វត្ត​មួយ​នៅ​ក្រុងប៉ៃលិន​អត់​សូវ​មាន​ពុទ្ធបរិស័ទ​ទៅ​ធ្វើបុណ្យ


ខេត្ត​ប៉ៃលិន ៖ បើ​តាម​ការ​រៀបរាប់​ពី​លោក សាន សឿ​ន មេ​ភូមិ​ទឹកផុស​បានឱ្យ​ដឹង​ថា «​វត្ត​មង្គល​គិរី​គង្គា ហៅ​វត្ត​ទឹកផុស​» មិនសូវ​មានឈ្មោះ​បោះ​សម្លេង ដែល​អាច​ឱ្យ​គេ​ចូល​ទៅ​ធ្វើបុណ្យ​ទាន​នោះ​ទេ ព្រោះ​ជា​វត្ត​ដែល​ទើបនឹង​កសាង​ថ្មី មាន​ចម្ងាយ​ចេញពី​ផ្លូវ​ក្រាល​កៅស៊ូ​ប្រហែល​១៥​គីឡូម៉ែត្រ បើ​គិត​ពី​ក្រុងប៉ៃលិន ឆ្ពោះទៅ​ទិស​ខាងកើត ដោយ​ធ្វើ​ដំណើរ​កាត់​តាម​ផ្លូវលំ និង​កាត់​តាម​ព្រៃ​ចម្ការពោត និង​ដំឡូង​មី មានការ​លំបាក​ក្នុង​រដូវវស្សា ហើយ​មិនសូវ​មាន​មនុស្ស​បាន​ទៅ​ដល់ ក្រៅពី​អ្នក​រស់នៅ​ក្នុងភូមិ​ចំនួន​១៥៥​គ្រួសារ ដែល​មានផ្ទះ​ក្បែរ​ៗ គ្នា​នៅ​ទីនោះ ហើយ​អ្នក​ភូមិ​តិចតួច​ប៉ុណ្ណោះ​ចូល​ទៅ​ធ្វើបុណ្យ​ទាន ។

លោក​បន្ត​ទៀត​ថា ភូមិ​ទឹកផុស​នេះ ស្ថិត​នៅ​ដាច់​ឆ្ងាយ​ពី​ក្រុងប៉ៃលិន​បន្តិច ហើយ​វត្ត​នេះ ត្រូវ​បាន​កសាង​ឡើង​កាលពី​ឆ្នាំ​២០១៥ ដឹកនាំ​ដោយ​ព្រះ​មេគណ​ខេត្ត នៅ​លើ​ខ្នង​កូនភ្នំ ដែល​មាន​ទទឹង​៥០​ម៉ែត្រ និង​បណ្តោយ​ប្រវែង​១០០​ម៉ែត្រ ដោយ​ពុទ្ធបរិស័ទ​នៅ​ក្នុង​តំបន់​នោះ រួម​គ្នា​កសាង​ឡើង ព្រោះ​ម្នាក់​ៗ ចង់បាន​ទី​វត្ត​អារាម សម្រាប់​ពេល​មានបុណ្យ​ទាន​ម្តង​ៗ ពួក​គាត់​អាច​នាំ​គ្នា​ទៅ​គោរព​បូជា និង​ធ្វើបុណ្យ​តាម​បែប​ព្រះពុទ្ធ​សាសនា ឲ្យ​កើត​មាននៅ​ទីនោះ ។

ម្យ៉ាងវិញទៀត ភូមិសាស្ត្រ​វត្ត​នេះ ជា​តំបន់​នៅ​ដាច់​ស្រយាល​ពី​ទីប្រជុំជន គួប​ផ្សំ​នឹង​ជីវភាព​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ មាន​ជីវភាព​ខ្វះខាត ហើយ​ពឹងផ្អែក តែ​ទៅ​លើ​ការ​ប្រ កប​របរ ដំណាំ​ចម្ការ រីឯ​អ្នក​ភូមិ​ភាគច្រើន​មិនសូវ​ខ្វល់ខ្វាយ ក្នុង​ការ​ចូលរួម​ធ្វើបុណ្យ​ទាន​នោះ​ទេ ដោយ​អ្នក​ធ្វើបុណ្យ​ប្រហែល​១០​ទៅ​២០​ភាគរយ​ប៉ុណ្ណោះ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ទាំងអស់ ទើប​ការ​កសាង​អ្វី​ជា​ដុំ​កំភួន​មិន​បាន​លូតលាស់ ទៅ​មុខ​ទៀត​នោះ​ឡើយ ។ ចំណែក អ្នក​រស់នៅ​ឯ​ក្នុង​ក្រុងប៉ៃលិន យូរ​ៗ​ម្តង ទើប​នាំ​គ្នា​បើកបរ​ម៉ូតូ ឬ​រថយន្ត​ចូល​ទៅ​ធ្វើបុណ្យ​នៅ​ទីនោះ ។

បើ​តាម​ការ​រៀបរាប់​ពី​ព្រះ​តេជគុណ​ព្រះ​នាម អាន សំណាង ជា​ចៅអធិការ​នៅ​ក្នុង​វត្ត​នេះ មាន សង្ឃដីកា​ថា ក្នុង​វត្ត​នេះ មាន​ព្រះសង្ឃ​តែ​៤​អង្គ​ប៉ុណ្ណោះ មាន​តា​អាចារ្យ​២​នាក់ គណ​:​កម្ម​ការ​២​នាក់ ហើយ​ប្រជាពលរដ្ឋ​ចូល​ទៅ​ធ្វើបុណ្យ​នៅ​ក្នុង​វត្ត​ភាគច្រើន គឺ​នៅ​ថ្ងៃសីល ថ្ងៃ​ពេញ​បូ​ណ៌ ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ ភ្ជុំបិណ្ឌ ដែល​មាន​ពុទ្ធបរិស័ទ រស់នៅ​ក្នុងភូមិ​នោះ និង​អ្នក​រស់នៅ​ក្នុង​ទីក្រុង​មួយ​ចំនួន​ដែរ ពីព្រោះ​ជា​វត្ត​ដែល​ទើបនឹង​កសាង​ថ្មី មិនសូវ​ល្បីឈ្មោះ ហើយ​ចំពោះ​បុណ្យ​កឋិនទាន ឬ​ផ្កាប្រាក់​សាមគ្គី មិនសូវ​មាន​ពុទ្ធបរិស័ទ​ធ្វើ​ដំណើរ​មក​ពី​ចម្ងាយ បាន​ទៅ​ដល់​នោះ​ឡើយ ហើយ​ចំណូល​បាន​មក គឺ​តិចតួចស្តួចស្តើង​បំផុត ដោយ​ព្រះសង្ឃ ស្ទើរតែ​ដាច់​បាយ​ទៅ​ហើយ ។

ដូចនេះ​ការ​ទទួល​បាន​បច្ច័យ​តិចតួច ហើយ​ទើប​ការ​កសាង​ព្រះ​វិហារ ឬ​កុដិ​ដោយ​ប្រើ​ឈើ ផ្សារ​ដែក​ប្រក់​ស័ង្កសី ជួប​ការ​លំបាក​ខ្លាំង សូ​ម្បី​តែ​បច្ច័យ​ប្រើប្រាស់​សម្រាប់​ចង្ហាន់ ដែល​ទទួល​បាន​ពី​ញាតិ​ញ​ម​ក៏​មានការ​ស្តួចស្តើង​ដែរ ។ ព្រះ​តេជគុណ​សំណូមពរ ឱ្យ​សប្បុរសជន​ក្នុង និង​ក្រៅប្រទេស​ចូលរួម​បច្ច័យ ដើម្បី​កសាង​កុដិ​សាលាឆាន់​វិហារ ព្រមទាំង​ខ្លោងទ្វារ​ផង​ដែរ ព្រោះ​រាល់​ថ្ងៃនេះ​ព្រះសង្ឃ​មានការ​លំបាក​គង់នៅ ដោយ​មាន​បន្ទប់​តូច​ៗ ហើយ​ពេល​ថ្ងៃ​ក្តៅ​ម្តង​ៗ​លំបាក​ក្នុង​ការ​ទ្រាំទ្រ ។

បើ​តាម​ប្រភព​ពី​លោក សុទ្ធ សុខុម ជា​អាចារ្យ​ប្រចាំ​នៅ​ក្នុង​វត្ត​នេះ បានឱ្យ​ដឹង​ដែរ​ថា ដោយសារ គាត់​ចេះ​ផ្សារ​ដែក​ខ្លួនឯង​ទើប​ក្រោយ​ពី​ទទួល​បាន​បច្ច័យ ពី​ពុទ្ធបរិស័ទ ចំណុះ​ជើងវត្ត​បន្តិចបន្តួច លោក​ក៏​យក​ទៅ​ទិញ​ដែក ដើម្បី​ផ្សា​ធ្វើ​មេដំបូល​ប្រក់​ស័ង្កសី ឱ្យ​ព្រះសង្ឃ​គង់នៅ​បណ្តោះអាសន្ន​រង់ចាំ​មើល ការ​ប្រគេន​បច្ច័យ​ពី​បងប្អូន ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​និង​ក្រៅ​ស្រុក ។ លោក​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​ការ​ស្នាក់ នៅ​របស់​ព្រះសង្ឃ​ក្នុង​វត្ត​ខាងលើ​មានការ​លំបាក ព្រោះ​បន្ទប់​តូច​ចង្អៀត ហើយ​ព្រះសង្ឃ​ដែល​គង់នៅ​ក្នុង​វត្ត​នេះ​មិនមែន​ជា​កូន​អ្នក​ភូមិ​នេះ​ទេ គឺ​ព្រះសង្ឃ​ខ្លះមក​ពី​ខេត្តបាត់ដំបង ខ្លះមក​ពី​ក្រចេះ សម្រាប់​កូន​អ្នក​ភូមិ គឺ​មិន​ចាប់អារម្មណ៍​នឹង​បួស​ជា​ព្រះសង្ឃ​គង់នៅ​ក្នុង​វត្ត​នេះ​ឡើយ ។

បើ​និយាយ​ពី​ចង្ហាន់​វិញ នៅ​ថ្ងៃ​បុណ្យ​ទាន​អាច​មាន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​១០​ទៅ​១៥​គ្រួសារ​យក​ទៅ​ប្រគេន​ព្រះសង្ឃ​ដែរ តែបើ​នៅ​ថ្ងៃ​ធម្មតា គឺ​អត់​សូវ​មាន​ប្រជាពលរដ្ឋ​ចូល​ទៅ​ធ្វើបុណ្យ​នោះ​ឡើយ ព្រោះ​ប្រជាពលរដ្ឋ​ភាគច្រើន​ជា​អ្នក​ដាំពោត និង​ដំឡូង​មី លុះ​អត់​ទទួល​បាន​ផល ក៏​មិនសូវ​មាន​លុយ​ធ្វើបុណ្យ​ទាន​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

វប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ