ជំនន់​ទឹកភ្លៀង​មិន​ទាន់​ស្រក​ផុត​ផង ទឹក​ជំនន់​​ហូរ​ពី​ប្រទេស​ថៃ​កំពុង​គំរាមទៀត


ខេត្តបន្ទាយមានជ័យ ៖ ខណៈ​ជំនន់​ទឹកភ្លៀង​ដែល​កំពុង​លិចលង់​ភូមិ​មួយ​ចំនួន​ ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​មិន​ទាន់​ស្រក​ស្រួលបួល​ផង ក៏​មាន​ប្រភព​ពី​អាជីវករ​លក់ដូរ​នៅ​ផ្សារ​រុង​ក្លឿ ស្រុក​អារញ្ញ ប្រទេស​ថៃ និយាយ​ត​ៗ​គ្នា​នៅ​រសៀល​ថ្ងៃ​ទី​២៣​ខែកញ្ញា​ថា ថៃ​នឹង​បើកទ្វារ​ទឹក​ព្រោះ​ភ្លៀង​ធ្លាក់​ច្រើន​ពេញ​អាង​ទំនប់​និង​កំពុង​លិច​ផលដំណាំ ។អាជីវករ​មួយ​ចំនួន​ដែល​ដឹង​រឿង​នេះ បាន​ប្រញាប់​ប្រញាល់​បិទ​តូប​ចាកចេញ​មក​កម្ពុជា ដើម្បីរៀបចំ​ទុកដាក់​អីវ៉ាន់​តាម​ផ្ទះ​រៀង​ៗ​ខ្លួន​ការពារពី​ការ​ជន់​លិច​ជាយថាហេតុ ។

ជំ​ុ​វិញ​ប្រភព​ព័ត៌មាន​ខាងលើ លោក គាត ហ៊ុ​ល អភិបាលក្រុង​ប៉ោយ​ប៉ែ​ត ប្រាប់​តាម​ទូរស័ព្ទ​ថា ដោយសារ​ការ​ព្រួយបារម្ភ​ចំពោះ​ពលរដ្ឋ​រឿង​ជំនន់​ទឹកភ្លៀង ម្យ៉ាង​ទឹកអូរ​ព្រំដែន​ក៏​ហក់​ឡើង លោក​បាន​ទាក់ទង​សួរ​ទៅ​អភិបាលស្រុក​អារញ្ញ​តែ​ខាង​ថៃ​បដិសេធ​ន៌​ថា ពុំ​មានការ​បើកទ្វារ​ទឹក​ចេញពី​អាង​ទេ ប៉ុន្តែ​ប្រាប់​ថា អាង​ស្តុក​ទឹក​ក្នុងស្រុក​អារញ្ញ​ចាប់ផ្តើម​ពេញ ហើយ​ចាប់ផ្តើម​ហៀរ​ចេញពី​អាង​ហើយ ។ បើសិនជា​នៅ​ដី​ថៃ​ទឹក​ចាប់ផ្តើម​ហៀរ​ចេញពី​អាង ឬ​ក៏​គេ​បើកទ្វារ​ទឹក​ដូច​ប្រភព​ព័ត៌មាន​ខាងលើ​មែន ក្រុង​ប៉ោយ​ប៉ែ​តនិង​ស្រុក​មួយ​ចំនួន​នៅ​ជាប់​ព្រំដែន នឹង​កាន់តែ​លិចលង់​ធ្ងន់ធ្ងរ​ជា​មិន​ខាន ។

គួរ​បញ្ជាក់​ថា ជំនន់​ទឹកភ្លៀង​ដែល​ហូរ​ពី​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ បាន​ធ្វើ​ឲ្យ​ភូមិ​មួយ​ចំនួន​ក្នុង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ រង​ការ​ជន់​លិច ហើយ​អ្នក​ភូមិ​មួយ​ចំនួន​ក៏​ត្រូវ​បាន​អាជ្ញាធរ​ឃុំ ស្រុក កម្លាំងយោធា នគរបាល​ស្រុក​អូរ​ជ្រៅ និង​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១ ចុះ​ជយ​យ​សង្គ្រោះ​ដោយ​នាំ​យក​ទៅ​ដាក់​នៅ​ទី
ទួល​សុវត្ថិភាព​ហើយ ។ ចំណែក​លោក​អភិបាលខេត្ត ក៏​បាន​ដឹកនាំ​ក្រុមការងារ​ស្រុក ឃុំ ចុះ​សួរសុខទុក្ខ និង​ចែក​អំណោយ​ដល់​គ្រួសារ​ង​គ្រោះ​ដែរ​កាលពី​ថ្ងៃ​ទី​២២ ខែកញ្ញា ។

តាម​សេចក្ដីរាយការណ៍​ថា ពលរដ្ឋ​ជា​ច្រើន​គ្រួសារ ពិសេស​អ្នក​រស់នៅ​ខាងត្បូង​ផ្លូវជាតិ​លេខ​៥ ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត រង​កា​លិចលង់​លំនៅ​ឋាន​ហើយ​ជិត​១០០​គ្រួសារ​ត្រូវ​បាន​អាជ្ញាធរ​ជួយ​សង្គ្រោះ​មក​កាន់​ទួល​សុវត្ថិភាព និង​កំពុង​បន្ត​ជួយខណៈ​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​ក៏​រង​ការ​ជន់​លិច​ដូច​គ្នា ។

ជំនន់​ទឹកភ្លៀង​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែកញ្ញា បាន​ឡើង​ខ្លាំង​ដោយសារ​ជំនន់​នេះ​ធ្លាក់​ពី​តំបន់​ខ្ពស់​ៗ ។ ផ្លូវលំ និង​ផ្លូវ​បេតុង​បាន​រង​ការ​ជន់​លិច ដងផ្លូវ​ខ្លះ​មិន​អាច​ធ្វើ​ដំណើរ​បាន​ព្រោះ​ទឹក​ជ្រៅ ហើយ​ដងផ្លូវ​ដែល​មានទឹក​ជ្រៅ​ទាំងនេះ ត្រូវ​អ្នកស្រុក​ដាក់​មែកឈើ ឬ​ធុងសាំង កន្លែង​ខ្លះ​ដាក់រទេះ​កាត់​ផ្លូវ​តែ​ម្តង ។

កំណាត់​ផ្លូវជាតិ​លេខ​៥​ប្រវែង​ប្រហែល​៤០០​ម៉ែត្រ​បាន​រង​ការ​ជន់​លិច ធ្វើ​ឲ្យ​យានយន្ត​ត្រូវ​កកស្ទះ​ព្រោះ​ធ្វើ​ដំណើរ​ទៅ​មក​ឆ្លងកាត់​ទីនោះ​យឺតយ៉ាវ ។ យ៉ាងណា​ក៏​ដោយ អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត​អះអាង​ថា ពុំ​មាន​ពលរដ្ឋ​ណា​ម្នាក់​ជួបគ្រោះថ្នាក់​ទេ​មក​ទល់​នឹង​ពេល​នេះ ហើយ​បាន​ជួយ​សង្គ្រោះ​ជិត​១០០​គ្រួសារ​ទៅ​កាន់​ទីទួល​សុវត្ថិភាព​២​កន្លែង​ផ្សេង​គ្នា គឺ​មួយ​នៅ​ភូមិ​ប៉ោយប៉ែ​ត និង​មួយទៀត​នៅ​ក្នុងភូមិ​អូរ​ជ្រៅ និង​កំពុង​ជួយ​សង្គ្រោះ​បន្ត ។

អាជ្ញាធរ​បាន​យក​ធុងសាំង​ធ្វើ​ជា​ក្បូន​ចំនួន​២​គ្រឿង ដើម្បី​ជួយ​ដឹក​ពលរដ្ឋ​និង​សម្ភារ​ឡើង​ទីទួល​សុវត្ថិភាព ។ នៅ​វេលា​ម៉ោងជាង​១១​ព្រឹក​ថ្ងៃ​ដដែល​នេះ លោក អ៊ុំ រាត្រី អភិបាលខេត្ត អម​ដោយ​លោក គាត ហ៊ុ​ល អភិ​បាលក្រុង​ប៉ោយ​ប៉ែ​ត បាន​ដឹកនាំ​កងកម្លាំង​ក៏​ដូច​ជា​អាជ្ញាធរ​មូលដ្ឋា​ន ចុះ​ពិនិត្យ​ទឹកជំនន់​នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត និង​សួរសុខទុក្ខ​ពលរដ្ឋ​ដែល​រង​គ្រោះ​ទាំងនេះ និង​បាន​ចែក​អំណោយ​ជា​គ្រឿង​ឧបភោគ​បរិ​ភោគ​ជា​បឋម​ផង​ដែរ ។ នៅ​តាម​ទីទួល​សុវត្ថិភាព គេ​ឃើញ​មាន​ក្រុម​គ្រូពេទ្យ​ចុះ​ចាំ​ជួយ​ពិនិត្យ​ជំងឺ​ដល់​ពល​រដ្ឋ ។ លោកអភិបាលក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​ថា ជំនន់​ទឹកភ្លៀង​នៅ​មិន​ទាន់​ស្រក​ទេ ៕ ​(សម្រួលដោយ៖ ស្រីណា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ