ខេត្តត្បូងឃ្មុំ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងស្រះទឹកមួយកន្លែង ស្ថិតនៅខាងត្បូងសាលាបឋមសិក្សាហួចកើត ឃុំក្រែក ស្រុកពញាក្រែក នៅចន្លោះម៉ោង៩ទៅ១០យប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចដំបូងៗដែលគេសង្ស័យថា អាចជាករណីឃាតកម្ម ។
បើតាមនគរបាលមូលដ្ឋានប្រាបឲ្យដឹងថា ក្នុងពេលដែលប្រជាពលរដ្ឋប្រទះឃើញសពបុរសនេះ រួចមកក៏ប្រញាប់រាយការណ៍ប្រាប់អាជ្ញាធរមូលដ្ឋាន និងនគរបាលប៉ុស្តិ៍ក្រែក ហើយក៏ត្រូវលោកអធិការនគរបាលស្រុក ចាត់ឲ្យកម្លាំងជំនាញព្រហ្មទណ្ឌស្រុក ចុះទៅពិនិត្យសព ហើយក៏ស្គាល់ជនរងគ្រោះថាឈ្មោះ ញឹម អូន អាយុ៥១ឆ្នាំ នៅភូមិ-ឃុំកើតហេតុខាងលើ ។
នគរបាលប្រាប់បន្តថា ផ្អែកតាមរយៈការកោសល្យវិច័យលើរាងកាយសព ក្នុងនោះមាន ៖ ក្បាល ក អវៈយវៈមិនមានស្លាកស្នាមរបួសដោយប្រការណាមួយឡើយ។ ហើយក៏បានធ្វើការសន្និដ្ឋានថា សពពិតជាស្លាប់ដោយខ្យល់គរមែន ។
បើតាមការបំភ្លឺរបស់ឈ្មោះ ញឹម អូន ជាកូនស្រីរបស់ជនរងគ្រោះបានលើកឡើងថា ឪពុកតែងតែផឹកស្រាស្រវឹងស្ទើររាល់ថ្ងៃ ហើយនៅម៉ោង៧ទៅ៨ព្រឹក ថ្ងៃទី២៣ កញ្ញានោះ ដោយឪពុកបានចេញពីផ្ទះទៅបាត់ រហូតដល់ម៉ោង១២យប់ ក៏មានអ្នកឆ្លុះត្រីមកប្រាប់ថា ឃើញឪពុកដេកស្លាប់នៅក្នុងទឹកស្រះខាងត្បូងសាលារៀន ហើយខណៈពេលនោះ ក៏រាយការណ៍មកលោកមេភូមិ អ្នកជិតខាងចេញទៅមើល ក៏ឃើញសពឪពុកស្លាប់ឡើងរឹងទៅហើយ ។
បើតាមអ្នកលក់គ្រឿងទេសម្នាក់ឈ្មោះ យ៉ាន់ សាយ បានបំភ្លឺថា នៅម៉ោងប្រហែល៨ព្រឹក ថ្ងៃទី២៣កញ្ញា អ្នករងគ្រោះបានដើរមកតៀមស្រារបស់គាត់ ដោយទិញស្រាផឹកអស់២កែវ លុះពេលសួរនាំថា បន្តដំណើរទៅណាទៀត អ្នករងគ្រោះឆ្លើយតបថា ចេញទៅចាប់ក្តាម ហើយក៏បាត់រហូតដល់កណ្តាលអធ្រាត្រក៏មានការភ្ញាក់ផ្អើលថាបុរសនេះស្លាប់ ។
នគរបាលមូលដ្ឋានបញ្ជាក់ថា ក្រោយពីបានពិនិត្យសពរួចរាល់ ក៏ប្រគល់សពជនរងគ្រោះឲ្យទៅសាច់ញាតិដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីផងដែរ ។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ