កំណើនសេដ្ឋកិច្ច​រឹង​មាំ និង​ការ​ពង្រីក​ទី​ក្រុង​យ៉ាង ឆាប់រហ័ស​នាំ​ឲ្យ​កម្ពុជា​កំពុង​ប្រឈម​បញ្ហា​កាក​សំណល់​ធ្ងន់ធ្ងរ


រាជធានី​ភ្នំពេញ ៖ ការ​គ្រប់គ្រង​កាក​សំណល់ គឺជា​បញ្ហា​មួយ​ដែល​ត្រូវ​ដោះស្រាយ​ជា​បន្ទាន់​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ កំណើនសេដ្ឋកិច្ច​ដ៏​រឹង​មាំ ការ​ពង្រីក​ទីក្រុង​យ៉ាង​ឆាប់រហ័ស និង​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម រួម​ជាមួយនឹង​ការ​កើនឡើង​នូវ​ការ​ប្រើប្រាស់​របស់​ប្រជាជន​ដែល​មាន​កម្រិត​ជីវភាព​មធ្យម និង​ខ្ពស់​ដែល​មាន​ចំនួន​កាន់តែ​ច្រើន​ឡើង​ៗ​នៅ​ក្នុង​រយៈពេល​ពីរ​ទសវត្សរ៍​ចុង​ក្រោយ បាន​ធ្វើ​ឱ្យ​មានការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​បរិមាណ​កាក​សំណល់​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ នេះ​បើ​យោង​តាម​ប្រកាស​ព័ត៌មាន​របស់​មូលនិធិ​អា​ល្លឺ​ម៉​ង់ Konrad-Adenauer-Stiftung (KAS) ចុះ​ថ្ងៃ​ទី ១៩ ខែកញ្ញា ឆ្នាំ​២០១៩ កន្លង​ទៅ ។

​ជា​រៀងរាល់ថ្ងៃ​គ្រាន់តែ​រាជធានី​ភ្នំពេញ​មួយ​បាន​បង្កើត​ឱ្យ​មាន​កាក​សំណល់​ក្នុង​បរិមាណ​ចន្លោះ​ពី 2,000 ទៅ​ដល់ 3,000 តោន ដែល​ក្នុង​នោះ​មាន 600 តោន គឺជា​កាក​សំណល់​ប្លា​ស្ទិ​ក ។

ប្រទេស​កម្ពុជា​ទាំងមូល​បាន​បង្ក​ឱ្យ​មាន​កាក​សំណល់​ជាង 10,000 តោន​ជា​រៀងរាល់ថ្ងៃ ឬ​ច្រើន​ជាង 3.6 លាន​តោន​នៅ​ក្នុង​មួយ​ឆ្នាំ ។ កំណើន​នៃ​ការ​បង្ក​កាក​សំណល់​នេះ​រួម​មាន​កាក​សំណល់​គ្រប់​ប្រភេទ​ទាំងអស់ ពោល​គឺ​កាក​សំណល់​រឹង​ទីក្រុង កាក​សំណល់​ឧស្សាហកម្ម កាក​សំណល់​គ្រោះថ្នាក់ កាក​សំណល់​សំណង់ និង​កាក​សំណល់​ពី​ការ​វាយ​កម្ទេច​អគារ​ដែល​បង្ក​ឱ្យ​មាន​បញ្ហា​ប្រឈម​ជា​ច្រើន ។ ជា​ទូទៅ​បញ្ហា​នៅ​ក្នុង​ការ​គ្រប់គ្រង​កាក​សំណល់​មាន​ដូច​ជា ៖ កង្វះខាត​ការ​ប្រមូល​កាក​សំណល់​ឱ្យ​បាន​ត្រឹមត្រូវ ហេដ្ឋារចនាសម្ព័ន្ធ​ប្រព្រឹត្ត​កម្ម បច្ចេកទេស ការ​បណ្ដុះ​បណ្ដាល​បច្ចេកទេស​បុគ្គលិក ក៏​ដូច​ជា​គោលនយោបាយ​គ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព​ផង​ដែរ ។

​កាក​សំណល់​ដែល​ចេះ​តែ​មាន​ចំនួន​កើនឡើង​បង្ក​ឱ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ចំពោះ​សុខភាព និង​បរិ​ស្ថាន​ដែល​ត្រូវ​បាន​លើក​ឡើងជា​រឿយ​ៗ​នៅ​ក្នុង​បណ្ដាញ​ផ្សព្វផ្សាយ​ក្នុងស្រុក និង​បណ្ដាញ​សង្គម​នានា ។

​កិច្ចប្រជុំ​កំពូល​ស្ដី​ពី​កាក​សំណល់​នៅ​កម្ពុជា​ឆ្នាំ ២០១៩ នា​ថ្ងៃ​ទី​១៩ ខែកញ្ញា គឺជា​ការ​ជួបជុំ​អង្គ​ប្រតិបត្តិ​ពី​សហគមន៍​ធុរកិច្ច​កម្ពុជា អ្នក​រៀបចំ​គោលនយោបាយ និង​នាយកដ្ឋាន​ពាក់ព័ន្ធ ព្រម​ទាំង​អង្គការ​បរិស្ថាន និង​ក្រុមហ៊ុន​ទើប​បង្កើត​ថ្មី​ផង​ដែរ ។ កិច្ចប្រជុំ​កំពូល​នេះ​ត្រូវ​បាន​រៀបចំ​ដោយ​មូលនិធិ​អា​ល្លឺ​ម៉​ង់ Konrad-Adenauer-Stiftung (KAS) ក្រុម​ធុរកិច្ច​អា​ល្លឺ​ម៉​ង់​ប្រចាំ​នៅ​កម្ពុជា (ADW) និង​អង្គការ​កែ​ច្នៃ​សំរាម និង​ការ​សិក្សា​នៅ​កម្ពុជា (COMPED) ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា គោលដៅ​នៃ​កិច្ចប្រជុំ​កំពូល​នេះ គឺ​ដើម្បី​បង្កើត​កិច្ច​ពិភាក្សា​ដែល​លើកទឹកចិត្ត​ឱ្យ​មាន​ភាព​ជា​ដៃគូ​រវាង​អ្នក​ដោះស្រាយ​បញ្ហា​វិស័យ​សាធារណៈ និង​ផ្នែក​ឯកជន វិនិយោគិន និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​វិស័យ​នេះ ។ អ្នកចូលរួម​ជាង 300 នាក់​បាន​ចុះ​ឈ្មោះ​ចូលរួម​នៅ​ក្នុង​កម្មវិធី​នេះ ហើយ​ក៏​មានការ​ចូលរួម​ពី​អ្នក​រៀបចំ​ពិព័រណ៍​ចំនួន ២៥​នាក់​ផង​ដែរ ។

​លោក​បណ្ឌិត Daniel Schmücking ជានា​យក​ប្រចាំ​ប្រទេស​នៃ​មូលនិធិ​ខុន​រ៉ា​ដ បាន​មាន​ប្រសាសន៍​ថា «​យើង​មាន​ក្ដី​សោមនស្ស​យ៉ាង​ខ្លាំង​ដែល​អាច​បង្កើត​កម្មវិធី​ជួបជុំ​មនុស្ស​ជា​ច្រើន ដើម្បី​លើក​ឡើង​អំពី​ប្រធានបទ​ដ៏​មាន​សារសំខាន់​នេះ ដែល​នេះ​ជា​ការ​សបញ្ជាក់​ថា កាក​សំណល់​​គឺជា​ប្រធានបទ​ដែល​ធ្វើ​ឱ្យ​យើង​ទាំងអស់​គ្នា​មានការ​ព្រួយបារម្ភ ហើយ​ដំណោះស្រាយ​ចំពោះ​បញ្ហា​នេះ​ដែល​នឹង​ជួយ​កែ​លម្អ​បរិស្ថាន និង​សង្គម​របស់​យើង​ទាំងមូល​»​។ លោក​បាន​បន្ថែម​ថា «​ខ្ញុំ​សង្ឃឹមថា យើង​អាច​ចូលរួម​ចំណែក​នៅ​ក្នុង​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ប្រកប​ដោយ​ជោគជ័យ​រវាង​វិស័យ​សាធារណៈ និង​ឯកជន​ស្ដី​ពី​ការ​គ្រប់គ្រង​កាក​សំណល់ ។ យើង​មានឱកាស​ជា​ច្រើន​ដើម្បី​សម្រេច​កិច្ចការ​នេះ​» ។

​កម្មវិធី​នេះ​បាន​ធ្វើ​ឡើង​នៅ The FACTORY ភ្នំពេញ ដែល​មាន​វាគ្មិន​មួយ​ចំនួន​មក​ពី​រដ្ឋបាល​សាធា​រណៈ សង្គម​ស៊ី​វិល ប្រព័ន្ធ​អេកូ​សេដ្ឋកិច្ច ធ្វើការ​ចែករំលែក​បទ​ពិសោធន៍ និង​គំនិត​របស់​ខ្លួន​តាម​រយៈ​ការ​ធ្វើ​បទ​បង្ហាញ និង​ការ​ពិភាក្សា​តុមូល ។ ប្រធានបទ​គឺ​ស្ដី​អំពី​ចក្ខុវិស័យ​សម្រាប់​ការ​គ្រប់គ្រង​កាក​សំណល់​ប្រកបដោយ​ប្រសិទ្ធភាព ដំណោះស្រាយ​កាក​សំណល់​ប្រកបដោយ​ជោគជ័យ និង​មាន​ភាព​ច្នៃប្រឌិត​របស់​ប្រទេស​កម្ពុជា ព្រមទាំង​ការ​ចែករំលែក​បទ​ពិសោធន៍​របស់​ប្រទេស​អា​ល្លឺ​ម៉​ង់​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង និង​កែ​ច្នៃ​កាក​សំណល់ ។

​ប្រទេស​អា​ល្លឺ​ម៉​ង់ ត្រូវ​បាន​ចាត់ទុកជា​ប្រទេស​ឈានមុខ​គេ​លំដាប់​អន្តរជាតិ​នៅ​ក្នុង​ការ​គ្រប់គ្រង និង​កែ​ច្នៃ​កាក​សំណល់​ប្រកបដោយ​ជោគជ័យ ហើយ​ក្រុមហ៊ុន​អា​ល្លឺ​ម៉​ង់​មួយ​ចំនួន​កំពុង​ដំណើរ​ការ​អាជីវកម្ម​នៅ​ក្នុង​វិស័យ​គ្រប់គ្រង​កាក​សំណល់​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ។

អ្នកចូលរួម​ក៏​មានឱកាស​ឆ្លើយ​សំណួរ ចម្លើយ ក្នុង​កិច្ច​ពិភាក្សា​ទាំងឡាយ​ដែល​មាន​ក្នុង​កិច្ចប្រជុំ​កំពូល​តាម​រយៈ​ការ​លើក​ជា​សំណួរ​ផ្សេង​ៗ ។ ក្រៅពី​នេះ​កិច្ច​ពិភាក្សា​នេះ​ផ្ដល់​នូវ​ឱកាស​ទំនាក់​ទំនង​ដើម្បី​ជួប​ជាមួយនឹង​ដៃគូ​សក្ដានុពល ហើយនឹង​មានការ​ធ្វើ​បទ​បង្ហាញ​អំពី​ដំណោះស្រាយ​បែប​ទំនើប ការ​ច្នៃប្រឌិត និង​កម្មវិធី​ផ្សេង​ៗ​ពី​អ្នក​រៀបចំ​ពិព័រណ៍​ជា​ច្រើន​នាក់​នៅ​ក្នុង​កម្មវិធី​នោះ​ផង​ដែរ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ