រាជធានីភ្នំពេញ៖ លោកអ្នកពិតជាធ្លាប់បានឃើញព្រះអង្គដងកើ នៅខាងមុខព្រះបរមរាជវាំង ជាប់ដងទន្លេសាប ឬក៏ធ្លាប់ចូលទៅអុជធូបបួងសួង បន់ស្រន់ ប៉ុន្តែលោកអ្នកប្រហែលជាពុំបានដឹងពីប្រវត្តិនៃទីសក្ការៈនោះទេ ។
តើព្រះអង្គដងកើមានប្រវត្តិបែបណា ?
លោកតាព្រឹទ្ធាចារ្យមៀច ប៉ុណ្ណ ទីប្រឹក្សាក្រុមប្រជុំទំនៀមទម្លាប់ខ្មែរនៅពុទ្ធសាសន បណ្ឌិត្យ (គាត់បានទទួលមរណភាពទៅហើយ)ធ្លាប់បាននិទានឱ្យដឹងថា តាម ចាស់ៗពីជំនាន់មុនបាននិយាយ តៗគ្នាថា ក្នុងសម័យព្រះបាទ នរោត្តម សីហនុ នៅពេលព្រះអង្គមិនគង់នៅក្នុងព្រះបរមរាជវាំង គេក៏លើកទង់ជាតិឡើងដើម្បីជាសញ្ញាសម្គាល់ថា ព្រះរាជាមិនគង់នៅក្នុងព្រះបរមរាជវាំងទេ ។ ក្រោយមកប្រជាជនខ្មែរយើងនាំគ្នាហៅដងទង់ជាតិនេះថា «ដងកើ» ។
ក្នុងសម័យដដែលនោះប្រជាជនខ្មែរយើងមានជំនឿថា មានអ្នកតាចូលសណ្ឋិតនៅដងទង់ជាតិ ឬក៏ដងកើ ហើយនាំគ្នាសាងសង់ព្រះវិហារ និងមានរូបសំណាកជាតំណាងដងកើ ដោយនាំគ្នាហៅថា «ព្រះអង្គដងកើ» ។
ព្រឹទ្ធាចារ្យមៀច ប៉ុណ្ណ បន្តថា តាំងពីពេលនោះមកមហាជនតែងតែទៅបែបន់សុំលាភសក្ការៈ សុំកូន និងបួងសួង ផ្សេងៗតាមជំនឿរបស់ខ្លួន ដោយមានលេងភ្លេងពិណពាទ្យ និងជាវផ្កាឈូក ស្លាធម៌ ដាក់ថ្វាយព្រះអង្គដងកើ ។ មានអ្នកខ្លះបែបន់សុំបានសម្រេច អ្នកខ្លះសុំមិនបានសម្រេចរហូតមកដល់សព្វថ្ងៃនេះ ។
បច្ចុប្បន្នព្រះអង្គដងកើត្រូវគេចាត់ទុកថា ជាអ្នកតាដ៏ធំជាងគេ បន្ទាប់ពីអ្នកតាឃ្លាំងមឿង ។ ចំពោះប្រវត្តិព្រះអង្គដងកើនេះ មិនមានសៀវភៅណាសរសេររក្សាទុកទេ គ្រាន់តែជាសាច់រឿងដែល ចាស់ៗនិយាយ តៗគ្នាប៉ុណ្ណោះ ។
ជារៀងរាល់ថ្ងៃសីល ឬថ្ងៃពេញបូណ៌មី មានមនុស្សទៅបែបន់រាប់រយនាក់ ជាពិសេសចាប់ពីម៉ោង៣រសៀលមនុស្សម្នាច្រើន ស្ទើររកកន្លែងអុជធូបមិនបាន ។ អ្នកទៅបន់ស្រន់ពីគ្រប់ទិសទី មិនថាតែអ្នកភ្នំពេញទេ គឺមានទាំងអ្នកស្កាត់ពីបណ្ដាខេត្តផង ។
មហាជនទៅអុជធូបបែបន់ បួងសួងសុំសេចក្តីសុខ ប្រកបរបរបានកាក់កប និង តាមក្ដីប្រាថ្នា ផ្សេងៗ ។ អ្នកខ្លះទិញស្លាធម៌ ផ្កាឈូក ចេក និងតង្វាយ ផ្សេងៗ ដាក់ថ្វាយដល់ព្រះអង្គដងកើ។ ជាពិសេសមានការថ្វាយបទភ្លេងពិណពាទ្យ លែងសត្វ ដូចជា អណ្តើក បក្សី ឬត្រី ឱ្យរួចផុតពីសេចក្តីស្លាប់នៅខាងមុខព្រះអង្គដងកើទៀតផង ។
ពីខេត្តកំពត ស្ត្រីឈ្មោះជី ណា អាយុ៥២ឆ្នាំ បានទៅបន់ស្រន់ និងលែងចាបនៅព្រះអង្គដងកើ ប្រាថ្នាសុំសេចក្តីសុខដល់ក្រុមគ្រួសារគាត់ ព្រោះជួបរឿងឧបទ្រពច្រើនលើកមកហើយ ។ នាពេល ថ្មីៗនេះគាត់និយាយថា«ខ្ញុំអុជធូបសុំសេចក្តីសុខពីព្រះអង្គដងកើ ព្រោះខ្ញុំជឿថាព្រះអង្គដងកើ មានរឹទ្ធិបារមីសក្ដិសិទ្ធិ»។
ក្រុមគ្រួសារមួយមានម្ដាយចាស់ និងកូនស្រី២នាក់វ័យជាង២០ឆ្នាំបានជួលក្រុមភ្លេងពិណពាទ្យលេងថ្វាយដល់ព្រះអង្គដងកើ ។ កាលពីមុនពួកគាត់បានបន់ស្រន់ ហើយដោយភាពសក្ដិសិទ្ធទើបជួលក្រុមភ្លេងពិណពាទ្យលេងថ្វាយព្រះអង្គដងកើជាការលាបំណន់ ។ នៅព្រះអង្គដងកើ មានអ្នកលក់ផ្កាឈូក និងស្លាធម៌ច្រើន សម្រាប់បំពេញតម្រូវការអ្នកទៅបែបន់ បួងសួង ឬលាបំណន់ ។
អ្នកលក់ផ្កា និងស្លាធម៌ ម្នាក់ៗមមាញឹកណាស់ ព្រោះមានអ្នកចូលទិញច្រើន ។ ស្ត្រីចំណាស់ម្នាក់ដែលជាអ្នកធ្វើស្លាធម៌លក់ រៀបរាប់ឲ្យដឹងថា ឱ្យតែថ្ងៃសីល ឬថ្ងៃពេញបូណ៌មី គាត់លក់ដាច់ណាស់ ហើយអ្នកផ្សេងទៀតក៏ដូចគ្នាដែរ ។ នេះជារបរជាប់លាប់ប្រចាំថ្ងៃដែលពួកគាតអាចដោះស្រាយជីវភាពគ្រួសារបាន ថ្វីបើមិនធូរធារក្ដី ។
ពួកអ្នកលក់ដូរនៅទីនោះទាំងចាស់ ទាំងក្មេង គិតតែពីរឿងលក់ដូរឲ្យដាច់ ហៅភ្ញៀវបានច្រើនប៉ុណ្ណោះ មិនខ្វល់ថាព្រះអង្គដងកើមានប្រវត្តិបែបណាទេ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ