប​ប្រទះ​នូវ​សេចក្តីសុខ​គ្រប់​ក្រុម​គ្រួសារ​នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ។

តារាចម្រៀង​ក្នុង​ផលិតកម្ម​សាន់​ដេ កញ្ញា សុខ ពិសី បាន​បង្ហោះ​រូបភាព​ពេល​ទៅ​ដាក់​បិណ្ឌ​នៅ​ឯ​វត្ត ជាមួយនឹង​សារ​ជូនពរ​ថា «​នាង​ខ្ញុំ សុខ ពិសី និង​ក្រុម​គ្រួសារ​សូម​ជូន​មគ្គផល​កុសលផល​បុណ្យ​ដែល​នាង​ខ្ញុំ​បាន​សាងសូម​អោយ​បាន​ដល់​ប្រជាជន​កម្ពុជា អោយ​ជួប​ប្រទះ​តែ​សេចក្តីសុខ និង​សេចក្តីចម្រើន​គ្រប់​ៗ​គ្នា​» ។

តារា​សម្តែង​កញ្ញា ព្រះ​កាយ​ច័ន្ទ ក៏​បាន​បង្ហោះ​សារ​ជូនពរ​ស្រ​ដៀង​គ្នា​ផង​ដែរ​ថា «​ក្នុង​ឱកាស បុណ្យ​ភ្ជុំបិណ្ឌ ប្រពៃណី​ខ្មែរ សាលា ព្រះ​កាយ​ច័ន្ទ និង K-Dance Club សូម​ជូនពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​ជួបជុំ​បងប្អូន សូម​អោយ​មាន​សុខ​សុវត្ថិភាព និង​សុវត្ថិភាព​ទាំង​ទៅ​ទាំង​មក​» ។

តារា​សម្តែង​ស្រី​ដែល​កំពុង​មាន​ទីផ្សារ​ខ្ពស់​កញ្ញា សុ​វ​ណ្ណា​ឡា​ង ក៏​បាន​ផ្ញើ​សារ​ជូនពរ​ផង​ដែរ​ថា «​នៅ​ក្នុង​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ​យើង​នេះ នាង​ខ្ញុំ សុ​វ​ណ្ណា​ឡា​ង សូម​គោរព​ជូន ពរ​ដល់​លោក​អ្នក បងប្អូន ជនរួមជាតិ​ខ្មែរ​ទាំងអស់ សូម​ទទួល​បាន​សេចក្តីសុខ​សាន្ត សប្បាយ​រីករាយ​ក្នុង​ការ​ជួបជុំ​ក្រុម​គ្រួសារ សូម​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​សូម​មាន​សុវត្ថិភាព​» ។

ចំណែក​កំពូល​តារាចម្រៀង​ល្បី​ប្រចាំ​ប្រទេស​អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា ក៏​បាន​ផ្ញើ​សារ​ជូនពរ និង​ចែករំលែក​បុណ្យ ដែល​នាង​នឹង​ក្រុម​គ្រួ​សារបាន​ធ្វើ​នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ទៅ​ដល់​បងប្អូន​ជនរួមជាតិ​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស​ផង​ដែរ ។

ដោយឡែក​កំពូល​តារាចម្រៀង​លោក ខេមរៈ សិរីមន្ត បាន​ផ្ញើ​សារ​ជូនពរ​ដែរ​ថា «​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​សូម​បងប្អូន​ធ្វើ​ដំណើរ​ទី​ជិត​ទី​ឆ្ងាយ​បាន​សុខ​សប្បាយ​ទាំងអស់​គ្នា ។ សូម​បងប្អូន​ប្រជា ពលរដ្ឋ និង​ពុទ្ធ​បរ​ស័​ទទូ​ទាំង​ប្រទេស​ទទួល​បាន​នូវ​បុណ្យ​កុសល និង​ជួប​តែ​សេចក្តីសុខ សេច ក្តីចម្រើន ព្រមទាំង​ពរ ៥​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណ កុំបី​ឃ្លៀងឃ្លាត​ឡើយ​» ។

តារាចម្រៀង​អ្នក​នាង សុគន្ធ នី​សា ក៏​បាន​ផ្ញើ​សារ​ជូនពរ​ផង​ដែរ​ថា «​នាង​ខ្ញុំ សុគន្ធ នី​សា សូម​ជូនពរ​ពុក​ម៉ែ​បងប្អូន​ជនរួមជាតិ​ខ្មែរ សូម​អោយ​បាន​សុខសាន្ត សុភមង្គល សុខភាព​ល្អ និង​រក​ទទួលទាន​មានបាន​គ្រប់​ក្រុម​គ្រួសារ ហើយ​អនុមោទនា​កុសលផល​បុណ្យ​ទាំងអស់​គ្នា​ណា​បងប្អូន សូម​សុវត្ថិភាព​តាម​ដងផ្លូវ​តាម​ទី​ជិត​ទី​ឆ្ងាយ​»​។

តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ថោ​ន​លោក ខេ​ម បាន​បង្ហោះ​សារ​ជូនពរ​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ដែរ​ថា «​សូម​សុខ​សប្បាយ ហើយ​ពេល​បងប្អូន​ត្រឡប់​ទៅ​ស្រុក​កំណើត​កុំ​ភ្លេច​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ការ​បើកបរ​អោយ​បាន​ខ្ពស់​» ។

ចំណែកឯ​ប្រធាន​សមាគម​សិល្បៈករ​ខ្មែរ​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា ក៏​បាន​ឆ្លៀតឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ បាន​ជួប​សិល្បករ សិល្ប​ការិនី រៀមច្បង​ចំនួន ២៥​រូប ដើម្បី​ទទួល​ការ​ឧបត្ថម្ភ​ពី​សម្ដេច ​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន​រ៉ា​នី ហ៊ុន​សែន ក្នុង​ឱកាស​បុណ្យ​ភ្ជុំ បិណ្ឌ ដោយ​ក្នុង​ម្នាក់​ៗ ទទួល​បាន​ថវិកា ៤០​ម៉ឺន​រៀល អង្ករ​១​បាវ មី​១​កេស និង​ត្រីខ ១​យួរ តាម​រយៈ​មូលនិធិ​សិល្បៈ​ចាស់ជរា របស់​សមាគម​សិល្បករ​ខ្មែរ ៕ (​កែសម្រួល ៖ បុប្ផា​)

Facebook Google Twitter Email

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ