តារា​កំប្លែង​៤​នាក់​ មិន​អាច​វិល​រក​ឆាក​សម្ដែង​វិញ​បាន


រាជធានី​ភ្នំពេញ​៖ តារា​កំប្លែង​ជើង​ចាស់​៤​នាក់​បាត់បង់សមត្ថភាព​សម្តែង​ស្ទើរ​ទាំងស្រុង​ដោយ​សារ​​តែ​ជំងឺ​យាយី​មិន​ព្រម​ស្រាកស្រាន្ត​ ទោះបី​ខិតខំ​ព្យាបាល​យ៉ាងណា​ក្ដី ។ តារា​កំប្លែង​ទាំងនោះ​គឺ​​នាយ​សាន ម៉ៅ នាយ​ក្តឹប នាយ សង់​ស៊ី​ស និង​យាយ​ណា​ង ពួក​គាត់​កន្លង​មក​ធ្លាប់​ផ្តល់​សំណើច​​​សើច​ក្អាកក្អាយ​ដល់​ទស្សនិកជន តែ​ពេល​នេះ​មិន​អាច​ធ្វើ​ដូច​មុន​ទៀត​ឡើយ ។

តារា​កំប្លែង​នាយ​សាន ម៉ៅ បាន​រួមរឹត​ដោយ​ជំងឺលើសឈាម និង​ទឹកនោមផ្អែម​អស់​ពេល​ជាង​១០​ឆ្នាំ​មក​ហើយ ។ ជំងឺ​របស់​នាយ​កាន់តែ​ធ្ងន់​ដោយ​មាន​ជំងឺ​ច្រើន​មុខ ដូច​ជា លើសឈាម ទឹក​នោម​ផ្អែម ថ្លើម ខ្សោយ​លំពែង និង​សួត ដែល​តម្រូវ​ឲ្យ​ដាក់​អុក​ស៊ី​សែន​ជា​ប្រចាំ ។ តារា​កំប្លែង​រូប​នេះ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​ជា​ច្រើន​លើក ដោយសារ​តែ​អាការ​ជំងឺ​បាន​ធ្វើទុក្ខ​ខ្លាំង ។ ជំងឺ​របស់​នាយ​តម្រូវ​ឲ្យ​ចោះ​បំពង់ក ដើម្បី​សម្រួលការ​ដកដង្ហើម​។

បើ​ទោះបីជា​អាការ​ជំងឺ​របស់​នាយ​សាន​ម៉ៅ​ធូរស្រាល​បន្តិច​មែន ប៉ុន្តែ​នាយ​នៅ​តែ​មិន​ទាន់​អាច​និយាយ​​បាន ដោយសារ​ការ​ចោះ​បំពង់ក ដូច្នេះ​ហើយ​ទំនងជា​មិន​អាច​វិល​ទៅ​កាន់​វេទិកា​សម្តែង​សំណើច​ឡើង​វិញ​បាន​ឡើយ ។ ជំងឺ​របស់​នាយ​ទាមទារ​ការ​ព្យាបាល​រយៈពេល​យូរ ។

តារា​កំប្លែង​នាយ​ក្តឹប បាន​ពើបប្រទះ​ជំងឺលើសឈាម រហូត​ធ្វើ​ឲ្យ​លោក​ស្លាប់​មួយ​ចំហៀង​ខ្លួន សម្រាក​​តែ​នៅ​លើ​កន្ទេល ដោយ​មិន​អាច​វិល​មក​ការ​សម្តែង​ជា​ថ្មី​ឡើង​វិញ​ឡើយ ។ តារា​កំប្លែង​រូប​នេះ​បាន​ធ្លាក់ខ្លួន​ឈឺ​ជា​ទម្ងន់ និង​មាន​ស្ថាន​ភាពស្គម​ខ្លាំង ដោយសារ​ជំងឺ​ជា​ច្រើន​មុខ​ដូច​ជា ឈាម​​កក​ក្នុង​ខួរក្បាល ជំងឺ​បេះដូង និង​ជំងឺ​សួត អស់​ពេល​ជា​ច្រើន​ខែ​មក​ហើយ ។​ដោយសារ​តែ​ស្ថានភាព​ជំងឺ​កាន់តែ​ធ្ងន់​ខ្លាំង​ឡើង ក្រុម​គ្រួសារ​របស់​លោក​បាន​សម្រេចចិត្ត បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​។ យ៉ាងណា​ក៏​ដោយ​បើ​ទោះបីជា​លោក​ត្រូវ​បាន​ជួយ​សង្គ្រោះ​បាន​នៅ​រស់រាន​មានជីវិត​ក៏​ដោយ ប៉ុន្តែ​ជំងឺលើសឈាម​របស់​លោក​បាន​ធ្វើ​ឲ្យ​លោក​ស្លាប់​មួយ​ចំហៀង​ខ្លួន និង​ធ្លាក់ខ្លួន​ពិការ​មិន​អាច​វិល​មក​ការ​សម្តែង​វិញ​បាន​ឡើយ​។

តារា​កំប្លែង​នាយ​សង់​ស៊ី បាន​ពើបប្រទះ​នូវ​ជំងឺលើសឈាម និង​ជំងឺ​បន្ទាប់បន្សំ​ផ្សេង​ទៀត ខណៈ​វ័យ​កាន់តែ​ជរា​ផង ។ តារា​កំប្លែង​រូប​នេះ​មិន​អាច​វិល​មក​រក​ការ​សម្តែង​ជា​ថ្មី​ឡើង​វិញ​ឡើយ ។

បច្ចុប្បន្ន​អាការ​ជំងឺ​របស់​គាត់​អាច​កើតឡើង​គ្រប់ពេលវេលា​ដោយ​ទាមទារ​ការ​ពិនិត្យ​តាមដាន​ពី​ក្រុម​គ្រូពេទ្យ និង​ការ​យកចិត្តទុកដាក់​ពី​ក្រុម​គ្រួសារ ។ ក្រុម​គ្រួសារ​របស់​នាយ​សង់​ស៊ី​ស ធ្លាប់​បាន​អះអាង​ថា ក្រោយ​សម្រាក​ព្យាបាល​មួយ​រយៈ ស្ថានភាព​ជំងឺ​របស់​គាត់​ធូរ​ជាង​មុន ប៉ុន្តែ​គាត់​នៅ​មាន​ភាព​វង្វេង ដោយពេល​ខ្លះ​ក៏​ស្គាល់​កូន ពេល​ខ្លះ​ទៀត​ក៏​អត់​ស្គាល់​ទេ ។ ក្រុម​គ្រួសារ​បញ្ជាក់​ថា ជំងឺលើសឈាម​នេះ​បាន​បណ្តាល​ឲ្យ​គាត់​ឈាន​ដល់​ការ​ទាញ​មាត់​ទាញ​ដៃជើង ។

តារា​កំប្លែង និ​អា​យ៉ៃ​ឆ្លើយឆ្លង​ណ​យ សំណាង កំពុង​តែ​សម្រាក​ព្យាបាល​ជំងឺ​រ៉ាំរ៉ៃ​របស់​ខ្លួន​នៅ​ក្នុង​គេហដ្ឋាន​ក្នុង​ពេល​ដែល​អាជីព​សិល្បៈ​របស់​គាត់​ទំនងជា​មិន​អាច​កើតឡើង​ទៀត​ឡើយ ។ ស្ថិត​ក្នុង​វ័យចាស់​ជរា និង​មាន​ជំងឺ​ជាប់​ខ្លួន លោកយាយ​ណ​យ សំណាង បាន​ខិតខំ​ព្យាបាល​ខ្លួន​ក្នុង​ជីវិត​ចុង​ក្រោយ ខណៈ​ជីវភាព​លំបាក​យ៉ាប់យ៉ឺន ។ យាយ​ណា​ង មាន​ជំងឺ​បេះដូង ប៉ុន្តែ​បន្ទាប់​ពី​សម្រាក​ព្យាបាល សភាព​របស់​គាត់​ហាក់​ធូរស្បើយ​បន្តិច តែ​នៅ​តែ​ស្ថិត​ក្រោម​ការ​តាមដាន​របស់​គ្រូពេទ្យ​នៅឡើយ ។

ក្រៅពី​តារា​កំប្លែង​ទាំង​៤​នាក់​នោះ គឺ​ក៏​នៅ​មាន​តារា​កំប្លែង​មួយ​ចំនួន​ទៀត​ធ្លាក់ខ្លួន​ឈឺ​បាត់បង់​សមត្ថ​ភាព​សម្តែង​ដែរ ខណៈ​ពេល​តារា​កំប្លែង​ជើង​ចាស់​ល្បីឈ្មោះ​៣​នាក់ គឺ​នាយ​ក្រឹម នាយ​កុយ និង​នាយ​ចាប​ចៀន នៅ​អាច​សម្តែង​ផ្ដល់​សំណើច​ជូន​ទស្សនិកជន​បាន ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ