ថ្នាក់ដឹកនាំ NBC ចូលរួម​វេទិកា​កំពូល​ចិន​-​អាស៊ាន ផ្តោត​លើ​ការ​ធ្វើ​អន្តរ​តូប​​នីយ​​កម្ម​ប្រាក់​យ៉​ន់​ចិន


នា​រសៀល​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០១៩ ឯកឧត្ដម ជា ចាន់​តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ ធនាគារជាតិ​នៃ​កម្ពុជា ចូលរួម​ក្នុង​វេទិកា​កំពូល​ចិន​-​អាស៊ាន លើក​ទី​១១ ស្តី​ពី កិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ និង​វេទិកា​អន្តរជាតិ​ស្តី​ពី ការ​ធ្វើ​អន្តរ​ជាតូបនីយកម្ម​ប្រាក់​យ៉​ន់ និង​ការ​ប្រើប្រាស់​រូបិយ​វត្ថុ​របស់​ប្រទេស​ជា​សមាជិក​សម្រាប់​ការ​ទូទាត់ នៅ​ទីក្រុង​ណា​ន​នី​ង ប្រទេស​ចិន​។

សន្និសីទ​ទាំង​ពីរ​ធ្វើ​ឡើង ក្នុង​ឱកាស​នៃ​ពិព័រណ៍​ចិន​-​អាស៊ាន​លើក​ទី​១៦ នៅ​ទីក្រុង​ណា​ន​នី​ង ដែល​មាន​គោលបំណង​បង្កើន​កិច្ច​សហប្រតិបត្តិការ​រវាង​ចិន និង​អាស៊ាន ក្នុង​វិស័យ​ហិរញ្ញវត្ថុ សម្រាប់​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ ការ​វិនិយោគ ពាណិជ្ជកម្ម និង​ទំនាក់ទំនង​សេដ្ឋកិច្ច​នានា នៃ​តំបន់​ទាំង​ពីរ​។

នា​ឱកាស​នោះ ឯកឧត្ដម ជា ចាន់​តូ ត្រូវ​បាន​អញ្ជើញ​ឱ្យធ្វើ​សុន្ទរកថា ក្នុង​វេទិកា​ទាំង​ពីរ​ខាងលើ​។ ឯកឧត្ដម បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​រីក​ចម្រើន​នៃ​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​ទាំង​វិស័យ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នា​ពេល​កន្លង​មក​។ ពាក់ព័ន្ធ​នឹង​វិស័យ​ធនាគារ ដែល​មាន​ភាព​បើក​ទូលាយ និង​មាន​សមាហរណកម្ម​នៅ​ក្នុង​តំបន់ ជា​ពិសេស​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន និង​អាស៊ាន​+៣។

ធនាគារជាតិ​នៃ​កម្ពុជា​មាន​កិច្ច​សហប្រតិបត្តិការ​ល្អ និង​បាន​ពង្រឹង​សមាហរណកម្ម ជាមួយ​ប្រទេស​ចិន និង​សមាជិក​អាស៊ាន​។ កាលពី​ឆ្នាំ​២០១៧ កន្លង​ទៅ ធនាគារជាតិ​នៃ​កម្ពុជា និង​ធនាគារកណ្តាល​ចិន បាន​អនុញ្ញាត​ឱ្យប្រាក់​រៀល ធ្វើការ​ជួញដូរ នៅ​ទីផ្សារ​អន្តរ​ធនាគារ​នៃ ខេត្ត Guangxi Zhou ហើយ​ប្រាក់​រៀល និង​ប្រាក់​យ៉​ន់ ក៏​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​សម្រាប់​ទូទាត់​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ចិន​និង​កម្ពុជា​។

នៅ​កម្ពុជា មធ្យោបាយ​ទូទាត់​តាម​រយៈ Alipay, WeChat Pay ជាដើម ក៏​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​សម្រួលការ​ទូទាត់​របស់​ភ្ញៀវ​ទេសចរ ផង​ដែរ​។ នៅ​ក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន កម្ពុជា​ក៏​បាន​ពង្រឹង​កា​រត​ភ្ជាប់​ការ​ទូទាត់​ជាមួយ​សមាជិក​អាស៊ាន ជា​ពិសេស​ការ​ទូទាត់​ពាណិជ្ជ​កម្ម និង​វិនិយោគ​ទ្វេភាគី តាម​រយៈ​ប្រព័ន្ធ​ធនាគារ និង​ការ​ប្រើប្រាស់ QR Code​។

ឯកឧត្ដម ទេសាភិបាល ក៏​បាន​ជម្រាប​អង្គ​វេទិកា​ពី​ការ​បន្ត​រួមចំណែក​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ល្អ ជាមួយ​សមាជិក​អាស៊ាន និង​ចិន ដើម្បី​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​នៃ​តំបន់​ទាំង​ពីរ ឱ្យ​បាន​រឹង​មាំ​។

ឯកឧត្ដម ជា ចាន់​តូ ក៏​បាន​អញ្ជើញ​ជា​កិត្តិយស​ក្នុង​ការ​ចុះហត្ថលេខា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៃ​ប្រទេស​ចិន​និង​សមាជិក​អាស៊ាន​ផង​ដែរ​។ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ