ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អារាម​ដ៏​ស្ងប់ស្ងាត់… មាន​កុដិ​ឈើ​១​តម្កល់​​ព្រះពុទ្ធ និង​ព្រះសង្ឃ​៣​អង្គ​ (វីដេអូ)

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ អារាម​ដ៏​ស្ងប់ស្ងាត់​មួយ​ដែល​ទើប​ចាប់កំណើត​ថ្មី​កណ្តាល​ព្រៃ​ភ្នំ​ដ៏​ខៀវស្រងាត់​ឆ្ងាយ​ពី​ភូមិឋាន​មនុស្ស​ម្នា កំពុង​ដង្ហោយ​រក​ជំនួយ​សប្បុរ​ធម៌​ពី​ពុទ្ធបរិស័ទ ខណៈ​ដែល​វត្ត​មួយ​នេះ​នៅ​មិន​ទាន់​មាន​ហេដ្ឋារចនាសម្ព័ន្ធ​អ្វី​ទាំងអស់ ក្រៅពី​កុដិ​ឈើ​មួយ​ខ្នង សម្រាប់​តំកល់​ព្រះ​ពុទ្ធរូប និង​ជា​ទីស្នាក់អាស្រ័យ​របស់​ព្រះសង្ឃ​៣​អង្គ​ដែល​គង់​ចាំ​ព្រះ​វស្សា​នៅ​ទីនោះ​។ ជួប​ជាមួយ​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​ព្រះ​ភិក្ខុ សុវណ្ណ​ធ​ម្មោ…

ខេត្តមណ្ឌលគិរី ៖ អារាម​ដ៏​ស្ងប់ស្ងាត់​មួយ​ដែល​ទើប​ចាប់កំណើត​ថ្មី​កណ្តាល​ព្រៃ​ភ្នំ​ដ៏​ខៀវស្រងាត់​ឆ្ងាយ​ពី​ភូមិឋាន​មនុស្ស​ម្នា កំពុង​ដង្ហោយ​រក​ជំនួយ​សប្បុរ​ធម៌​ពី​ពុទ្ធបរិស័ទ ខណៈ​ដែល​វត្ត​មួយ​នេះ​នៅ​មិន​ទាន់​មាន​ហេដ្ឋារចនាសម្ព័ន្ធ​អ្វី​ទាំងអស់ ក្រៅពី​កុដិ​ឈើ​មួយ​ខ្នង សម្រាប់​តំកល់​ព្រះ​ពុទ្ធរូប និង​ជា​ទីស្នាក់អាស្រ័យ​របស់​ព្រះសង្ឃ​៣​អង្គ​ដែល​គង់​ចាំ​ព្រះ​វស្សា​នៅ​ទីនោះ​។

ជួប​ជាមួយ​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​ព្រះ​ភិក្ខុ សុវណ្ណ​ធ​ម្មោ ព្រះ​នាម ពុទ្ធ វណ្ណ​រៈ តំណាង​ឲ្យ​ព្រះ​មេគណៈ​គណៈធម្មយុត្តិកនិកាយ​ខេត្តមណ្ឌលគិរី បាន​មាន​សង្ឃដីកា​ថា តាំងពី​ចាប់បដិសន្ធិ​អា​រ៉ា​ម​នេះ​កាលពី​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០១៩ មក​ត្រូវ​បាន​ប្រសិទ្ធ​នាម វត្ត​ពូ​ត្រុំ​សុំ​សុខ​សប្បាយ ហៅ​វត្ត​ភ្នំ​ង្លី​ស ដែល​ត្រូវ​សាងសង់​លើ​ផ្ទៃដី​ប្រមាណ​ជាង​១​ហិច​តា ស្ថិត​ក្នុងភូមិ​ពូ​ត្រុំ សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ចម្ងាយ​ប្រហែល​២០​គីឡូម៉ែត្រ​ពី​ទីរួមខេត្ត​។

ព្រះ​ភិក្ខុ សុវណ្ណ​ធ​ម្មោ ពុទ្ធ វណ្ណ​រៈ មាន​សង្ឃដីកា​បន្ត​ថា រហូត​មក​ដល់​ពេល​នេះ វត្ត​ពូ​ត្រុំ​សុំ​សុខ​សប្បាយ ហៅ​វត្ត​ភ្នំ​ង្លី​ស នៅ​មិន​ទាន់​មាន​ព្រះ​ចៅអធិការ​នៅឡើយ​ទេ ពោល​គឺ​មាន​តែ​ព្រះ​អង្គ និង​លោក​នេន​ពីរ​អង្គ​ទៀត​ដែល​គង់នៅ​មើលថែ​រក្សា​វត្ត ដើម្បី​កាប់​ឆ្ការព្រៃ និង​ផ្សព្វផ្សាយ​ព្រះធម៌​ដល់​ពុទ្ធបរិស័ទ​ដែល​មាន​ភូមិឋាន​នៅ​ក្បែរ​នោះ​។

ព្រះសង្ឃ​ដដែល​បាន​ឲ្យ​ដឹង​បន្ថែម​ថា មិន​ត្រឹមតែ​គ្មាន​គ្រូ​ចៅអធិការ​នោះ​ទេ សូ​ម្បី​តា​អាចារ្យ យាយ​ជី​តាជី និង​ក្មេង​ៗ​វត្ត​កំដ​ក៏​គ្មាន​ដែរ នៅ​ពេល​បង្កើត​វត្ត​ដំបូង​ៗ គឺ​មាន​ពេល​ខ្លះ​ដាច់​ចង្ហាន់​សម្រាប់​ផ្ត​ត់​ផ្គង់​ដល់​ព្រះសង្ឃ​ដែល​គង់នៅ​វត្ត​ពូ​ត្រុំ​នេះ​ជា​ញឹកញាប់​ដែរ ដោយសារ​នៅ​តំបន់​នេះ​ភាគច្រើន​ប្រជាពលរដ្ឋ​ជា​ជនជាតិ​ដើម​ភាគតិច ដែល​មាន​ជំនឿ​លើ​ព្រះ​សែន​។ ប៉ុន្តែ​ដោយ​ឈាន​ដល់​រដូវ​បុណ្យ ចូល​ព្រះ​វស្សា អ្នក​ភូមិ​ពូ​ត្រុំ ក៏​បាន​ដាក់​វេន​គ្នា​ដើម្បី​នាំ​យក​ចង្ហាន់​ប្រគេន​លោក​ជា​បន្តបន្ទាប់​។

ដោយ​ទទួល​បាន​ពី​ដំណឹង​ថា វត្ត​ពូ​ត្រុំ​សុំ​សុខ​សប្បាយ ហៅ​វត្ត​ភ្នំ​ង្លី​ស កំពុង​ជួប​ប្រទះ​ភាព​អត្តខាត់​ស្ទើរ​លើ​គ្រប់​ផ្នែក ភ្នាក់ងារ​យក​ព័ត៌មាន​កោះសន្តិភាព​បាន​នាំ​យក​ទេយ្យទាន និង​បច្ច័យ​មួយ​ចំនួន ទៅ​ប្រគេន​លោក និង​បាន​ពិនិត្យ​មើលឃើញ​ថា វត្ត​នេះ​ពិតជា​មានការ​ខ្វះខាត​ទាំងស្រុង​។ ពោល​គឺ​សព្វថ្ងៃ​វត្ត​ពូ​ត្រុំ​សុំ​សុខ​សប្បាយ ហៅ​វត្ត​ភ្នំ​ង្លី​ស មាន​ត្រឹម​រោង​ម៉ាស៊ីនភ្លើង​១ កុដិ​តំកល់​ព្រះ​ពុទ្ធរូប​១​សង់​ពី​ឈើ​១​ខ្នង ទំហំ​ប្រហែល​៥​ម៉ែត្រ គុណ​៧​ម៉ែត្រ​ដែល​មាន​បន្ទប់​សម្រាប់​ព្រះសង្ឃ​អាច​គង់នៅ​បាន រោង​ឈើ​ប្រក់​ប៉ាតង់​១​សម្រាប់​តំកល់​ព្រះ​ពុទ្ធរូប ព្រមទាំង​រោង​បាយ​តូច​មួយ​ប៉ុណ្ណោះ។

ទោះជា​យ៉ាងណា បើ​តាម​ការ​បញ្ជាក់​ពី​ព្រះសង្ឃ​ដែល​គង់​ប្រចាំ​នៅ​វត្ត​ពូ​ត្រុំ​សុំ​សុខ​សប្បាយ ហៅ​វត្ត ភ្នំ​ង្លី​ស ថា អាជ្ញាធរ​ខេត្តមណ្ឌលគិរី រួម​នឹង​ពុទ្ធបរិស័ទ​បាន​សស្រាក់សស្រាំ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​ការ​កសាង​វត្ត ដោយ​បច្ចុប្បន្ន​មាន​សប្បុរ​ជន​ជួយ​ជា​សសរ​សម្រាប់​សាងសង់​ព្រះ​វិហារ​ថ្មី និង​អណ្តូងទឹក​ជាដើម​។

បើ​តាម​លោក ទូច រស្មី ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ខែមិថុនា ឆ្នាំ​២០១៩ ទូ​ទាំង​ខេត្ត​មាន​វត្ត​ចំនួន​២៩​វត្ត ក្នុង​នោះ​មាន​វត្ត​គណៈមហានិកាយ​ចំនួន​២២​វត្ត មាន​ព្រះសង្ឃ​សរុប​ចំនួន​១៥១​អង្គ អាចារ្យ​ចំនួន​៤២​នាក់ គណៈកម្មការ​វត្ត​ចំនួន​៦២​នាក់ យាយជី​ចំនួន​៣៦​នាក់ តាជី​២​នាក់ ក្មេង​វត្ត​៧​នាក់ ជន​គ្មាន​ទីពឹង​២​នាក់​។ ចំណែក​វត្ត​គណៈ​ធម្ម​យុត្តិកនិកាយ​ចំនួន​៧​វត្ត មាន​ព្រះសង្ឃ​សរុប​ចំនួន​៤៣​អង្គ អាចារ្យ​២​នាក់ យាយជី​២​នាក់ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ