ខេត្តស្វាយរៀង ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ខណៈកំពុងតែរៀបចំពិធីបូជាសព ដោយមានបាញ់កាំជ្រួចផងនោះ ស្រាប់តែដួលនិងបែកកាណុងជ័រសំរាប់បាញ់ បណ្តាលអោយផ្ទះត្រូវមនុស្សចំនួន៦នាក់រងរបួសធ្ងន់ស្រាល និងបង្កការភ្ញាក់ផ្អើលរត់ជាន់ជើងគ្នា ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤០នាទីយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចផ្ទះរបស់ឈ្មោះទេពសុង ភេទស្រី ស្ថិតក្នុងភូមិត្បែង ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។
ជនរងគ្រោះទាំង៦នាក់ខាងលើ រួមមាន ១-ឈ្មោះសារុន សំណាង ភេទប្រុស អាយុ២៨ឆ្នាំមានទីលំនៅភូមិឬស្សីអម ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ២-ឈ្មោះឆាយ សូវ៉ាត ភេទប្រុស អាយុ៤២ឆ្នាំ ៣-ឈ្មោះឈ្នាន់ សុរ៉ាវី ភេទប្រុស ៤-ឈ្មោះមិន សាវ៉ាន់ ភេទប្រុស អាយុ៤៨ឆ្នាំ ៥-ឈ្មោះគង់ សាខឿន ភេទប្រុស អាយុ៥១ឆ្នាំ និង៦-ឈ្មោះប៉ែង គួ ភេទប្រុស ។ អ្នកទាំង៥នាក់រស់នៅភូមិត្បែង ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។
បើតាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ មានរៀបចំពិធីបូជាសពដែលដាក់តម្កល់លើមេរុ និងមានការបាញ់កាំជ្រួចផងដែរ ។
តាមប្រភពដដែលបានបានបន្តថា ខណៈកំពុងតែដុតកាំជ្រួចក្នុងពិធីបូជាសពនោះ ស្រាប់តែដួលនិងបែកកាណុងជ័រសំរាប់បាញ់កាំជ្រួច បណ្តាលអោយផ្ទុះត្រូវមនុស្សចំនួន៦នាក់រងរបួសធ្ងន់និងស្រាលតែម្តង ។
ក្រោយពេលកើតហេតុ ជនរងគ្រោះទាំងអស់ខាងលើត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ