ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នំ​ដោះ​ក្រមុំ​រមណីយដ្ឋាន​ពេញ​និយម​នៅ​មណ្ឌលគិរី

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ដោយសារ​ជំនឿ​ទៅ​លើ​ព្រះ​សែន​នៅ​តាម​បណ្តា​ភូមិ​នានា ក្នុង​ក្រុង​ស្រុក​ទាំង​៥​របស់​ខេត្តមណ្ឌលគិរី តែងតែមាន​ខ្ទម​អ្នកតា​ស្ទើរ​គ្រប់​ច្រកល្ហក សម្រាប់​អ្នក​ភូមិ​រៀបចំ​ពិធី​ផ្សេង​ៗ ។ បើ​ទោះជា​នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន​សម្បូរ​ខ្ទម​អ្នកតា​សម្រាប់​គោរព​បូជា​ក៏​ដោយ អ្នក​រស់នៅ​ខេត្តមណ្ឌលគិរី តែង​ជួបជុំ​គ្នា​មួយ​ឆ្នាំ​ម្តង​នៅ​ភ្នំ​ដោះ​ក្រមុំ…

ខេត្តមណ្ឌលគិរី ៖ ដោយសារ​ជំនឿ​ទៅ​លើ​ព្រះ​សែន​នៅ​តាម​បណ្តា​ភូមិ​នានា ក្នុង​ក្រុង​ស្រុក​ទាំង​៥​របស់​ខេត្តមណ្ឌលគិរី តែងតែមាន​ខ្ទម​អ្នកតា​ស្ទើរ​គ្រប់​ច្រកល្ហក សម្រាប់​អ្នក​ភូមិ​រៀបចំ​ពិធី​ផ្សេង​ៗ ។ បើ​ទោះជា​នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន​សម្បូរ​ខ្ទម​អ្នកតា​សម្រាប់​គោរព​បូជា​ក៏​ដោយ អ្នក​រស់នៅ​ខេត្តមណ្ឌលគិរី តែង​ជួបជុំ​គ្នា​មួយ​ឆ្នាំ​ម្តង​នៅ​ភ្នំ​ដោះ​ក្រមុំ ដើម្បី​ប្រារ​ព្ឋ​ពិធី​សែន​ក្របី ស្រា​ពាង និង​តង្វាយ​នានា ដល់​ម្ចាស់​ទឹកដី ។

ភ្នំ​ដោះ​ក្រមុំ​ជាទី​សក្ការៈបូជា​ដ៏​មាន​ប្រជា​ប្រិ​យិ​ភាព សម្រាប់​អ្នកទេសចរ​ដែល​ទៅ​កម្សាន្ត​នៅ​ក្នុង​ខេត្តមណ្ឌលគិរី ជា​ពិសេស​គឺ​ប្រជាពលរដ្ឋ​រស់​ក្នុង​តំបន់​នេះ​តែ​ម្តង ។ មិន​ត្រឹម​ជា​កន្លែង​គោរព​បូជា​ប៉ុណ្ណោះ​ទេ ភ្នំ​ដោះ​ក្រមុំ​ក៏​ជា​រមណីយដ្ឋាន​ធម្មជាតិ​ដ៏​ស្រល់​ត្រកាល​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ជា​ច្រើន​ម៉ឺ​នាក់​ក្នុង មួយ​ឆ្នាំ​ៗ ។ ភ្នំ​ដោះ​ក្រមុំ​ស្ថិត​នៅ​ក្នុង​សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ កើត​ឆៀង​ខាងជើង និង​មាន​ចម្ងាយ​ជាង​២​គីឡូម៉ែត្រ​ពី​ក្រុង​សែន​មនោ​រម្យ ។

ប្រសិនបើ​ធ្វើ​ដំណើរ​ចេញពី​ក្រុង​សែន​មនោ​រម្យ ឆ្ពោះទៅ​ភ្នំ​ដោះ​ក្រមុំ​ចំណាយពេល​ប្រមាណ​៥​នាទី ប្រា​ដក​ជា​បានឃើញ​ខ្លោងទ្វារ​ច្រកចូល​ស​ម្ដៅ​កំពូលភ្នំ​ជាក់​ជា​ពុំខាន ដោយ​មាន​ដាក់​ឈ្មោះ​ថា មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិ ។ បើ​ចង់​ឡើង​ដល់​កំពូលភ្នំ​ដើម្បី​គយគន់​មើល​ទេសភាព ជុំវិញ​ភ្នំ ពិសេស​គឺ​ក្រុង​សែន​មនោ​រម្យ​ទាំងមូល​មិន​ពិបាក​ទេ ព្រោះ​មន្ទីរ​សាធារណការ​ខេត្ត បាន​រៀបចំ​ផ្លូវ​ក្រាល​កៅស៊ូ​សម្រាប់​ម៉ូតូ​រថយន្ត​ធ្វើ​ដំណើរ​ឡើង​ដល់​កំពូលភ្នំ ។ ប៉ុន្តែ​ទេសចរ​ណា​មិន​ចង់​យក​យានជំនិះ​ឡើង​ទៅ អាច​ផ្ញើ​នៅ​ជើងភ្នំ រួច​បន្តដំណើរ​តាម​រយៈ​ជណ្តើរ​មាន​ប្រវែង​ប្រមាណ​ជាង​១០០​ម៉ែត្រ​តែ​ប៉ុណ្ណោះ ។ ​គ្រាន់តែ​បាន​ឡើង​ទៅ​ដល់​កំពូលភ្នំ​ភ្លាម ភ្ញៀវ​ទេសចរ​តែងតែ​រៀបចំ​អុជ​ធូប​បន់ស្រន់​ប្រាថ្នា​សុំ​សេចក្តីសុខ​សប្បាយ ផ្សេង​ៗ ទៅ​តាម​ការ​ជឿ​ជំនឿ រៀង​ៗ​ខ្លួន ។ ចំណែក​ទេសចរ​ខ្លះ​ទៀត​ចាប់​ទាញ​យក​កាមេរ៉ា​ថតរូប​អនុស្សាវរីយ៍ ។

រមណីយដ្ឋាន​ភ្នំ​ធម្មជាតិ​ដោះ​ក្រមុំ បាន​ធ្វើ​ឲ្យ​អ្នកទេសចរ​ទាំង​ចាស់​ក្មេង​បាត់​អស់​នូវ​ភាព​ស្មុគស្មាញ ក្រោយ​សម្រាក​ពី​ការងារ និង​ការ​រៀនសូត្រ ។ នៅ​លើ​កំពូលភ្នំ​មាន​សភាព​ត្រជាក់​នឹង​ខ្យល់​បក់​ខ្លាំង​ចាប់ពី​ចុងខែ​តុលា​ដល់​ពាក់កណ្តាល​ខែមីនា ។ ប្រសិនបើ​ចោល​ភ្នែក​ក្រឡេក​មើលទៅ​ប្រជុំជន​ក្រុង​សែន​មនោ​រម្យ​ពីលើ​កំពូលភ្នំ​ដោះ​ក្រមុំ នោះ​អ្នកទេសចរ​ទាំងឡាយ​ប្រា​ដក​ជា​ចម្លែក​អាម្ម​ណ៍ ព្រោះតែ​ទីក្រុង​ទាំងមូល​ហាក់បីដូចជា​កំពុង​ស្ថិត​នៅ​លើ​កាំជណ្តើរ ក៏​ព្រោះ​សណ្ឋាន​ដី​មាន​លក្ខណៈ ទាប​ខ្ពស់​ៗ ដែល​មានផ្ទះ​ខ្លះ​សាងសង់​លើ​កំពូល​ភ្លំ ខ្លះ​សង់​តាម​ជំរាល​ជើង​ភ្លំ និង​មួយ​ចំនួន​ទៀត​សង់​ជាប់មាត់​អូរ​តាម​ជ្រលង​ភ្នំ តូច​ៗ​ដែល​ជា​ប្រភព​ទឹក​ដ៏​សំខាន់ ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បើ​តាម​លោកយាយ​ពីរ​បី​នាក់​ដែល​នៅ​ចាំ​បោសសម្អាត​អាស្រម​លោកយាយ​ដោះ​ក្រមុំ បាន​និទាន​អំពី​ប្រវត្តិ​ភ្នំ​ដោះ​ក្រមុំ​តាម​ការ​តំណាល ត​ៗ​គ្នា​ថា កាលពីដើម​ភ្នំ​មួយ​នេះ​ជាក​ម្មសិ​ទ្ឋិ​របស់​លោកតា​លោកយាយ​ពីរ​នាក់​ប្តី​ប្រ​ព​ន្ឋ ពួក​គាត់​គឺជា​អ្នកមាន​ជាងគេ​ក្នុង​តំបន់​នេះ ក៏​ប៉ុន្តែ​ពួក​គាត់​ពុំ​មាន​កូនចៅ​នោះ​ទេ ។ ប្តី​ឈ្មោះ​ជី ងិ​ល ប្រ​ព​ន្ឋ​ឈ្មោះ​ជី កិល ។ ចំណែក​គូ​ដណ្តឹង​មួយគូ​ជិត​ដល់​ថ្ងៃ​រៀប​ការ ដោយ​គោរព​តាម​ប្រពៃណី​កូនកំលោះ​ឈ្មោះ​ស្រូ​ក បាន​ទៅ​រស់នៅ​បម្រើ​ផ្ទះ​ខាង​កូនស្រី​ឈ្មោះ ផ្លំ ។ កូនកំលោះ​ទៅ​ស្នាក់​នៅផ្ទះ​កូនស្រី​នោះ ចំ​រដូវ​ប្រមូល​ផល​ស្រូវ ពួក ប្រុស​ៗ​ត្រូវ​ចូល​ព្រៃរ​កកាប់​ឫស្សី យក​មក​បិត​ត្បាញ​កញ្ជើ ដើម្បី​រៀបចំ​ធ្វើ​ពិធី​សែន​ព្រលឹង​ស្រូវ តាម​ប្រពៃណី​ជនជាតិ​ព្នង ។ នាយ​ស្រូ​ក និង ប្រុស​ៗ​ក្នុងភូមិ បាន​នាំ​គ្នា​ចូល​ព្រៃ​ដើម្បី​កាប់​ឫស្សី ។ និយាយ​ពី​កូនក្រមុំ​វិញ បន្ទាប់​ពី​គូ​ដណ្តឹង​ចេញ​ទៅ​ព្រៃ​បាត់ នាង​បាន​បុកស្រូវ​រែង​យក​អង្ករ រួច​មក​ដល់​វេលា​ល្ងាច នាង​បាន​ទៅ​ដងទឹក​នៅ​ត្រពាំង​មួយ​នៅ​ក្បែ​ភូមិ ។ ពេល​នាង​កំពុង​ដងទឹក ស្រាប់តែ​មាន​ជ្រូកព្រៃ​មួយ​ក្បាល​មិនដឹង​ជា​មកពីណា បាន​ដើរ ក្រវិល​ៗ​នាង ហាក់បីដូចជា​ចង់​នាំ​នាង​ទៅ​កន្លែង​ណាមួយ ។

OLYMPUS DIGITAL CAMERA

ដោយ​មានការ​សង្ស័យ​នាង​ក្រមុំ​ផ្លំ ក៏​ដើរ​តាម​ពីក្រោយ​ជ្រូកព្រៃ​នោះ​រហូត​ដល់​មាត់ច្រក​ផ្លូវ​មួយ ស្រាប់តែ​បាត់​ស្រមោល​ជ្រូកព្រៃ​នោះ​មិនដឹង​ទៅ​ទីណា ។ នាង​ក៏​ចេះ​តែ ដើរ​ៗ​រហូត​ជួប​ប្រទះ​យាយជី កិល ។ ឃើញ​នាង​ក្រមុំ​កម្សត់​ដើរ​តែ​ម្នាក់ និង​មិន​ស្គាល់​ពី​មុន​មក យាយជី កិល បាន​សួរនាំ​នាង​ក្រមុំ ក៏​បានដឹង​ដំណើររឿង​សព្វគ្រប់​ថា​ពិតជា​ជ្រូក​នោះ​នាំ​នាង​វង្វេងផ្លូវ ។ ដោយ​ការ​អាណិតអាសូរ​បូក​រួម​គាត់​ពុំ​មាន​កូ​ចៅ​ផង​នោះ យាយជី កិល បាន​នាំ​នាង​ផ្លំ ទៅ​នៅផ្ទះ​ជាមួយ​ទុកដូចជា​កូនបង្កើត និង​បាន​រៀបរាប​ប្រាប់​ដល់​តាជី ងិ​ល ជា​ប្តី​តាម​ដំណើរ​ដើមទង ។ និយាយ​ពី​កំលោះ​ស្រូ​ក វិញ បន្ទាប់​ពី​កាប់​ឫស្សី បាន​រួចរាល់ ហើយ​ត្រលប់​មក​ផ្ទះ​វិញ ក៏​ត្រូវ​បងប្អូន​ប្រាប់​ថា នាង​ផ្លំ ជា​គូ​ដណ្តឹង​បាន​បាត់​ខ្លួន​ហើយ ។ ដោយ​មិន​អស់ចិត្ត​នាយ​ក៏​បាន​ទៅ​តាម​រក​នៅ​ត្រពាំង​ដែល​នាង​ផ្លំ​ទៅ​ដងទឹក តែ​រក​ពុំ​ឃើញ​សោះ ឃើញ​តែ​ជ្រូកព្រៃ​មួយ​ក្បាល​ដើរ​ជុំវិញ​នាយ ។ នាយ​ក៏​ដើរ​តាម​ជ្រូកព្រៃ​នោះ​។ ក្រោយ​ពី​បាន​ដើរ​តាម​ជ្រូកព្រៃ​នោះ​អស់យ៉ាង​យូរ​មក នាយ​ស្រូ​ក ក៏​បាន​ជួប​នាង​ផ្លំ ជា​គូ​ដណ្តឹង ។

យាយ​តា បាន​រៀបចំ​ពិធី​មង្គលការ​តាម​ប្រពៃណី​របស់​ជនជាតិ​ព្នង និង​ប្រគល់​ទ្រព្យសម្បត្តិ​ទាំងអស់​ទៅ​នាយ​ស្រូ​ក និង​នាង​ផ្លំ ។ បន្ទាប់​ពី​រស់នៅ​ជាមួយ​គ្នា​អស់​ពេល​យ៉ាង​យូរ​កន្លង​មក អ្នក​ទាំង​ពីរ​បាន​ឈឺ​ចាស់​ស្លាប់​រៀង​ៗ​ខ្លួន ដោយ​ភ្នំ​នោះ​ជាក​ម្មសិ​ទិ្ឋ​របស់​តា​ស្រូ​ក យាយ​ផ្លំ អ្នកស្រុក​អ្នក​ភូមិ​ក៏​បាន​ដាក់​ឈ្មោះ​ភ្នំ​នោះ​ថា ភ្នំ​ស្រូ​ក​ផ្លំ ប៉ុន្តែ​បច្ចុប្បន្ន​ភ្នំ​នេះ​ត្រូវ​បាន​អ្នកស្រុក​ប្តូរ​ឈ្មោះ​ថា ភ្នំ​ដោះ​ក្រមុំ​វិញ ។ កាលពីមុន​នៅ​លើ​ភ្នំ​នេះ​ពុំ​ទាន់​មាន​អាស្រម​និង​រូបសំណាក​ទេ តែ​ដោយ​អ្នកស្រុក​ដែល​ទៅ​បន់ស្រន់​ចេះ​តែ​សមប្រកប​តាម​ប្រាថ្នា​នោះ គេ​បាន​សាងសង់​អាស្រម​ពី​ថ្ម​ប្រក់​ស៊ី​ប្រ៊ូ​ស៊ីម៉ង់ត៍​កាលពី​អំឡុង​ឆ្នាំ​២០០៤ រួចរាល់​នៅ​ឆ្នាំ​២០១០ ហើយ​មាន​អាស្រម​ពីរ មួយ​មានឈ្មោះ អាស្រម​លោកយាយ​ផ្លំ និង​អាស្រម​លោកតា​ស្រូ​ក ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ