ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​ហូរ​ឈាម និង​មហារីក​ក្រពះ ជា​ជំងឺ​គួរ​ឱ្យ​ព្រួយបារម្ភ មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ ពន្យល់​ដល់​ពលរដ្ឋ​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ បាន​រៀបចំ​នូវ​សិក្ខាសាលា​មួយ ដើម្បី​បង្ហាញ​និង​ពន្យល់​​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ពី​ជំងឺ​ហូរ​ឈាម​ក្នុង​ក្រពះ និង​ជំងឺមហារីក​ក្រពះ ព្រម​ជាមួយនឹង​បច្ចេកវិទ្យា​ព្យាបាល​ថ្មី​ផង​ដែរ ។ ពិធី​នេះ…

រាជធានី​ភ្នំពេញ ៖ មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ បាន​រៀបចំ​នូវ​សិក្ខាសាលា​មួយ ដើម្បី​បង្ហាញ​និង​ពន្យល់​​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ពី​ជំងឺ​ហូរ​ឈាម​ក្នុង​ក្រពះ និង​ជំងឺមហារីក​ក្រពះ ព្រម​ជាមួយនឹង​បច្ចេកវិទ្យា​ព្យាបាល​ថ្មី​ផង​ដែរ ។ ពិធី​នេះ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២១ កញ្ញា ២០១៩ នៅ​មន្ទីរ​ពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ ខណៈ​ពេល​ជំងឺ​នេះ គឺជា​ជំងឺ​គួរ​ឱ្យ​ព្រួយបារម្ភ និង​ទាមទារ​ឱ្យ​មានការ​យល់​ដឹង​ទាំងអស់​គ្នា ។

លោក​វេជ្ជបណ្ឌិត ខាំ សោភា វេជ្ជបណ្ឌិត​ជំនាញ ប្រព័ន្ធ​រំលាយ​អាហារ និង​ការ​ព្យាបាល​ដោយ​អន្ត​រក​កម្ម ប្រចាំ​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ បានឱ្យ​ដឹង​ថា ជា​ទូទៅ​មន្ទីរពេទ្យ​ទទួល​បាន​ករណី​ហូរ​ឈាម​​នៅ​ប្រព័ន្ធ​រំលាយ​អាហារ ហើយ​ភាគច្រើន​គឺ​នៅ​ភាគ​ខាងលើ ដោយសារ​តែ​ការ​បែក​សរសៃ​ឈាម​នៅ​បំពង់​អាហារ ការ​ហូរ​ឈាម​ដោយសារ​តែ​ការ​ដំបៅ​ក្រពះ និង​ការ​រីក​ធំ​នៅ​ត្រង់​កន្លែង​ដំបៅ​នោះ​កាន់តែ​ធំ ។ ករណី​នេះ បើសិនជា​បណ្ដែតបណ្ដោយ​និង​ទុក​នៅ​កាន់តែ​យូរ​ទៀត​នោះ នឹង​អាច​បណ្ដាល​ឱ្យ​បាត់បង់​ជីវិត ហើយ​គ្រូពេទ្យ​ក៏​មិន​អាច​ជួយ​ទាន់​ពេល​ដែរ ។

លោក​បន្ត​ថា មាន​វិធានការ​ជា​ច្រើន​ដែល​ត្រូវ​ការពារ តែ​អ្នកជំងឺ ត្រូវ​ជួប​ជាមួយ​គ្រូពេទ្យ ដើម្បី​ឱ្យ​គ្រូពេទ្យ​ពិនិត្យ​តាមដាន និង​រក​មូលហេតុ​ដែល​កើត​ជំងឺ​ក្រពះ និង​ឈាន​ដល់​ការ​ហូរ​ឈាម​ក្រពះ ឬ​ដល់​មហារីក​ក្រពះ ។ នៅ​ពេល​បានដឹង​មូលហេតុ​ហើយ អ្នកជំងឺ​ក៏​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ទៅ​តាម​ការ​ណាត់​របស់​គ្រូពេទ្យ ដើម្បី​កំចាត់រោគ​ក្នុង​ក្រពះ និង​រក​វិធី​ការពារ​កុំឱ្យ​ឈាន​ដល់​ដំណាក់​កាលដែល​មិន​អាច​ព្យាបាល​បាន ។

លោក​បន្ថែម​ថា ពាក់ព័ន្ធ​នឹង​មនុស្ស​ទូទៅ ដើម្បី​ការពារ​ជំងឺ​ក្រពះ​នេះ​ដែរ គួរតែ​ព្យាយាម​ទទួល​ទាន​របប​អាហារ​ត្រឹមត្រូវ និង​ទៀងពេល​វេលា ហើយ​គួរ​កាត់​បន្ថយ​នូវ​ការ​ជក់បារី និង​ពិសា​ស្រា​ជាដើម ដោយ​គួរ​ញ៉ាំ​បន្លែ ផ្លែ​ឈើ និង​ត្រូវ​ប្រាកដ​ថា​បន្លែ​ផ្លែ​ឈើ​ទាំងនេះ ជា​ពពួក​បន្លែ និង​ផ្លែ​ឈើ​ល្អ មិន​បង្ក​រោគ ។

លោក​វេជ្ជបណ្ឌិត Wutthi Sumetchotimaytha វេជ្ជបណ្ឌិត​ជំនាញ​វះកាត់​ជំងឺមហារីក​ក្រពះ មក​ពី​ប្រទេស​ថៃ បានឱ្យ​ដឹង​ថា ជំងឺមហារីក​ក្រពះ កម្រិត​ទី​១​អាច​ជា​ដាច់​៩០​ភាគរយ ឬ​១០០​ភាគ​រយ តែ​បើសិនជា​អ្នកជំងឺ​ឈាន​ដល់​កម្រិត​ទី​២ ការ​ព្យាបាល​គ្រាន់តែ​ពន្យារ​ឱ្យ​រស់នៅ​បាន​យូរ​ប៉ុណ្ណោះ ហើយ​សង្ឃឹមថា​នៅ​ថ្ងៃ​អនាគត ការ​ព្យាបាល​ជំងឺមហារីក​ក្រពះ​កម្រិត​ទី​២ នឹង​អាច​ព្យា​បាល​ជា​ដាច់​១០០​ភាគរយ ។

លោក​បន្ត​ថា ករណី​ជំងឺមហារីក​ក្រពះ នៅ​ក្នុង​ប្រទេស​ថៃ នា​ពេល​បច្ចុប្បន្ន​នេះ បាន​ថយ​ចុះ គួរ​ឱ្យ​កត់សម្គាល់ ដោយសារ​តែ​ប្រជាជន​ថៃ​ភាគច្រើន​បាន​យល់​ដឹង​ពី​ជំងឺ មហារីក​ក្រពះ និង​មូលហេតុ​អ្វី​បណ្ដាល​ឱ្យ​កើត​ជំងឺមហារីក​ក្រពះ ដោយ​ពួក​គេ​បាន​អនុវត្តន៍​តាម​ការ​ណែនាំ​របស់​វេជ្ជបណ្ឌិត​ថៃ ពី​ការ​ការពារ​ជំងឺមហារីក​ក្រពះ ។ លោក​ថា ៖ «​នៅ​ថ្ងៃ​អនាគត ករណី​ជំងឺមហារីក​ក្រពះ នៅ​ក្នុង​ប្រទេស​ថៃ នឹង​ថយ​ចុះ​ជា​បន្ត​ទៀត ដោយសារ​តែ​ប្រជាជន​កាន់តែ​យល់​ដឹង និង​ដឹង​ពី​របៀប​ការពារ ដោយ​ទម្លាប់​របស់​ពួក​គាត់​ផ្ទាល់​តែ​ម្ដង » ។

គួរ​បញ្ជាក់​ថា មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់ ភ្នំពេញ តែងតែ​អញ្ជើញ​វេជ្ជបណ្ឌិត​ជំនាញ​ពី​ប្រទេស​ថៃ មក​ពន្យល់​​ណែនាំ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ពី​ជំងឺ​មួយ​ចំនួន​ដល់ ជា​ពិសេស​ពី​វិធីសាស្ត្រ​ការពារ និង​ព្យាបាល​ទាន់​ពេលវេលា ដើម្បី​កុំឱ្យ​ជំងឺ​កាន់តែ​រីក​ធំ ដែល​ឈាន​ដល់​ដំណាក់កាល​ពិបាក​ព្យា​បាល ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ