រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា បុរសជាជាងជួសជុលទូរស័ព្ទនៅផ្សារស្ទឹងមានជ័យចាស់ម្នាក់បានសម្រេចចិត្តចង.កធ្វើអត្តឃាតសម្លាប់ខ្លួននៅក្នុងបន្ទប់ផ្ទះជួលមួយកន្លែង ស្ថិតនៅខាងក្រោយស្នាក់ការប៉ុស្តិ៍រដ្ឋបាលនគរបាលស្ទឹងមានជ័យក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២៤ ខែកញ្ញានេះ ។
សេចក្តីរាយការណ៍បានបន្ត សពជនរងគ្រោះមានឈ្មោះ គី សុគុណ ហៅពេជ្រ អាយុ២៥ឆ្នាំ មុខរបរជាជាងជួសជុលទូរស័ព្ទដៃ មានទីលំនៅផ្ទះជួលក្បែរកន្លែងកើតហេតុដោយរស់នៅជាមួយបងស្រីបង្កើត និងមានស្រុកកំណើតនៅស្រុកមោងឬស្សី ខេត្តបាត់ដំបង ។
យោងតាមប្រភពព័ត៌មានពីបុរសម្នាក់ជាមិត្តភក្តិស្និទ្ធស្នាលរបស់ជនរងគ្រោះ និងជាម្ចាស់បន្ទប់កើតហេតុអោយដឹងថា កន្លងមកជនរងគ្រោះឧស្សាហ៍មកលេងដល់បន្ទប់គេជាបន្តបន្ទាប់រហូតដោយសារពួកគេជា មិត្តភក្តិស្និទ្ធស្នាល និងជាអ្នកមានស្រុកកំណើតជាមួយគ្នាផងដែរ ហើយបច្ចុប្បន្ននេះបុរសដែលជាមិត្តភក្តិស្នាក់នៅបន្ទប់ជួលខាងលើជាមួយមិត្តភក្តិ៣នាក់ផ្សេងទៀតពោល គឺរស់នៅ៤នាក់ ។
ប្រភពបន្តថា នៅព្រឹកថ្ងៃកើតហេតុជនរងគ្រោះបានទៅដល់បន្ទប់មិត្តភក្តិរបស់គេ តាំងពីម៉ោង៦ព្រឹកមកម្លេះដោយទៅអង្គុយនិយាយគ្នាលេងនៅទីនេះធម្មតាពុំមានអ្វីប្លែកឡើយ ។ លុះដល់ម៉ោង៧ព្រឹកមនុស្សទាំងអស់នៅក្នុងបន្ទប់បានចាកចេញទៅក្រៅអស់ដោយអ្នកខ្លះត្រូវទៅរៀនអ្នកខ្លះត្រូវទៅធ្វើការ ដោយជនរងគ្រោះមិនបានទៅណាឡើយ គឺសុំនៅសម្រាកលេងនៅក្នុងបន្ទប់ ។ រហូតដល់វេលាម៉ោង១១ថ្ងៃខែដដែល បុរសជាម្ចាស់បន្ទប់រួមជាមួយមិត្តភក្តិ៣នាក់ទៀតបានទៅដល់បន្ទប់វិញ តែបន្ទប់ត្រូវចាក់សោជាប់ពីខាងក្នុង ដោយព្យាយាមស្រែកហៅយ៉ាងណាក៏គ្មានអ្នកបើកក៏សម្រេចធាក់ទ្វារចូលទៅក្នុងក៏ប្រទះឃើញជនរងគ្រោះចង.ក ធ្វើអត្តឃាតសម្លាប់ខ្លួននៅក្នុងបន្ទប់កើតហេតុខាងលើ ស្លាប់បាត់ទៅហើយ ដោយបានប្រើខ្សែភ្លើងចង.ក ទៅហ្នឹងប្រហោងជញ្ចាំងបន្ទប់ ។
បន្ទាប់ពីឃើញដូចនេះ ក្រុមមិត្តភក្តិរបស់ជនរងគ្រោះបានយកកាំបិតកាត់ផ្តាច់ខ្សែភ្លើងទម្លាក់ជនរងគ្រោះមកក្រោម ដើម្បីពិនិត្យមើលក្រែងជនរងគ្រោះនៅមានដង្ហើម ប៉ុន្តែជាអកុសលគេបានស្លាប់ហើយទើបពួកគេហៅម្ចាស់បន្ទប់ជួលអោយជួយទំនាក់ទំនងទៅកាន់សមត្ថកិច្ចមូលដ្ឋាន រួមជាមួយនគរបាលជំនាញចុះពិនិត្យជាក់ស្តែងតែម្តងទៅ ។
តាមការពិនិត្យយ៉ាងល្អិតល្អន់លើសពរួចមកនគរបាលបញ្ជាក់ថា សពពិតជាត្រូវបានស្លាប់ដោយសារការចង.កធ្វើអត្តឃាតសម្លាប់ខ្លួនឯងប្រាកដមែន ពុំមែនជាករណីឃាតកម្ម ឬករណីអ្វីផ្សេងក្រៅពីនោះឡើយ ។ ក្រោយការពិនិត្យរួចរាល់សពត្រូវប្រគល់ជូនក្រុមគ្រួសារសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ។
ជុំវិញករណីនេះពុំមានប្រភពណាមួយអះអាងអោយដឹងពីមូលហេតុអ្វីដែលនាំអោយបុរសខាងលើសម្រេចចិត្តគិតខ្លីបញ្ចប់ជីវិតទៅដោយបែបនេះទេ ខណៈដែលសាច់ញាតិពុំអាចផ្តល់ព័ត៌មានអ្វីទាំងអស់ ៕
ចែករំលែកព័តមាននេះ