ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្តិ​ដើមបុណ្យ​ភ្ជុំបិណ្ឌ​៣​ខែ តែ​​ព្រះ​អង្គ​ឌួង​​បង្រួម​មក​១៥​ថ្ងៃ… នេះ​ជា​មូល​ហេតុ

4 ឆ្នាំ មុន
  • ភ្នំពេញ

ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ជា​បុណ្យប្រពៃណី​ព្រះពុទ្ធ​សាសនា​ដ៏​ធំ​មួយ ដែល​មាន​សារសំខាន់​បំផុត​របស់​ពុទ្ធសាសនិក​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ មិន​ដែល​ខកខាន​ឡើយ​។ ពិធី​បុណ្យ​ដ៏​ធំ​មួយ​នេះ​ចាប់ផ្ដើម​ឡើង​ពី​ថ្ងៃ​១ រោច​ដល់​ថ្ងៃ​១៥​រោច​ខែភទ្របទ ដែល​គេ​ហៅ​ថា បុណ្យ​កាន់បិណ្ឌ ។ ពុទ្ធបរិស័ទ​បាន​ដាក់​វេន​គ្នា…

ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ជា​បុណ្យប្រពៃណី​ព្រះពុទ្ធ​សាសនា​ដ៏​ធំ​មួយ ដែល​មាន​សារសំខាន់​បំផុត​របស់​ពុទ្ធសាសនិក​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ មិន​ដែល​ខកខាន​ឡើយ​។ ពិធី​បុណ្យ​ដ៏​ធំ​មួយ​នេះ​ចាប់ផ្ដើម​ឡើង​ពី​ថ្ងៃ​១ រោច​ដល់​ថ្ងៃ​១៥​រោច​ខែភទ្របទ ដែល​គេ​ហៅ​ថា បុណ្យ​កាន់បិណ្ឌ ។

ពុទ្ធបរិស័ទ​បាន​ដាក់​វេន​គ្នា ជា​ក្រុម​ៗ ទៅ​តាម​វេន នីមួយ​ៗ ចាប់ពី​ថ្ងៃ​១​រោច ដល់​ថ្ងៃ​១៤​រោច ហើយ​​នៅ​ថ្ងៃ​១៥​រោច គឺជា​ថ្ងៃ​ពុទ្ធបរិស័ទ​ពី​គ្រប់​មជ្ឈដ្ឋាន នាំ​យក​ចង្ហាន់ ចំណីអាហារ​ជួបជុំ​គ្នា​នៅ​តាម​ទី​វត្ត​អារាម ដែល​ជា​ថ្ងៃ​បុណ្យ​ធំ គេ​តែ​ហៅ​ថា បុណ្យ​ភ្ជុំបិណ្ឌ ហើយ​ក៏​ជា​ថ្ងៃ ដែល​មន្ត្រីរាជការ បុគ្គលិក កម្មករ នៅ​តាម​បណ្តា​ក្រុមហ៊ុន និង​អ្នក​រស់នៅ​ជិត​ឆ្ងាយ ត្រូវ​បាន​ឈប់​សម្រាក​ដើម្បី​បាន​ជួបជុំ​បងប្អូន ញាតិ​មិត្ត សាច់សាលោហិត​របស់​ខ្លួន ក្នុង​រដូវ​ភ្ជំបិណ្ឌ​នេះ ។

ម្យ៉ាងទៀត​បុណ្យកាន់បិណ្ឌ និង​បុណ្យ​ភ្ជុំបិណ្ឌ គឺជា​បុណ្យ​ទក្ខិណានុប្បទាន​មួយ ដែល​ប្រជា​ពុទ្ធ​បរិស័ទ ធ្វើ​ឡើង​នៅ​រដូវ​កាលដែល​ព្រះសង្ឃ​គង់​ចាំ​ព្រះ​វស្សា​អស់​រយៈពេល​មួយ​ត្រីមាស ដើម្បី​ទំនុកបម្រុង​ព្រះសង្ឃ ដោយ​ចង្ហាន់​បិណ្ឌ​បាត្រ​ផង បច្ច័យបួន​ផង ដែល​ពុទ្ធកាល​នា​សម័យ​កាល​នោះ គេ​មិន​បាន​ហៅ​ថា បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ដូច​យើង​ទេ គឺ​គេ​ហៅ​ថា បុណ្យ​ប​វារណ​បច្ច័យបួន​ដល់​ព្រះសង្ឃ ។

ដោយឡែក​នៅ​ក្នុង​កម្ពុជរដ្ឋ​យើង នា​រជ្ជកាល​ព្រះបាទ​អង្គឌួង នៅ​ឆ្នាំ​១៨៤៨-១៨៥៩ ដែល​ព្រះ​អង្គ​គឺជា​ពុទ្ធសាសនិក​ដ៏​ឆ្នើម ក្នុង​ការ​ដឹកនាំ​ធ្វើ​ពិធីបុណ្យ​នេះ​ឡើង ដោយ​ព្រះ​អង្គ​ឈ្វេងយល់​ឃើញ​ថា ការ​រៀបចំ​ពិធីបុណ្យ​នេះ​មិន​អាច​ធ្វើ​រយៈពេល​៣​ខែ​បាន​ឡើយ ដោយ​ប្រជានុរាស្ត្រ​ជាប់រវល់​ក្នុង​ការងារ​បង្កបង្កើន​ផល ប្រកប​មុខរបរ ផ្សេង​ៗ​ចិញ្ចឹមជីវិត ព្រះ​អង្គ​ក៏​បាន​កំណត់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ គោរព​ប្រតិបត្តិ​តែ​រយៈពេល​១៥​ថ្ងៃ​ប៉ុណ្ណោះ ដោយ​ប្រជាពលរដ្ឋ​យើង​មួយ​ចំនួន​ធំ បាន​បញ្ចប់​ពី​ការងារ​បង្កបង្កើន​ផល ហើយ​ក៏​ជា​រដូវ​ទឹក​ឡើង​ផង​ដែរ ។

ការ​ប្រារព្ធ​ធ្វើ​ពិធីបុណ្យ​នេះ​ឡើង ក្នុង​គោលបំណង​ដើម្បី​ឧទ្ទិស​មហាកុសល​ជូន​ដល់ ពពួក​ប្រេត និង​លោក​អ្នក​មានគុណ មាន​មាតាបិតា ជីដូន ជីតា ញាតកា​ទាំង​ប្រាំពីរ​សន្ដាន​ដែល​បាន​បាក់បែក​ចែក​ឋាន ទៅ​កាន់​បរលោក​ទៅ​ហើយ​នោះ ។

អំពី​ការ​បោះ​បាយបិណ្ឌ​នេះ​ជនជាតិ​ខ្មែរ​យើង​មួយ​ចំនួន​យល់​ថា វា​មិន​សម​ហេតុផល​ទេ តែ​មាន​អ្នកប្រាជ្ញ​មួយ ចំនួន​បាន​គូសបញ្ជាក់​ថា ការ​បោះ​បាយបិណ្ឌ គឺជា​ការ​ឧទ្ទិស​ជូន​ដល់​ពពួកសត្វ​ប្រេត​ទាំងពួង គឺ​វា​មិន​ទាស់​ខុស​អ្វី​ទេ ពីព្រោះ​ថា ពពួកសត្វ​ប្រេត​មាន​ច្រើន​ពួក​ណាស់ ដែល​មាន​ប្រភេទ ខុស​ៗ​គ្នា ដែល​ធ្វើ​ឲ្យ​យើង​មាន​ពិធី​បោះ​បាយបិណ្ឌ​នេះ​ឡើង ដោយ​ពពួកសត្វ​ប្រេត​ខ្លះ​មិន​អាច​ទទួល​អាហារ​ស្អាត​ល្អ​បាន​ទេ ទាល់តែ​មាន​លក្ខណៈ​ស្មោកគ្រោក ដោយ​មាន​ប្រឡាក់​ដោយ​ភក់ជ្រាំ ឬ​កាក​សំណល់​អសោចិ៍ ទើប​ពពួកសត្វ​ប្រេត​ទាំងនោះ​យក​ទៅ​បរិភោគ​បាន ។

អ្នកប្រាជ្ញ​មួយ​ចំនួន​ក៏​បញ្ជាក់​ថា ការ​បោះ​បាយបិណ្ឌ​នេះ ជា​លក្ខណៈ​ខ្ជះខ្ជាយ​គ្មាន​ការ​សន្សំ​សំចៃ​នូវ​គ្រឿង ឧបភោគបរិភោគ ស្បៀងអាហារ​ប្រចាំ​ថ្ងៃ ហើយ​ការ​បោះ​បាយបិណ្ឌ​នេះ គឺជា​ការ​ឥត​​ប្រយោជន៍ ហើយ​ដែល​ធ្វើ​ឲ្យ​មាន​ផល​វិបត្តិ និង​ប៉ះពាល់​បរិស្ថាន​នៅ​ជុំវិញ​ព្រះ​វិហារ ដែល​អាច​ឲ្យ​យើង​គ្រប់​រូប​ទទួល​នូវ​បាបកម្ម​ទៀត​ផង ។ ដូច្នេះ​ពិធីបុណ្យ​នេះ​យើង​ធ្វើ​ទៅ​ដោយ​សេចក្តី​គោរព បង្អោនកាយ វាចា​ចិត្ត ឆ្ពោះទៅ​រក​ប្រេត​ជន ជា​ញាតកា​ទាំង​ប្រាំពីរ​សន្ដាន​ដែល​បាន​ចែក​ឋាន​ទៅ​កាន់​បរលោក និង​ជួយ​រំដោះ​ឲ្យ​រួច​ចាក​ផុត​ពី​ទុក្ខទោស​ទាំងឡាយ ឧបាយ​ភូមិ​ណាមួយ និង​ឲ្យ​បាន​ទៅ​កាន់​សុគតិភព ហើយ​ងាក​ក្រោយមក​ជួយ​បីបាច់​ថែរក្សា កូនចៅ ឲ្យ​មាន​សេចក្តីសុខ​សប្បាយ​ក្នុង​ក្រុម​គ្រួសារ សង្គម​ជាតិ​ផង​ដែរ ។

ដោយ​កត្តា​នេះ​ហើយ ទើប​នៅ​វេលា​ទៀប​ភ្លឺ​នោះ នៅ​តាម​ទី​វត្ត​អារាម យើង​សង្កេត​ឃើញ​មានការ​ជួបជុំ​គ្នា របស់​បងប្អូន​ពុទ្ធបរិស័ទ ទាំង​ចាស់ ក្មេង​ប្រុស​ស្រី ក្រោក​ឡើង​ពី​យប់​មក​កាន់​ទី​វត្ត ដោយ​នៅ​នឹង​ដៃ មាន​កាន់​នូវ​ចាន​បាយ​ពំនូត បាយបិណ្ឌ ដែល​បាន​សូន​ជា ដុំ​ៗ តូច​ៗ មាន​ប្រឡាក់​ទៅ​ដោយ​គ្រាប់ល្ង ព្រមទាំង​មានការ​ដោត​ភួងផ្កា និង​ការ​ដុត​ទៀន ធូប ដើម្បី​ឧទ្ទិស​មគ្គផល​កុសល​ផល​បុណ្យ និង​វិញ្ញាណក្ខន្ធ​ដល់​លោក​អ្នក​មានគុណ​ដែល​បាន​ចែក​ឋាន​ទៅ​។

បន្ទាប់​ពី​ព្រះសង្ឃ​ស្មូត​នូវ​បរាភវ​សូត្រ ចប់​ផ្សព្វ​គ្រប់​ហើយ​នោះ លោកតា​អាចារ្យ ពុទ្ធបរិស័ទ​បាន​កាន់​នូវ​បាយបិណ្ឌ​ទាំងនោះ​ប្រទក្សិណ​បី​ជុំ​ព្រះ​វិហារ ដោយ​មានការ​បោះ​បាយបិណ្ឌ នៅ​គ្រប់​ទិស​ទី​ព្រះ​វិហារ ដើម្បី​ឧ​ទិ្ទ​ស​ជូន​ដល់​ក្រុម​ប្រេត​ទាំងឡាយ​ណា ឬ​ខ្មោច ដែល​គ្មាន​ញាតិ​មិត្ត ឧទ្ទិស​កុសល ផល​បុណ្យ​ជូន​ឲ្យ​បាន​ទទួល​អាហារ​ទាំងនេះ​ទទួលទាន នៅ​មុន​ពេល​មេឃ​ជិត​ភ្លឺ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ